អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ៣ ឧសភា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ការិយាល័យនយោបាយ និងគណៈលេខាបានបើកកិច្ចប្រជុំផ្តល់យោបល់អំពីស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ១១ អាណត្តិទី ១៣ សេចក្ដីសន្និដ្ឋានរបស់ការិយាល័យនយោបាយ និងគណៈលេខាស្តីពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់។ អញ្ជើញចូលរួមកិច្ចប្រជុំក៏មានវត្តមានលោកប្រធានរដ្ឋ លឿង គឿង និងលោកប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ការិយាល័យនយោបាយ និងគណៈលេខាបានតម្រង់ទិសដោយទាន់ពេលវេលានូវគោលជំហរនិងភារកិច្ចជាក់លាក់; គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់និងស្ថាប័នមានសមត្ថកិច្ចបានចេញផ្សាយឯកសារណែនាំគ្រប់គ្រាន់ និងបទប្បញ្ញត្តិលម្អិត បង្កើតច្រករបៀងផ្លូវច្បាប់អំណោយផលសម្រាប់មូលដ្ឋានរៀបចំការអនុវត្ត។ ការងារនេះបានទទួលការស្រុះចិត្តគំនិតនិងការគាំទ្រខ្ពស់ពីកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់មជ្ឈដ្ឋានចំពោះគោលជំហររៀបចំក្បាលម៉ាស៊ីនដឹកនាំ អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងការរៀបចំគំរូអាជ្ញាធរមូលដ្ឋាន ២កម្រិត។ អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖
“ខ្ញុំស្នើឱ្យគណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់ជាន់ថ្នាក់ ដឹកនាំការរៀបចំមហាសន្និបាតបក្ខភាគថ្នាក់មូលដ្ឋាន និងត្រៀមរៀបចំមហាសន្និបាតបក្ខភាគថ្នាក់ខេត្ត ដើម្បីធានាបាននូវវឌ្ឍនភាព និងតម្រូវការស្របសារាចរណ៍លេខ ៤៥ របស់ការិយាល័យនយោបាយ ដោយយកចិត្តទុកដាក់បំពេញឲ្យបានល្អនូវការរៀបចំឯកសារនិងបុគ្គលិកនៅមូលដ្ឋានដែលច្របាច់បញ្ចូលគ្នា។ បំពេញឲ្យបានល្អនូវការងារនយោបាយ មនោគមវិជ្ជា សម្រាប់កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិកនិងបុគ្គលិកនៅតាមស្ថាប័ន និងអង្គភាព; អនុវត្តន៍យ៉ាងហ្មត់ចត់ គ្រប់គ្រាន់ និងត្រឹមត្រូវនូវបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិក និងបុគ្គលិកដែលរងផលប៉ះពាល់ដោយដំណើរការរៀបចំ”៕


