លោកប្រធានាធិបតី Kassym-Jomart Tokaev អញ្ជញប្រគល់គ្រឿងឥស្សរិយយសមិត្តភាព Dostyk ថ្នាក់ទី ១ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម (រូបថត៖ Van Hieu/VOV)

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្សតូ ឡឹម បានបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគី ដោយភាគីទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនង វៀតណាម-កាហ្សាក់ស្ថានទៅជាដៃគូយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ការបង្កើតក្របខណ្ឌទំនាក់ទំនងថ្មីនឹងរួមចំណែករឹតបន្តឹងការតភ្ជាប់ចំនួន ៥ រវាងប្រទេសទាំងពីរ រួមមាន៖ ការតភ្ជាប់ប្រជាជនជាមួយប្រជាជន ការតភ្ជាប់សេដ្ឋកិច្ច ការតភ្ជាប់គោលនយោបាយ ការតភ្ជាប់ការដឹកជញ្ជូន និងការតភ្ជាប់អន្តរតំបន់។

ទិដ្ឋភាពនៃពិធីប្រគល់គ្រឿងឥស្សរិយយស (រូបថត៖ Van Hieu/VOV)

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី Tokaev បានព្រមព្រៀងគ្នាក្នុងការបន្តពង្រឹងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាយោធា; ឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពរួម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាល ២០២៣-២០២៥ កសាងទិសដៅដល់ឆ្នាំ ២០៣០ និងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

លោកអគ្គលេខាបក្ស តូ ឡឹម ស្នើឲ្យភាគីកាហ្សាក់ស្ថានជំរុញការបង្កើតការិយាល័យតំណាងពាណិជ្ជកម្មវៀតណាមនៅកាហ្សាក់ស្ថាន និងក្រុមប្រឹក្សាធុរកិច្ចវៀតណាម-កាហ្សាក់ស្ថាន សំដៅជំរុញពាណិជ្ជកម្ម ជំរុញការវិនិយោគ និងការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ (រូបថត៖ Van Hieu/VOV)

បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានាធិបតី Kassym-Jomart Tokayev បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសមិត្តភាព Dostyk ថ្នាក់ទី ១ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម។ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ថាមពល អាកាសចរណ៍ វប្បធម៌និងកីឡា សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-កាហ្សាក់ស្ថាន។

សេចក្តីថ្លែងការណ៍បានអះអាងថា ប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយនិងការទូត; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងយុត្តិធម៌; ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការដឹកជញ្ជូន ថាមពល។ល។