នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៦ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" និងបានអំពាវនាវឱ្យប្រទេសទាំងពីរ "អនុវត្តការអត់ធ្មត់ជាអតិបរមា" ។ អង្គការសហប្រជាជាតិជឿថា ពិភពលោកសព្វថ្ងៃនេះមិនអាចទទួលយកការប្រឈមមុខដាក់គ្នាខាងយោធារវាងឥណ្ឌា និងប៉ាគីស្ថាន ដែលជាមហាអំណាចអាវុធនុយក្លេអ៊ែរពីរនោះទេ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖ "ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថានគឺស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ហើយខ្ញុំមានការខ្លោចផ្សាយ៉ាងខ្លាំងនៅពេលមើលឃើញទំនាក់ទំនងនេះ កាន់តែពុះកញ្ជ្រោលដូចបច្ចុប្បន្ន។ ដូច្នេះហើយ ប្រការដ៏ចាំបាច់នៅពេលនេះ គឺចៀសវាងការប្រឈមមុខដាក់គ្នាខាងយោធាដែលអាចនឹងហូសពីការគ្រប់គ្រង។ បច្ចុប្បន្ន ត្រូវអនុវត្តការអត់ធ្មត់ជាអតិបរមា និងដើរថយក្រោយពីគែមនៃសង្រ្គាម"។

វិហារអ៊ីស្លាមមួយកន្លែងនៅទីក្រុង Muzaffarabad តំបន់ Kashmir ផ្នែកដែលគ្រប់គ្រងដោយប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហាររបស់ឥណ្ឌាកាលពីព្រឹកព្រលឹមថ្ងៃទី ៧ ឧសភា។ រូបថត៖ Reuters

ទាក់ទិននឹងការវាយប្រហារដោយកងទ័ពឥណ្ឌាកាលពីយប់ថ្ងៃទី៦ ឧសភា លើតំបន់ Jammu & Kashmir ផ្នែកដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងខេត្ត Punjab ភាគខាងកើតប៉ាគីស្ថាន សេចក្តីរាយការណ៍ថ្មីបំផុតពីអាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា ចំនួនអ្នកស្លាប់គិតត្រឹមព្រឹកថ្ងៃទី ៧ ឧសភា គឺ ៨ នាក់ បាត់ខ្លួន ២នាក់ និង ៣៥ នាក់ទៀតរងរបួស។ ប៉ាគីស្ថានក៏បានអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន ៥ គ្រឿង។ កងទ័ពឥណ្ឌាមិនបានបញ្ជាក់ពីព័ត៌មាននេះទេ ប៉ុន្តែបានឲ្យដឹងថា យ៉ាងហោចណាស់មានយន្តហោះចម្បាំងមួយគ្រឿងបានធ្លាក់នៅក្នុងតំបន់ Kashmir ផ្នែកដែលគ្រប់គ្រងដោយឥណ្ឌា ប៉ុន្តែអ្នកបើកបរត្រូវបានជួយសង្គ្រោះ។

ជម្លោះបច្ចុប្បន្ន រវាងឥណ្ឌា និងប៉ាគីស្ថានបានផ្ទុះឡើងបន្ទាប់ពីឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានជាអ្នកនៅពីក្រោយក្រុមភេរវករដែលបានធ្វើការវាយប្រហារកាលពីថ្ងៃទី២២មេសានៅទីក្រុង Pahalgam ក្នុងទឹកដី Jammu & Kashmir ផ្នែកដែលគ្រប់គ្រងដោយឥណ្ឌា បណ្ដាលឲ្យមនុស្ស ២៦ នាក់បានស្លាប់ បើទោះបីភាគីប៉ាគីស្ថានបានច្រានចោលវា៕