លោកស្រី Phan Thi Mai - គ្រិស្តសាសនិកជាគំរូល្អទាំងខាងផ្លូវលោកនិងខាងធម៌។(រូបថត៖ VOV) |
“បច្ចុប្បន្ននេះ កំពុងរស់នៅក្នុងស្ថានភាពជម្ងឺរាតត្បាត គឺយើងត្រូវតែ ប្រតិបត្តិតាមបទបញ្ញត្តិនៃច្បាប់។ ប្រតិបត្តិតាមគោលការណ៍ ៥K កុំចេញទៅក្រៅប្រសិនបើមិនចាំបាច់ ហើយមិនគប្បីប្រមូលផ្ដុំគ្នាឡើយ។ ប្រសិនបើអ្នកជិតខាងរបស់យើងជួបប្រទះនឹងការលំបាក យើងគួរតែជួយគេតែម្ដង។ អ្នកណាមកផ្ទះខ្ញុំសុំអ្វីៗដែលខ្ញុំមាន ខ្ញុំក៏ឲ្យទៅភ្លាម។ មានអង្ករឲ្យអង្ករ មានលុយឲ្យលុយ មានបន្លែ ផ្លែឈើក៏ឲ្យដែរ”។
នៅពេលដែលសហគមន៍គ្រិស្តសាសនិកនៅមូលដ្ឋានបង្កើតបណ្ដាក្រុមដើម្បីធ្វើការងារសប្បុរសធម៌ លោកស្រី Mai តែងតែចូលរួមយ៉ាងសកម្ម។ លេចធ្លោគឺ ក្រុម Legio ដោយមានសមាជិកជាស្ត្រីដែលទទួលបន្ទុកការចុះសួរសុខទុក្ខ លើកទឹកចិត្ត ជួយឧបត្ថម្ភគ្រួសារដែលជួបការលំបាក។ លោកស្រី Mai ជាសមាជិកាដ៏ក្លៀវក្លាម្នាក់ ដែលត្រៀមខ្លួនជាស្រេចរួមកម្លាំងកាយចិត្ត រហូតដល់សម្ភារៈទៀតផង ដើម្បីជួយឧបត្ថម្ភអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រីថែមទាំងអំពាវនាវឲ្យអ្នកមានលក្ខណៈ ជួយយកចិត្តទុកដាក់ដល់បណ្ដាគ្រួសារដែលជួបការលំបាកទៀតផង។ លោកស្រី Phan Thi Mai បានសង្ខេបការប្រៀនប្រដៅក្នុងព្រះគម្ពីរដោយពាក្យចំនួន២ដែលជា “ស្រឡាញ់និងចែករំលែក” ដូច្នេះលោកស្រីតែងតែត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភមនុស្សដែលជួបការលំបាក ជាពិសេសគឺក្នុងបុណ្យណូអែល៖
“ចំពោះគ្រិស្តសាសនា បុណ្យណូអែលគឺជាពិធីបុណ្យដ៏ធំ។ គ្រិស្តសាសនិកទាំងអស់សុទ្ធតែមានក្ដីសប្បាយរីករាយយ៉ាងក្រៃលែង។ ហើយសាសនិកម្នាក់ៗត្រូវតែចេះ មានវិប្បដិសារី ប្រសិនបើខ្លួនឯងមានកំហុសណាមួយ គឺត្រូវសម្លឹងមើល កែប្រែ រស់នៅឲ្យកាន់តែល្អប្រសើរឡើង”។
ជារៀងរាល់ថ្ងៃ លោកស្រី Phan Thi Mai ត្រូវធ្វើស្រែចម្ការហើយធ្វើការងារ ផ្ទះដូចមនុស្សផ្សេងៗដែរ ប៉ុន្តែលោកស្រីនៅតែឆ្លៀតពេលដើម្បីទៅព្រះវិហារកាតូលិក។ លោកស្រីក៏ខិតខំរៀបចំពេលវេលាដើម្បីចូលរួមសកម្មភាពដែលព្រះវិហាររៀបចំឡើង ជាពិសេសគឺសកម្មភាពដើម្បីសហគមន៍។ លោកស្រីក៏យកប្រការដ៏ល្អប្រសើរក្នុងព្រះគម្ពីរមកប្រៀនប្រដៅកូនចៅ ហើយថែទាំឲ្យកូនៗធំដឹងក្ដី សិក្សារៀនសូត្របានល្អផងដែរ។ ហេតុដូច្នេះ លោកស្រី Mai ទទួលបានការគោរពសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកស្រុក។ លោកស្រី Le Thi Tham អ្នកស្រុកម្នាក់ បានចែករំលែកថា៖
“និយាយពីផ្លូវធម៌ គឺលោកស្រី Mai ល្អណាស់ មិនដែលរំលោភបំពានលើធម៌វិន័យឬពាក្យប្រៀនប្រដៅរបស់ព្រះឡើយ ហើយថែមទាំងរស់នៅយ៉ាងត្រឹមត្រូវណាស់។ គ្រួសារគាត់មិនសូវជាមានលក្ខណៈធូធារឡើយ ត្រឹមតែល្មមៗប៉ុណ្ណោះ ប៉ុន្តែក្នុងអំឡុងពេលមានជម្ងឺរាតត្បាត គ្រួសារណាដែលជួបការលំបាក គឺគាត់នៅតែជួយទំនុកបម្រុងនិងចែករំលែកជាមួយគេ។ អស់រយៈពេល៣ឆ្នាំចុងក្រោយនេះ គាត់បានធ្វើការងារមួយដែលយើងខ្ញុំមិនទាន់ធ្វើបានទេ នោះគឺការចែករំលែកជាមួយជនក្រីក្រ។ ជារៀងរាល់ខែ គាត់តែងតែចែករំលែកអង្ករ ១០ គីឡូក្រាមជូនដល់ជនក្រីក្រ។ នៅទីនេះ ខ្ញុំមិនទាន់ឃើញនរណាម្នាក់ដែលអាចធ្វើការងារនេះបាន”។
ចំពោះលោកស្រី Phan Thi Mai ការរស់នៅនិងប្រតិបត្តិតាមព្រះបន្ទូល មិនត្រឹមតែជាការគោរពតាមធម៌វិន័យប៉ុណ្ណោះទេ ថែមទាំងជាការប្រតិបត្តិតាមប្រការទាំងនោះនៅក្នុងជីវភាពរស់នៅជាក់ស្ដែងទៀតផង។ នោះគ្រាន់តែជាការរស់នៅប្រកបដោយសុខដុមរមនា ស្មោះត្រង់ ហើយជួយឧបត្ថម្ភមនុស្សដែលជួបការលំបាក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
