អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul Gheit បានហៅការវាយប្រហារនេះជា "អំពើអមនុស្សធម៌" ដោយចោទប្រកាន់មេដឹកនាំអ៊ីស្រាអែលថា "ប្រថុយជីវិតចំណាប់ខ្មាំងនិងជនស៊ីវិលប៉ាឡេស្ទីន ដើម្បីផលប្រយោជន៍នយោបាយ"។

អ្នកសម្រុះសម្រួលសម្រាប់ជម្លោះនៅតំបន់ហ្គាហ្សា គឺអេហ្ស៊ីប និងកាតា បានចេញសេចក្តីប្រកាសដោយថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដោយចាត់ទុកការវាយប្រហារនេះជាការរំលោភលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

រូបភាព៖ TTXVN

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការទម្លាក់គ្រាប់បែកដោយផ្ទាល់ទៅលើតំបន់លំនៅដ្ឋានរបស់ជនស៊ីវិលដែលគ្មានអាវុធ របស់កងកម្លាំងអ៊ីស្រាអែល។

ក្រសួងការបរទេសទួរគីបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាគឺជា "ដំណាក់កាលថ្មីនៅក្នុងគោលនយោបាយប្រល័យពូជសាសន៍" ប្រឆាំងនឹងប៉ាឡេស្ទីនដែលគំរាមកំហែងដល់អនាគតនៃមជ្ឈិមបូព៌ា ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ដើម្បីធានាឱ្យមានបទឈប់បាញ់ និងជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់តំបន់ហ្គាហ្សា។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានអំពាវនាវឱ្យអ៊ីស្រាអែលគោរពបទឈប់បាញ់ ស្ដារជំនួយមនុស្សធម៌ដែលគ្មានការរារាំងនិងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ដោយគ្មានលក្ខខណ្ឌ៕