ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev និងលោកជំទាវ Desislava Radeva បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
(រូបថត៖ VNA)

នារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev និងលោកជំទាវ Desislava Radeva បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៨ វិច្ឆិកា។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងក្រោយរយៈពេល ១១ ឆ្នាំរបស់ប្រធានាធិបតីប៊ុលហ្គារី ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់លោក Rumen Radev ក្នុងឋានៈជាប្រធានាធិបតីផងដែរ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ប៊ុលហ្គារីមានការអភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យភាគច្រើន។ ទាក់ទងនឹងវិស័យនយោបាយ និងការទូត ប៊ុលហ្គារីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមក្នុងឆ្នាំ ១៩៥០។ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេសថ្នាក់ជាន់ខ្ពស់ ហើយបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងដំណាក់កាល ២០២១-២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានចំនួន ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលកើនឡើងជិតទ្វេដងបើធៀបនឹងដំណាក់កាល ២០១៩-២០២០៕