សេចក្តីប្រាថ្នាដ៏ធំធេងរបស់សហគមន៍ធុរកិច្ចបច្ចេកវិទ្យាឌីជីថលវៀតណាម

(VOVWORLD) - សមាគមផ្នែកទន់និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) នាថ្ងៃទី ២២ ខែកញ្ញា កន្លងទៅបានប្រកាស និងលើកតម្កើងសហគ្រាសបច្ចេកវិទ្យាឌីជីថលឈានមុខគេទាំង១០នៅវៀតណាមឆ្នាំ ២០២៣។ អស់រយៈពេលមួយទសវត្សរ៍កន្លងមក កម្មវិធីបានឃើញពីការរីកចម្រើនគួរឲ្យកត់សម្គាល់នៃឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាម។ សហគ្រាសឌីជីថល ជាមួយនឹងផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាឌីជីថល បានបង្កើតកម្លាំងចលករនិងការបំផុសគំនិតដ៏ខ្លាំងក្លាសម្រាប់សហគមន៍ធុរកិច្ចបច្ចេកវិទ្យាវៀតណាម ជំរុញដំណើរការផ្លាស់ប្តូរឌីជីថលជាតិ។
សេចក្តីប្រាថ្នាដ៏ធំធេងរបស់សហគមន៍ធុរកិច្ចបច្ចេកវិទ្យាឌីជីថលវៀតណាម - ảnh 1ពិធីប្រកាស និងលើកតម្កើងសហគ្រាសបច្ចេកវិទ្យាឌីជីថលឆ្នើមទាំង ១០ នៅវៀតណាមឆ្នាំ ២០២៣។ រូបថត៖ ក្រសួងព័ត៌មាន និងទផ្សព្វផ្សាយ

យោងតាមការធ្វើស្ថិតិរបស់ VINASA សហគ្រាសឌីជីថលវៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាដែលមានសហគ្រាសចំនួនជាង ៧ម៉ឺនពាន់អង្គភាព។ ប្រាក់ចំណូលនៃផ្នែកបច្ចេកវិទ្យាព័ត៌មានក្នុងឆ្នាំ ២០២២ មានចំនួន ១៤៨ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៤ ដងបើធៀបនឹង ១០ ឆ្នាំមុន (២០១២)។ ធនធានមនុស្សក្នុងវិស័យនេះក៏កាន់តែកើនឡើងៗផងដែរ ដោយមានចំនួនសរុបជាង ៣០ ម៉ឺននាក់។ ក្នុងនោះប្រាក់ចំណូលសរុបកាលពីឆ្នាំមុនរបស់បណ្ដាសហគ្រាស ដែលត្រូវបានលើកតម្កើងជាសហគ្រាសបច្ចេកវិទ្យាឌីជីថលកំពូលទាំង ១០ របស់វៀតណាមនៅឆ្នាំនេះ សម្រេចបានជាង ៧ ពាន់លានដុល្លារអាមេរិក ស្រូបយកជិត ៤៤% នៃប្រាក់ចំណូលសរុបនៃឧស្សាហកម្មផ្នែកទន់និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាមក្នុងឆ្នាំ២០២២។

សេចក្តីប្រាថ្នាដ៏ធំធេងរបស់សហគមន៍ធុរកិច្ចបច្ចេកវិទ្យាឌីជីថលវៀតណាម - ảnh 2លោកស្រី Nguyen Thi Thu Giang អនុប្រធាននិងជាអគ្គលេខាធិកាសមាគមផ្នែកទន់និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម

យោងតាមលោកស្រី Nguyen Thi Thu Giang អនុប្រធាននិងជាអគ្គលេខាធិកាសមាគមផ្នែកទន់និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម បានឲ្យដឹងថា ក្រោយពីបានរៀបចំឡើង ៩ ដង កម្មវិធីបោះឆ្នោតនិងលើកតម្កើងសហគ្រាសបច្ចេកវិទ្យាឌីជីថលឈានមុខគេ បានឃើញពីការរីកចម្រើនគួរឲ្យកត់សម្គាល់នៃឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល ព្រមទាំងអុជឡើងសេចក្ដីប្រាថ្នាផ្លាស់ប្តូរឌីជីថលរបស់សហគ្រាសវៀតណាម៖ “យើងខ្ញុំរួមដំណើរជាមួយរដ្ឋាភិបាលក្នុងកម្មវិធីអភិវឌ្ឍន៍សហគ្រាសឌីជីថលវៀតណាម។ តាមនោះ រកឃើញសហគ្រាសដែលមានសក្តានុពលជាមួយនឹងផលិតផលបច្ចេកវិទ្យាល្អ និងសមត្ថភាពបច្ចេកវិទ្យាដ៏ខ្លាំង ដើម្បីបន្តបណ្តុះនិងអភិវឌ្ឍន៍”។

កម្មវិធីលើកតម្កើងឆ្នាំនេះបានមើលឃើញរឿងរ៉ាវបំផុសគំនិតជាច្រើនអំពីការផ្លាស់ប្តូរឌីជីថល។ នោះគឺ Viettel Solutions ដែលបានសាងសង់មជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃ IOC ចំនួន ៣៦ ដោយអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលសម្រាប់ខេត្ត-ក្រុងចំនួន ៣២ កន្លែង។ OneMount Group កំពុងផ្លាស់ប្តូរឌីជីថលសម្រាប់ ហាងលក់ទំនិញជាង ១០ ម៉ឺន ជួយការផ្លាស់ប្តូរឌីជីថលជ្រាបចូលយ៉ាងជ្រាលជ្រៅទៅក្នុងគ្រប់វិស័យនៃជីវភាព។ ទន្ទឹមនឹងនោះ VNPT និង MobiFone កំពុងដាក់ពង្រាយផ្លាតហ្វមឌីជីថល ដើម្បីបម្រើដល់វិស័យកសិកម្ម និង ទេសចរណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់; FPT បានស្រាវជ្រាវ និងផលិតបន្ទះឈីបពាក់កណ្ដាលចំឡងដោយជោគជ័យ ហើយចាប់ផ្តើមទទួលការបញ្ជាទិញ។ Rikkeisoft ពីសមាជិកស្ថាបនិកចំនួន ៥ នាក់ ក្រោយរយៈពេល ១០ ឆ្នាំមានបុគ្គលិកចំនួន ១៥០០ នាក់ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ១៨០%។ លោក Bui Xuan Son នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍លេខ ១ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Rikkeisoft បានចែករំលែកថា៖ “សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាមកំពុងទទួលបានការគាំទ្រ និងលក្ខខណ្ឌអំណោយផលជាច្រើនពីរដ្ឋាភិបាល។ ធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាមមានច្រើនសន្ធឹកសន្ធាប់ និងទទួលបានការបណ្តុះបណ្តាលប្រកបដោយរបៀបរៀបរយ ហើយពានរង្វាន់បែបនេះមានអត្ថន័យដ៏ធំធេងដើម្បីបន្តបង្កើតកម្លាំងចលករអភិវឌ្ឍន៍សម្រាប់សហគ្រាសយើងខ្ញុំ ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់សហគ្រាសឌីជីថលផ្សេងទៀតដើម្បីបោះជំហានទៅមុខ”។

សេចក្តីប្រាថ្នាដ៏ធំធេងរបស់សហគមន៍ធុរកិច្ចបច្ចេកវិទ្យាឌីជីថលវៀតណាម - ảnh 3យោងតាមលោក Nguyen Van Khoa អគ្គនាយក FPT។ រូបថត៖ vietnamnet.vn

យោងតាមលោក Nguyen Van Khoa អគ្គនាយក FPT ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាត្រួសត្រាយផ្លូវ វៀតណាមនៅតែមានសក្ដានុពលជាច្រើនសម្រាប់សហគ្រាសឌីជីថលអភិវឌ្ឍន៍។ ទទួលបេសកកម្មត្រួសត្រាយផ្លូវ FPT បាននឹងកំពុងវិនិយោគធនធានយ៉ាងខ្លាំងក្លាលើការស្រាវជ្រាវ និងច្នៃប្រឌិតផ្លាតហ្វមបច្ចេកវិទ្យា Make in Vietnam អុជឡើងសេចក្ដីប្រាថ្នាផ្លាស់ប្ដូរឌីជីថលនៅវៀតណាម ពង្រីកអាជីវកម្មអន្តរជាតិ៖

“វៀតណាមកំពុងឈានចូលសម័យកាលដែលមានឱកាសជាច្រើនសម្រាប់សហគ្រាសដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ រួមចំណែកយ៉ាងម៉េច ទិសដៅបែបណាឲ្យបានត្រឹមត្រូវ យើងខ្ញុំគិតថាត្រូវតែមានសហគមន៍ធុរកិច្ចបច្ចេកវិទ្យា។ ក្នុងតួនាទីជាសម្ព័ន្ធក្រុមហ៊ុនត្រួសត្រាយផ្លូវក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន FPT ជានិច្ចកាលត្រៀមខ្លួនជាស្រេច រួមដំណើរជាមួយសហគមន៍ធុរកិច្ចឌីជីថល។ យើងខ្ញុំសូមផ្តល់អនុសាសន៍ថា ប្រទេសយើងគួរតែបង្កើតចំណោតដ៏ធំសម្រាប់សហគ្រាសដើម្បីបំផុសគំនិត។ ក្រៅពីនោះ ប្រព័ន្ធអេកូឡូស៊ីឌីជីថល Make in Vietnam ក៏ត្រូវមានការផ្ដោតសំខាន់សម្រាប់ឧស្សាហកម្ម និងវិស័យនីមួយៗផងដែរ”។

សហគ្រាសបច្ចេកវិទ្យាឌីជីថលឆ្នើមៗរបស់វៀតណាមបាននឹងកំពុងបង្កើតសន្ទុះវិជ្ជមានសម្រាប់សហគមន៍ធុរកិច្ចបច្ចេកវិទ្យាជាមួយនឹងសេចក្តីប្រាថ្នាដ៏ធំធេងក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកំពស់សមត្ថភាពប្រកួតប្រជែងសកល។ សហគ្រាសទាំងនេះរួមចំណែកទៅក្នុងការអនុវត្តកម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិជាមួយនឹងគោលដៅទន្ទឹមគ្នាទាំងពីរ៖ ការអភិវឌ្ឍដោយព្រមៗគ្នានូវសសរស្តម្ភចំនួនបី - រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល; ជំរុញខ្លាំងនូវដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ