រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថត៖ Kyodo/TTXVN)

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ "Liang Hui" ដែលធ្វើឡើងនៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចរួមជាមួយបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីបង្កើនកិច្ចសន្ទនា ដោះស្រាយភាពខុសគ្នា និងសម្រេចបានសំឡេងរួម ហើយឆាប់ឈានដល់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដើម្បីនាំសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។

លោករដ្ឋមន្ត្រី Wang Yi បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា សមុទ្រខាងកើតនៅតែរក្សាបានសន្តិភាពនិងស្ថិរភាព ហើយជាតំបន់សមុទ្រប្រកបដោយសុវត្ថិភាព និងមមាញឹកបំផុតក្នុងពិភពលោក សម្រាប់សកម្មភាពដឹកជញ្ជូនសមុទ្រនិងអាកាសចរណ៍។ បើយោងតាមលោករដ្ឋមន្ត្រី Wang Yi ដើម្បីសម្រេចបាននូវទំនាក់ទំនងជាអ្នកជិតខាងសន្តិភាព និងស្ថិរភាពយូរអង្វែងនៅសមុទ្រខាងកើត ចាំបាច់ត្រូវមានការជឿទុកចិត្ត និងឈរលើនីតិរដ្ឋ; ប្រការ សំខាន់បំផុតគឺការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាង COC។ លោករដ្ឋមន្ត្រី Wang Yi បានសង្កត់ធ្ងន់ថា ដំណើរការពិគ្រោះយោបល់លើ COC កំពុងត្រូវបានពន្លឿន ហើយជុំអានឯកសារ COC លើកទីបីត្រូវបានបង្ហើយរួចជាស្រេច៕