តំបន់ឧស្សាហកម្ម Thang Long II (ខេត្ត Hung Yen) ទទួលបានគម្រោង FDI ជិត ១០០ គម្រោង (រូបភាព៖ គណៈកម្មាធិការបក្សខេត្ត Hung Yen) |
បច្ចុប្បន្ន នៅទូទាំងខេត្តមានតំបន់ឧស្សាហកម្មចំនួន ១៧ កន្លែង ដែលមានផ្ទៃដីជាង ៤.៣០០ ហិកតា; ក្នុងនោះ តំបន់ឧស្សាហកម្មចំនួន ១០ បានដាក់ឲ្យដំណើរការនិងទទួលបានគម្រោងវិនិយោគជាបណ្តើរៗ គម្រោង វិនិយោគបរទេសនៅ Hung Yen ផ្តោតទៅលើក្រុមមុខរបរនិងវិស័យចម្រុះ។ គួរកត់សម្គាល់ថា គម្រោងជាច្រើនមានដើមទុនវិនិយោគធំ និងមានបច្ចេកវិទ្យាខ្ពស់ដូចជា៖ គម្រោងរបស់ ToTo ដែលមានដើមទុនវិនិយោគចុះបញ្ជីសរុបជាង ៤០៣ លានដុល្លារអាមេរិក; គម្រោងរបស់ Nippon Mektron ដែលមានដើមទុនវិនិយោគចុះបញ្ជីសរុបចំនួន ៣០០ លានដុល្លារអាមេរិក; គម្រោងរបស់ Kyocera ដែលមានដើមទុនវិនិយោគចុះបញ្ជីសរុបជាង ២៦៤ លានដុល្លារអាមេរិក; គម្រោង Hoya ដែលមានដើមទុនចុះបញ្ជីសរុប ២១៤ លានដុល្លារអាមេរិកជាដើម។
លោក Tran Quoc Van លេខារងគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen (រូបថត៖ Ngo Tran/VTC News) |
លោក Tran Quoc Van ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen បានឲ្យដឹងថា៖ “លក្ខណៈតម្លាភាព ការកាត់បន្ថយការចំណាយក្រៅផ្លូវការ ការបណ្តុះបណ្តាលធនធានមនុស្ស ការជួយឧបត្ថម្ភផ្នែកច្បាប់សម្រាប់អាជីវកម្ម និងការជ្រៀតចូលទីផ្សារ។ នៅពេលដែលអាជីវកម្មមកដល់មូលដ្ឋាន នឹងទទួលបានជំនួយផ្នែកច្បាប់ ការចំណាយក្រៅផ្លូវការគឺមិនមានទេ ហើយទន្ទឹមជាមួយគ្នានោះ គឺមានលក្ខណៈតម្លាភាពខ្ពស់ និងរយៈពេលចូលរួមក្នុងទីផ្សារខ្លីបំផុត”។
កិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អបរិយាកាសវិនិយោគរបស់ Hung Yen ត្រូវបានអ្នកវិនិយោគកោតសរសើរយ៉ាងខ្លាំង។ ក្រុមហ៊ុនចំកាត់Shinhwa Contech Hung Yen ដែលជាសហគ្រាសមួយរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ចាប់ពីការទទួលបានវិញ្ញាបនបត្រវិនិយោគ រហូតដល់ការសាងសង់រោងចក្រ និងចូលប្រតិបត្តិការគឺចំណាយពេលខ្លីប៉ុណ្ណោះ នីតិវិធីក៏រហ័ស ហើយវិនិយោគិនក៏មានការពេញចិត្តផងដែរ។ លោក Ha Young Soo អគ្គនាយកក្រុមហ៊ុនចំកាត់ Shinnwa Contech Hung Yen បានចែករំលែកថា៖ “ក្រុមហ៊ុនយើងខ្ញុំចង់ផ្ញើអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានគណៈកម្មាធិការខេត្ត Hung Yen នាយកដ្ឋាន សាខាពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រង់តំបន់ឧស្សាហកម្ម ដែលបានឧបត្ថម្ភយ៉ាងសកម្មដល់ក្រុមហ៊ុនរបស់យើងខ្ញុំ។ រោងចក្ររបស់យើងនៅ Hung Yen បានសម្រេចចិត្ត វិនិយោគលើការផលិតគ្រឿងបន្លាស់រថយន្ត ហើយដំបូងបង្អស់ យើងគ្រោងនឹងចាប់ផ្តើមជាមួយរោងចក្រមួយសិន ហើយនៅពេលអនាគត យើងនឹងពង្រីកទំហំ និងដំណើរការរោងចក្រផ្សេងមួយទៀត ដើម្បីអាចទាញយកអត្ថប្រយោជន៍ពេញលេញពីលក្ខខណ្ឌទីតាំងភូមិសាស្ត្រដ៏ល្អរបស់ខេត្ត Hung Yen”។
នាពេលខាងមុខ ខេត្តនឹងបន្តផ្តោតលើការច្នៃប្រឌិត និងបង្កើនប្រសិទ្ធភាពនៃការទាក់ទាញវិនិយោគិន ជាពិសេសអ្នកវិនិយោគធំៗ; ផ្តល់អាទិភាពដល់ការទាក់ទាញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ មិនប៉ះពាល់ដល់បរិស្ថាន តម្លៃបន្ថែមខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់បណ្តាតំបន់ឧស្សាហកម្ម។ ទន្ទឹមនឹងនោះ ខេត្តបានរួមបញ្ចូលនូវការអភិវឌ្ឍយ៉ាងទូលំទូលាយជាមួយនឹងការអភិវឌ្ឍស៊ីជម្រៅនៅបណ្តាតំបន់ឧស្សាហកម្មដើម្បីបង្កើនភាពប្រកួតប្រជែងថ្នាក់ជាតិនិងអន្តរជាតិ បង្កើតជាចង្កោមឧស្សាហកម្មខ្នាតធំ; ពន្លឿនវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឧស្សាហកម្មដែល ត្រូវបានលោកនាយករដ្ឋមន្ត្រីសម្រេចជាគោលនយោបាយវិនិយោគ។
គោលដៅ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍខេត្ត Hung Yen ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គឺជាការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខេត្ត Hung Yen ប្រកបដោយវិបុលភាព និងសម្បូររុងរឿង ហើយក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់ ឈរលើមូលដ្ឋាននៃការទាញយកសក្តានុពល ប្រៀបខ្លាំង បង្កើតរបកគំហើញក្នុងការកែលំអបរិយាកាសធុរកិច្ច ជាពិសេស កសាង Hung Yen ជាគោលដៅវិនិយោគគួរឲ្យទាក់ទាញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

