ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលក្រុង លោក Halsema បានឲ្យដឹងថា មុខសញ្ញាប្រឆាំងនឹងជនជាតិជ្វីហ្វ បានវាយប្រហារនិងវាយដំភ្ញៀវទេសចរម្នាក់នៅទីក្រុង Amsterdam បន្ទាប់មកបានរត់គេចខ្លួន។ យោងតាមមន្ត្រីរូបនេះអំពើហិង្សាដែលបានផ្ទុះឡើងនៅយប់ថ្ងៃទី ៧ ខែវិច្ឆិកានៅទីក្រុង Amsterdam គឺជាផ្នែកមួយនៃរលកប្រឆាំងជនជាតិជ្វីហ្វ ដែល"មិនធ្លាប់មានពីមុនមក" នៅក្នុងទីក្រុងនេះ។
ទន្ទឹមនឹងនេះ នៅលើបណ្តាញសង្គម X ប៉ូលីសទីក្រុង Amsterdam បានឲ្យដឹងថា មនុស្ស ៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្ស ៦២ នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ។
នៅយប់ថ្ងៃទី ៧ ខែវិច្ឆិកា ការប្រកួតបាល់ទាត់រវាងក្រុម Ajax Amsterdam (ហូឡង់) និងក្រុម Maccabi Tel Aviv (អ៊ីស្រាអែល) ក្នុងក្របខ័ណ្ឌ Europa League ត្រូវបានគ្របដណ្ដប់ដោយស្រមោលនៃអំពើហឹង្សា នៅពេលដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងអ្នកគាំទ្រនៃក្រុមក្រៅផ្ទះនិងក្រុមអ្នកគាំទ្រប៉ាឡេស្ទីន។ បច្ចុប្បន្ន មិនមានព័ត៌មានជាក់លាក់ណាមួយអំពីការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅខាងក្រៅពហុកីឡាដ្ឋាន Johan Cruyff Arena ក្នុងទីក្រុង Amsterdam នោះទេ។
អង្គការសហប្រជាជាតិកាលពីថ្ងៃទី ៨ វិច្ឆិការ បានសម្តែងការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នានៅទីក្រុង Amsterdam ហើយបានថ្កោលទោសការរើសអើង ឬអំពើហិង្សាដោយផ្អែកលើប្រភពដើមជាតិ សាសនា និងជាតិសាសន៍។ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen នៅថ្ងៃដដែលក៏បានថ្កោលទោសការវាយប្រហារដែលលោកស្រីចាត់ទុកថា “មិនអាចទទួលយកបានឡើយ”៕
