អញ្ជើញចូលរួម មានលោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន សមាជិករដ្ឋសភា តំណាងអង្គទូត និងអង្គការអន្តរជាតិនានា។ សម័យបើកត្រូវបានផ្សាយផ្ទាល់ដោយវិទ្យុសំឡេងវៀតណាម និងទូរទស្សន៍វៀតណាម ដើម្បីឲ្យអ្នកបោះឆ្នោត និងប្រជាជនបានតាមដាន។
សម័យប្រជុំលើកទី៩ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ បានបើកយ៉ាងឱឡារិក នាព្រឹកថ្ងៃទី៥ ឧសភា នៅទីក្រុងហាណូយ។ (រូបថត៖ quochoi.vn) |
អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិចារណា និងសម្រេចលើខ្លឹមសារចំនួន ៥៤ ស្តីពីការងាររដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិ។ ក្នុងនោះ ពិចារណា និងសម្រេចធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ រដ្ឋសភាក៏នឹងពិចារណា និងអនុម័តលើច្បាប់ចំនួន ៣៤ សេចក្តីសម្រេចចិត្តចំនួន ១១ និងផ្តល់យោបល់បឋមលើសេចក្តីព្រាងច្បាប់ចំនួន ៦ ផងដែរ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖
“សម័យប្រជុំលើកទី៩ នឹងពិចារណា និងអនុម័តលើសេចក្តីសម្រេចចិត្តស្ដីពីការវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ នេះជាភារកិច្ចមានលក្ខណៈយុទ្ធសាស្ត្រទាំងផ្នែកនយោបាយនិងគតិយុត្តិ សំដៅធ្វើស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរសំខាន់ៗរបស់បក្ស ជាពិសេសលើការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋ តាមទិសដៅ “បង្រួម សមត្ថភាព ប្រសិទ្ធភាព ជិតស្និទ្ធជាមួយប្រជាជន ច្បាមជាប់ស្ថានភាពជាក់ស្ដែង”។ ជាពិសេស នឹងធ្វើប្រជាមតិឲ្យបានទូលំទូលាយ ធ្វើជាមូលដ្ឋានដើម្បីស្រាវជ្រាវ ក្រេបយក និងកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ដើម្បីប្រកាសឲ្យទាន់ពេលវេលានិងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥”។
សម័យប្រជុំលើកទី៩ គឺជាសម័យប្រជុំជាប្រវត្តិសាស្ត្រ ដោយអនុវត្តន៍របកគំហើញខាងស្ថាប័ន។ (រូបថត៖ quochoi.vn) |
ទាក់ទងនឹងសេដ្ឋកិច្ចសង្គម និងថវិការដ្ឋ ក្នុងសម័យប្រជុំលើកនេះ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានមានប្រសាសន៍ថា៖
“រដ្ឋសភានឹងចំណាយពេលវេលាដើម្បីពិនិត្យមើលរបាយការណ៍សំខាន់ៗរបស់រដ្ឋាភិបាល ដោយខិតខំសម្រេចបានកំណើន ៨% នៅឆ្នាំ ២០២៥ និងកំណើនពីរខ្ទង់នៅឆ្នាំបន្ទាប់។ រដ្ឋសភាក៏នឹងពិចារណា និងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការច្របាច់បញ្ចូលគ្នានូវអង្គភាពរដ្ឋបាលថ្នាក់ខេត្ត; បង្កើតក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត; សម្រេចកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ សម័យប្រជុំលើកទី៩ គឺជាសម័យប្រជុំជាប្រវត្តិសាស្ត្រ ដោយអនុវត្តន៍របកគំហើញខាងស្ថាប័ន”។
បន្ទាប់ពីសុន្ទរកថាបើកសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៥ របស់ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន តាងនាមរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបង្ហាញរបាយការណ៍វាយតម្លៃបន្ថែមអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ និងស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានខែដើមឆ្នាំ ២០២៥៕


