ចង្កៀងគោមផ្កាយ ត្រូវបានផលិតនិងតុបតែងតាមទំហំផ្សេងៗគ្នាជាច្រើន។
(រូបថត៖ Kim Lieu/VOV ៥)

ភូមិ Bao Dap មានប្រវត្តិធ្វើចង្កៀងគោមជាង ៥០០ ឆ្នាំមកហើយ ដែលមានប្រភពពីសិប្បករជំនាញនានា ដែលបានបន្សល់ទុករូបមន្តទៅឲ្យមនុស្សជំនាន់ក្រោយៗ។ តាមព្រឹទ្ធាចារ្យក្នុងភូមិថា នាគ្រាដំបូង មុខរបរធ្វើចង្កៀងគោម គឺគ្រាន់តែបម្រើតម្រូវការជីវភាពប្រចាំថ្ងៃ និងពិធីបុណ្យនានាក្នុងតំបន់ប៉ុណ្ណោះ។ យ៉ាងណាមិញ ជាមួយនឹងការអភិវឌ្ឍនៃសង្គម ចង្កៀងគោមនៃភូមិ Bao Dap បានអះអាងជាបណ្តើរៗនូវម៉ាកយីហោផ្ទាល់ខ្លួន។

លោក Dinh Van Tung ដែលជាអ្នកទទួលមរតក និងបន្តរបរប្រពៃណីក្នុងគ្រួសារមួយដែលបានធ្វើចង្កៀងគោម ៤ ជំនាន់ នៅភូមិ Bao Dap សង្កាត់ Hong Quang ខេត្ត Ninh Binh បានចែករំលែកថា៖

“ចង្កៀងគោមផ្កាយតំណាងឲ្យផ្កាយមានពន្លឺភ្លឺចិញ្ចែងចិញ្ចាចនៅលើមេឃ។ គោមផ្កាយនេះមានតម្លៃខាងស្មារតីដ៏ធំធេងណាស់ មិនត្រឹមតែជាប្រដាប់ក្មេងលេងប៉ុណ្ណោះទេ សំខាន់បំផុតនោះគឺវាបង្ហាញពីការផ្ដាំផ្ញើរសារខាងស្មារតី។ និមិត្តរូបវប្បធម៌ដ៏មានតម្លៃរបស់ជាតិ យើងនឹងបោះពុម្ពលើប្រដាប់ក្មេងលេងទាំងនេះ ដើម្បីផ្ដាំផ្ញើរដល់កុមារឱ្យចងចាំជានិច្ចនូវប្រពៃណី និងតម្លៃរបស់ជាតិ ហើយសំខាន់បំផុតគឺគោមផ្កាយនេះតំណាងឱ្យក្តីសុបិនជាច្រើនរបស់កុមារទាំងអស់”។

លោក Nguyen Van Hoat ជាអ្នកដែលបានប្រកបរបរធ្វើគោមផ្កាយអស់រយៈពេលជាង ៥០ ឆ្នាំមក បានចែករំលែកថា៖

“មុខរបរធ្វើចង្កៀងគោមផ្កាយនេះ គឺចាប់ផ្ដើមដោយជីដូនជីតារបស់ខ្ញុំ ហើយដល់ជំនាន់ខ្ញុំ។ គ្រួសារបានប្រកបរបរនេះជាយូរមកហើយ។ ចាប់ពីដើមឆ្នាំ យើងត្រូវធ្វើការរហូត ហើយដល់បុណ្យសែនព្រះខែទើបបញ្ចប់។ ពេលគ្មានអ្នករកទិញទៀត ទើបយើងឈប់ធ្វើគោម”។

កាវបិតធ្វើពីម្សៅអង្ករដំណើប ដែលអ្នកភូមិ Bao Dap ធ្វើដោយខ្លួនឯង។ (រូបថត៖ Kim Lieu/VOV ៥

ចង្កៀងគោមផ្កាយនៅភូមិ Bao Dap ត្រូវបានធ្វើដោយដៃទាំងស្រុង។ វត្ថុធាតុគឺសាមញ្ញណាស់ រួមមានឬស្សី ក្រដាសកែវ កាវបិត ខ្សែដែក និងដើមធ្មៃធ្វើជាដង។ ប៉ុន្មានខែមុនបុណ្យសំពះព្រះខែ ឬសូម្បីតែបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រជាជននៅទីនេះបានត្រៀមរៀបចំវត្ថុធាតុជាបណ្តើរៗ។

ប្រជាជននៅភូមិ Bao Dap ទិញឬស្សីថ្ង នៅខេត្ត Thanh Hoa តាំងពីខែមិគសិរ បន្ទាប់មកពុះចែកជាផ្នែកៗ ហើយត្រាំក្នុងស្រះ ដើម្បីធានាបាននូវលក្ខណៈស្វិត ស្រាល ដូច្នេះនៅពេលដែលគេពត់វា ចង្កៀងមិនបែកទេ។ តាមលោកស្រី Ninh Thi Luot សិប្បការិនីក្នុងភូមិ ដើម្បីធ្វើបានគោមផ្កាយមួយ ត្រូវចំណាយពេលលើកដាក់ប្រហែល ៦០ ដង។

“របៀបយើងធ្វើចង្កៀងគោមក៏មានភាពល្អិតល្អន់ណាស់ ក្រដាសកែវត្រូវជ្រលក់ពណ៌ដោយដៃ ហើយកាត់ដោយដៃដែរ មានន័យថា ធ្វើដោយដៃទាំងអស់។ ចាប់ពីចុងខែទ ៦ តាមច័ន្ទគតិ យើងចាប់ផ្ដើមនាំចេញទៅហើយ។ ដូច គ្រួសារខ្ញុំធ្វើបានគោមចំនួន ៥ ម៉ឺនគ្រឿង។ ប៉ុន្មានថ្ងៃនេះ យើងសប្បាយរីករាយខ្លាំងណាស់។ ក្មួយៗកុមារសប្បាយប៉ុណ្ណា យើងក៏សប្បាយប៉ុណ្ណឹងដែរ”។

គោមផ្កាយត្រូវបានដឹកជញ្ជូនទៅកាន់គ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យសំពះព្រះខែ។ (រូបថត៖ Kim Lieu/VOV ៥)

ការធ្វើគោមផ្កាយនៅភូមិ Bao Dap មានភាពមមាញឹកបំផុតក្នុងរយៈពេល៤ខែ ចាប់ពីខែទី ៥ ដល់ខែទី ៨ តាមច័ន្ទគតិ។ ក្នុងសម័យកាលដ៏រីកចម្រើនបំផុត ភូមិសិប្បកម្ម Bao Dap មានភូមិចំនួន ៧ ដោយមានប្រជាជនប្រមាណ ១០០០ គ្រួសារ ក្នុងនោះ ៣០០ គ្រួសារប្រកបរបរធ្វើគោមផ្កាយជាប្រពៃណី។ ជារៀងរាល់ឆ្នាំ អ្នកភូមិ Bao Dap ធ្វើបានគោមផ្កាយរាប់លានគ្រឿង ដើម្បីនាំទៅសព្វកន្លែងទូទាំងប្រទេស។ នោះពិតជាក្ដីសប្បាយរីករាយរបស់អ្នកភូមិ៖

“ក្មួយៗកុមារ ប្រសិនបើមិនបានដង្ហែរចង្កៀងគោមក្នុងបុណ្យសែនព្រះខែនោះទេ គឺពួកគេក៏ប្រាកដជាមិនសប្បាយចិត្តទេ ដូច្នេះយើងខិតខំព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យនៅថ្ងៃសែនព្រះខែ ពួកគេអាចដង្ហែរគោមបាន។ គោមនេះមានវត្តមានក្នុងប្រទេសចាប់ពីភាគខាងត្បូងរហូតដល់ភាគខាងជើងដែរ”។

“ជារៀងរាល់ឆ្នាំ នៅពេលបុណ្យសែនព្រះខែមកដល់ យើងបានឃើញក្មេងៗដង្ហែរគោមយ៉ាងច្រើន។ ពិតជាសប្បាយរីករាយ និងរំភើបខ្លាំងណាស់”។

ភូមិ Bao Dap មិនត្រឹមតែជាកន្លែងផលិតចង្កៀងគោមប៉ុណ្ណោះទេ ថែមទាំងក៏ជាផ្នែកមួយដែលមិនអាចខ្វះបាននៃវប្បធម៌វៀតណាមទៀតផង។ ពន្លឺដ៏ភ្លឺចិញ្ចាចចែងចាំងនៅរាត្រីថ្ងៃសំពះព្រះខែ គឺជាសក្ខីភាពនៃភាពស្ថិតស្ថរគង់វង្សនៃភូមិសិប្បកម្មនេះ៕