លោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម ជូនសារតាំងដល់លោកប្រធានរដ្ឋ លឿង គឿង។ (រូបថត៖ VOV)

អបអរសាទរលោកស្រី Gillian Bird ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង ជឿជាក់ថា លោកស្រីឯកអគ្គរដ្ឋទូតនឹងមានអាណត្តិបេសកកម្មប្រកបដោយជោគជ័យជាមួយនឹងការរួមចំណែកសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានអញ្ជើញអគ្គទេសាភិបាលអូស្ត្រាលីមកបំពេញទស្សនកិច្ចនៅវៀតណាមតាមពេលវេលាសមស្រប។

កអគ្គរដ្ឋទូតដូមីនីក លោក Reinaldo Rafael Espinal Nunez ជូនសារតាំងដល់លោកប្រធានរដ្ឋ លឿង គឿង។ (រូបថត៖ VOV)

ទទួលជួបឯកអគ្គរដ្ឋទូតដូមីនីក លោក Reinaldo Rafael Espinal Nunez លោកប្រធានរដ្ឋ លឿង គឿង បានមានប្រសាសន៍ថា វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ បង្កើនជំនឿទុកចិត្តខាងនយោបាយ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដើម្បីបំពេញសក្តានុពល និងតម្រូវការរបស់ភាគីទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន។

លោក Azeddine Bechka ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម ជូនសារតាំងដល់លោកប្រធានរដ្ឋ លឿង គឿង។ (រូបថត៖ VOV)

អបអរសាទរចំពោះលោក Azeddine Bechka ដែលបានតែងតាំងជាឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមគោរពទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយអាល់ហ្សេរី ដែលជាដៃគូមិត្តភាពប្រពៃណីដ៏ជ្រាលជ្រៅបំផុតរបស់វៀតណាមនៅអាហ្វ្រិក។ លោកប្រធានរដ្ឋចាត់ទុកថា វៀតណាម និងអាល់ហ្សេរីគួរតែពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ។

ទទួលជួបលោក Fernando Miguel ឯកអគ្គរដ្ឋទូតអង់ហ្គោឡាប្រចាំនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការនេសាទ ឧស្សាហកម្មកែច្នៃ ទូរគមនាគមន៍ ការផ្លាស់ប្តូរឌីជីថល ការអប់រំ បណ្តុះបណ្តាល និងសុខាភិបាល... ជាមួយអង់ហ្គោឡាលើបណ្តាញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី៕