មុននោះ នាយប់ថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ P4G នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានធ្វើជាអធិបតីសម័យប្រជុំពិភាក្សាជាន់ខ្ពស់ដោយប្រធានបទ “ការធ្វើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់យកមនុស្សធ្វើជាស្នូល” ដោយមានការចូលរួមពីប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសនិងអង្គការអន្តរជាតិ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល P4G។ (រូបថត៖ VOV)

អញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំកំពូល P4G លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖

“ការកសាងសមត្ថភាពសេដ្ឋកិច្ចបៃតងរួមមាន៖ ប្រព័ន្ធហិរញ្ញវត្ថុដែលគាំទ្រវិស័យសេដ្ឋកិច្ចបៃតង ដោយសេដ្ឋកិច្ចវិលជុំដើរតួនាទីគន្លឹះ; បច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ដើរតួនាទីស្នូលក្នុងការបង្កើនប្រសិទ្ធភាពធនធាន និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិបៃតង និងការតភ្ជាប់ពហុវិស័យ និងពហុកម្មវត្ថុ។ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការតភ្ជាប់គ្នារវាងវិស័យនានា រវាងរដ្ឋាភិបាល សហគ្រាស និងអង្គការសង្គម ពិតជាចាំបាច់ដើម្បីជួយបង្កើនប្រសិទ្ធភាពដំណើរការចែករំលែកបទពិសោធន៍ ធ្វើអាជីវកម្មធនធានរួម សម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រផ្នែកហិរញ្ញវត្ថុ”។

ដើម្បីជំរុញដំណើរការបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន វៀតណាមស្នើឲ្យ P4G បន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងវិស័យទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីជំរុញថែមទៀតការរួមចំណែកនៃវិស័យសេដ្ឋកិច្ចទាំងអស់ក្នុងការសម្រេចបានអនាគតបៃតងសម្រាប់ទាំងអស់គ្នា។ ក្រៅពីនោះ សហគមន៍អន្តរជាតិត្រូវរួមដៃគ្នា និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅ និងការសន្យាលើបរិវត្តកម្មបៃតងប្រកបដោយនិរន្តរភាព ប្រកាន់យកមនុស្សធ្វើជាស្នូល៕