(VOVWORLD) - សរទរដូវនៅទីក្រុងហាណូយមិនត្រឹមតែជាប្រភពបំផុសគំនិតសម្រាប់និពន្ធកំណាព្យឬតន្ត្រីប៉ុណ្ណោះទេ ថែមទាំងជាទីណាត់ជួបវប្បធម៌ដ៏ពោរពេញទៅដោយកម្លាំងរស់ទៀតផង។ ពិព័រណ៍សរទរដូវឆ្នាំ២០២៥ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិវៀតណាម (សង្កាត់ដុងអាញ - ហាណូយ) នាំមកនូវផ្ទាំងគំនូរដ៏រស់រវើកនៃការផ្លាស់ប្តូរវប្បធម៌ រវាងមូលដ្ឋាននានានៃប្រទេសវៀតណាម។

ពិព័រណ៍សរទរដូវលើកដំបូង - ឆ្នាំ២០២៥ កំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិវៀតណាម (ដុងអាញ ហាណូយ) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្ម-វប្បធម៌ដ៏ធំបំផុតប្រចាំឆ្នាំ ដោយប្រមូលផ្តុំខេត្តក្រុងចំនួន ៣៤ រួមជាមួយសហគ្រាសក្នុងស្រុក និងបរទេសជាង ២៥០០អង្គភាព។ ជាមួយនឹងផ្ទៃដីជាង ១៣០,០០០ ម៉ែត្រការ៉េ ពិព័រណ៍នេះ ជាកន្លែងសម្រាប់ផ្សព្វផ្សាយពីភាពប្រណិតនៃផលិតផលនិងវប្បធម៌ប្រចាំតំបន់នានាទូទាំងប្រទេស។ រូបថត៖ Vien Minh/VTC News
នៅចំកណ្តាលនៃពិព័រណ៍ តំបន់ "ភាពប្រណិតនៃសរទរដូវនៅទីក្រុងហាណូយ" បានបង្ហាញឡើងវិញនូវសម្រស់ដ៏ប្រណីតនិងស្ងប់ស្ងាត់នៃរដ្ឋធានី។ ច្រកចូលទៅកាន់កន្លែងតាំងពិព័រណ៍ស្នូលត្រូវបានតុបតែងតាមរចនាបថសរទរដូវហាណូយ - រដូវនៃស្លឹកឈើពណ៌លឿង។ រូបថត៖ Vien Minh/VTC News
អ្នកទស្សនាអាចពិសោធន៍បរិយាកាសវប្បធម៌និងសិល្បៈ។ នៅទីនេះ អ្នកទស្សនាអាចប៉ះវត្ថុតាំង សាកល្បងការលេងឧបករណ៍ភ្លេងប្រពៃណី ស្លៀកពាក់សំលៀកបំពាក់ប្រពៃណី...។ កន្លែងនេះ បានទាក់ទាញមនុស្សយ៉ាងច្រើនកុះករ ជាពិសេសនៅចុងសប្តាហ៍។ រូបថត៖ Vien Minh/VTC News
នេះគឺជាកន្លែងមួយដែលត្រូវបានវិនិយោគយ៉ាងល្អិតល្អន់បំផុត ដោយប្រមូលផ្តុំផលិតផលឆ្នើមៗជាង ៣០០មុខ របស់រដ្ឋធានី ចាប់ពីឧស្សាហកម្ម សិប្បកម្ម ម៉ូដ ម្ហូបអាហារ រហូតដល់បច្ចេកវិទ្យានវានុវត្តន៍ផងដែរ។ រូបថត៖ Vien Minh/VTC News
សំឡេងញញួរ កាំបិត កន្ត្រៃ របស់សិប្បករបន្លឺឡើងជាមួយនឹងបទភ្លេងប្រពៃណី ធ្វើឱ្យបរិយាកាសតាំងពិព័រណ៍ ហាក់ដូចជា "វិថីសិប្បកម្ម" ដ៏រស់រវើកនៅចំ កណ្តាលនៃព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតប្រចាំឆ្នាំ។ រូបថត៖ Vien Minh/VTC News
ស្ថិតក្នុងចំណោមស្តង់ទំនើបៗរាប់ពាន់ កន្លែងតាំងពិព័រណ៍នៃបណ្តាខេត្តភ្នំភាគខាងជើងដូចជា សឺនឡា កៅបាង ឡៃចូវ ឬឡាវកាយ បានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។ រូបថត៖ Vien Minh/ VTC News
រូបថត៖ Vien Minh/ VTC News
មិនត្រឹមតែនាំមកនូវផលិតផលពិសេសប៉ុណ្ណោះទេ មូលដ្ឋានជាច្រើនក៏បង្ហាញ ឡើងវិញនូវបរិយាកាសវប្បធម៌វិសេសវិសាលផងដែរ ដែលបង្កើតបទពិសោធន៍ដ៏រស់រវើកសម្រាប់អ្នកទស្សនា។ រូបថត៖ Vien Minh/VTC News
ចំណុចលេចធ្លោជាងគេគឺតំបន់ពិព័រណ៍របស់ខេត្តសុនឡា ដោយមានផ្ទះឈើផុតពីដីដ៏ធំមួយខ្នង ត្រូវបានសាងសង់នៅចំកណ្តាលតាមរចនាបថប្រពៃណី។ ដំបូលបក់ស្លឹកឈើ ជណ្តើរឈើ និងក្បូរក្បាច់ចរបាប់ បានទាក់ទាញអ្នកទស្សនាជាច្រើនឱ្យមកថតរូបនិងថតវីដេអូ។ រូបថត៖ Vien Minh/VTC News
ស្តង់របស់ខេត្ត កៅបាង បានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរនៅពេលដែលបង្កើតឡើងវិញនូវទិដ្ឋភាពនៃល្បាក់ទឹក Ban Gioc និងរដូវស្រូវទុំពណ៌លឿងតាមលើជម្រាលភ្នំ។ រូបថត៖ Vien Minh/VTC News
មនុស្សម្នារីករាយនឹងការសម្តែងសិល្បៈប្រពៃណីនៅស្តង់របស់ទីក្រុងដាណាង ជាពិសេសការសម្តែងចម្រៀង Bai Choi ។ រូបថត៖ Thu Vu/VOV
នៅកណ្តាលលំហូដ៏អ៊ូអរនៃទីក្រុង ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ បានបើកចេញនូវបរិយាកាសវប្បធម៌ដ៏ស្ងប់ស្ងាត់ ជាកន្លែងដែលមនុស្សគ្រប់គ្នាបានរកឃើញព្រលឹងវៀតណាមនៅក្នុងក្លិនក្រអប់របស់អំបុក មួកដួន និងសំពត់ចរបាប់។ នៅទីនោះ សរទរដូវរបស់ទីក្រុងហាណូយមិនត្រឹមតែបានទទួលអារម្មណ៍ដោយភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយបេះដូងដ៏កក់ក្តៅ ជ្រាលជ្រៅ និងពោរពេញដោយអត្តសញ្ញាណវប្បធម៌វៀតណាមទៀតផង។ រូបថត៖ Vien Minh/VTC News
ពិព័រណ៍នេះត្រូវបានរំពឹងថា នឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនារហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា៕