ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានឲ្យដឹងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកអគ្គលេខាបក្ស តូឡឹម ទៅកាន់ប្រទេសម៉ាឡេស៊ីលើកនេះ មានសារសំខាន់ណាស់នៅពេលដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងសន្តិសុខ ការពារជាតិ កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងវិស័យមួយចំនួនទាក់ទងនឹងអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល។

អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូឡឹម និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បានអញ្ជើញជាសហអធិបតីនៃសន្និសីទសារព័ត៌មាន។ រូបថត៖ VOV

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូឡឹម បានឲ្យដឹងថា ភាគីទាំងបានសន្យាគាំទ្រគ្នាទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ បន្តបង្រួបបង្រួមនិងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពនិងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយ ស្របតាមស្ថានភាពសេដ្ឋកិច្ច សង្គម ច្បាប់និងបទប្បញ្ញត្តិនៃប្រទេសនីមួយៗ។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើការសន្យាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយជម្លោះដោយសន្តិវិធី មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង ស្របតាមគោលការណ៍ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមបន្តគាំទ្រតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ របស់ម៉ាឡេស៊ី ដោយអះអាងសារជាថ្មីនូវការសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ីនិងបណ្តាប្រទេសសមាជិកអាស៊ាន ឆ្ពោះទៅរកការអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥៕