ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu។ (រូបថត៖ VOV - Tokyo) |
យោងតាមលោកឯកអគ្គរដ្ឋទូត Pham Quang Hieu ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុននៅវៀតណាមលើកនេះ មានអត្ថន័យសំខាន់ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Ishiba Shigeru មកវៀតណាម បន្ទាប់ពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក”។ នេះមិនត្រឹមតែជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមកប៉ុណ្ណោះទេ ថែមទាំងសំខាន់ជាងនេះទៅទៀត ភាគីទាំងពីរនឹងផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងជាក់ស្ដែង ដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីនៅក្នុងយុគសម័យថ្មី។ លោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានមានប្រសាសន៍ថា៖
“ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Ishiba Shigeru លើកនេះ នឹងបង្កើតសន្ទុះថ្មីដ៏ខ្លាំងក្លាសម្រាប់ទំនាក់ទំនងទ្វេភាគី ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយ និងទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ឯកភាពលើទិសដៅយុទ្ធសាស្ត្រយូរអង្វែងសំខាន់ៗសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មី។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា នឹងសម្រេចបានលទ្ធផលជាក់លាក់ជាច្រើន ដោយការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ”៕

