ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ ទន្ទឹមនឹងទំនាក់ទំនងទ្វេភាគី មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងបំណងប្រាថ្នាសម្រាប់ "សម្ព័ន្ធភាពស្ម័គ្រចិត្ត" ដែលបណ្តាប្រទេសអឺរ៉ុបគ្រោងដាក់ពង្រាយដើម្បីផ្តល់ការគាំទ្រផ្នែកសន្តិសុខដល់អ៊ុយក្រែននាពេលអនាគត នៅពេលដែលភាគីនានាឈានដល់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអូស្ត្រាលីបានឲ្យដឹងថា ប្រទេសរបស់លោកនឹងបញ្ជូនអ្នកតំណាងទៅប្រទេសបារាំងនៅសប្តាហ៍នេះ ដើម្បីជួបជាមួយមេដឹកនាំយោធាមកពីប្រទេសប្រហែល ២០ សំដៅពិភាក្សាអំពីក្រុមចម្រុះរក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Albanese ក៏បានសង្កត់ធ្ងន់ថា ទាំងប្រទេសរបស់លោក និងអង់គ្លេស គាំទ្រអ៊ុយក្រែន ប៉ុន្តែមិនអាចមានកម្លាំងរក្សាសន្តិភាពទេ ពេលមិនទាន់មានសន្តិភាព។ មុននោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសថា ប្រទេសខ្លួននឹងពិចារណាលើសំណើបញ្ជូនទាហានទៅចូលរួមក្នុងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន។
យោងតាមផែនការ ប្រធានាធិបតីបារាំង Emmanuel Macron នឹងកោះហៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងមេដឹកនាំយោធានៅទីក្រុងប៉ារីស នៅថ្ងៃទី ១២ ខែមីនា ដើម្បីពិភាក្សាលម្អិតអំពីជំហានដើម្បីបង្កើត "សម្ព័ន្ធភាពស្ម័គ្រចិត្ត"៕
