យុវនារីជនជាតិ Mong នៅផ្សារ Bac Ha។ (រូបថត៖ Giang Seo Pua/VOV)

ផ្សារណាត់ Bac Ha នៅស្រុក Bac Ha គឺផ្សារណាត់ដ៏ពិសេសបំផុតមួយនៅខេត្ត Lao Cai។ ក្នុងអំឡុងបុណ្យតេត ផ្សារនេះកាន់តែមានភាពអ៊ូអរ និងទាក់ទាញជាមួយនឹងពណ៌ចម្រុះនៃផ្កាម៉ាកខៃ ផ្កាព្រូន សាច់ងៀត សណ្ដែកក្រហម... ជាមុខទំនិញពេញនិយមក្នុងបុណ្យតេត ដែលប្រជាពលរដ្ឋបណ្ដាជនជាតិយកមកទៅដាក់លក់នៅផ្សារណាត់។ តាំងពីព្រឹកព្រលឹម នៅពេលដែលតាមជម្រាលភ្នំនៅតែគ្របដណ្តប់ដោយអ័ព្ទ មនុស្សម្នាបានបបួលគ្នាចុះទីរួមស្រុក Bac Ha។ សម្លៀកបំពាក់ចម្រុះពណ៌របស់បងប្អូនបណ្ដាជនជាតិលេចឡើងនៅលើផ្ទៃខាងក្រោយពណ៌សនៃព្រៃផ្កាព្រូន ពណ៌លឿងនៃវាលពោត ប្រៀបប្រដូចជាផ្ទាំងគំនូរចម្រុះពណ៌នៃតំបន់ខ្ពង់រាបភាគពាយ័ព្យអញ្ចឹង។

អស់រយៈពេលជាង២០ឆ្នាំមកហើយ ពេលទៅផ្សារតេតម្ដងៗ លោក Chau Seo Chin ឃុំ Thai Giang Pho ស្រុក Bac Ha តែងតែយកបាច់ធូបទៅលក់នៅផ្សារ។ នេះជាប្រភេទធូបប្រពៃណីដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យតេតរបស់ជនជាតិ Mong នៅទីនេះ។ ឆ្នាំនេះ លោក Chau Seo Chinh បាននាំយកធូបចំនួន ១០០ បាច់ទៅលក់នៅផ្សារតេត៖

“ខ្ញុំចង់លក់ធូបទាំងអស់។ ប្រហែលបន្តិចទៀតនឹងលក់អស់បាន។ ខ្ញុំនឹងមានលុយទិញម្ហូបតេត ទិញរបស់របរឲ្យកូន”។

ផ្សារណាត់ Bac Ha ធ្វើឡើងជារៀងរាល់ព្រឹកថ្ងៃអាទិត្យ ប៉ុន្តែក៏ធ្វើឡើងនៅប៉ុន្មានថ្ងៃចុងឆ្នាំ ឬដើមឆ្នាំថ្មីដែរ។ ផ្សារនេះមិនត្រឹមតែមានភាពទាក់ទាញដោយស្តង់លក់ទំនិញប៉ុណ្ណោះទេ ថែមទាំងទាក់ទាញអ្នកទស្សនាដោយការសម្តែងសិល្បៈដ៏ពោរពេញទៅដោយពណ៌វប្បធម៌នៃតំបន់ខ្ពង់រាបទៀតផង។ លោក Pham Thanh Son អ្នកទេសចរមកពីខេត្ត Bac Ninh បានចែករំលែកថា៖

“ខ្ញុំមានអារម្មណ៍រីករាយណាស់ ដែលបានមកដល់ផ្សារ Bac Ha ខេត្ត Lao Cai។ ប្រជាជនរួសរាយរាក់ទាក់ ការហូបចុក ការទិញលក់ និងការរស់នៅ សុទ្ធតែមានភាពស្មោះត្រង់។ ហើយបានស្ដាប់បទចម្រៀងពិរោះៗទៀតផង ដូច្នេះទោះជាអាកាសធាតុសើមបន្តិច ក៏មនុស្សម្នានៅតែមានអារម្មណ៍សប្បាយរីករាយ”។

ផ្សារណាត់ Ta Phoi - Hop Thanh គឺជាផ្សារណាត់វប្បធម៌ដែលទាក់ទាញបងប្អូនជនជាតិភាគតិចក្នុងស្រុក ប្រជាពលរដ្ឋ ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករ។ (រូបថត៖ VOV)

ស្ថិតនៅជាយទីក្រុង Lao Cai ជាប់ឃុំ Ta Phoi និងឃុំ Hop Thanh ផ្សារណាត់ Ta Phoi - Hop Thanh គឺជាផ្សារណាត់វប្បធម៌ដែលទាក់ទាញបងប្អូនជនជាតិភាគតិចក្នុងស្រុក ប្រជាពលរដ្ឋ ភ្ញៀវទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករ មកកម្សាន្ត និងទិញទំនិញ។ ប៉ុន្មានថ្ងៃចុងឆ្នាំឬដើមឆ្នាំថ្មី ផ្សារវប្បធម៌តំបន់ខ្ពង់រាប Ta Phoi - Hop Thanh តែងតែមានភាពអ៊ូអរ មមាញឹក និងចម្រុះពណ៌។ លោកស្រី Vang Thi Ve ជនជាតិ Giay នៅឃុំ Hop Thanh បាននាំយកនំទៅផ្សារលក់តាំងពីព្រឹកព្រលឹម។ កាផាមួយពោរពេញទៅដោយនំគ្រប់ប្រភេទ រួមទាំងនំអន្សមជ្រុងខ្មៅ នំអន្សមជ្រុងបៃតង នំពោត នំផ្អែមនិងប្រៃ នំល្ងខ្មៅ ជាដើម។

“ខ្ញុំធ្វើនំដោយខ្លួនឯង ធ្វើកាលពីម្សិលមិញ ពេញមួយយប់រហូតដល់ភ្លឺ ទើបសម្រេចរួចរាល់ទាន់ពេលដើម្បីនាំយកទៅលក់។ ថ្ងៃធម្មតា ទោះជាចង់ធ្វើក៏មិនមានពេលដែរ ព្រោះរវល់នឹងការងារស្រែចម្ការ”។

អង្គុយក្បែរលោកស្រី Ve នៅជ្រុងផ្សារមួយគឺលោកយាយ Nong Thi Lien អាយុជាង ៧០ឆ្នាំ។ លោកយាយ Lien ក៏លក់ផលិតផលធ្វើដោយខ្លួនឯងដែរដូចជា៖ នំអង្ករលីង និងធូបមួយប្រភេទដែលមានទំហំដូចម្រាមកូនអញ្ចឹង៖

“ធូបនេះក៏យាយធ្វើដោយខ្លួនឯងដែរ។ ធូបរបស់ជនជាតិ Giay គឺធំ មិនតូចដូចធូបរបស់ជនជាតិ Kinh នោះទេ។ ពេលដាក់លក់ យាយអុជធូបមួយដើម ដើម្បីឲ្យមនុស្សរាល់គ្នា បានដឹងថាធូបឆេះយ៉ាងល្អណាស់”។

នៅផ្សារណាត់ Ta Phoi – Hop Thanh ក៏មានតំបន់ដោយឡែកមួយសម្រាប់ផលិតផលពិសេសនៃតំបន់ព្រៃភ្នំនេះ ចាប់ពីផ្កាចេកក្រហម ផ្កាអ័រគីដេព្រៃ រហូតដល់ផ្សិតលីងជឺ យិនស៊ិនខ្មៅ ជាដើម។ ផ្សារ Ta Phoi – Hop Thanh មិនត្រឹមតែបំពេញតម្រូវការរបស់ប្រជាជននៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងក៏ទាក់ទាញមនុស្សជាច្រើនពីសង្កាត់កណ្ដាលទៀតផង។ លោកស្រី Tran Thi Thuy នៅទីក្រុង Lao Cai បានចែករំលែកថា ទោះបីជាផ្ទះនៅឆ្ងាយក៏ដោយ ប៉ុន្តែលោកស្រីនៅតែទៅផ្សារម្តងក្នុងមួយសប្តាហ៍ ជាពិសេសផ្សារចុងឆ្នាំ និងដើមឆ្នាំលោកស្រីតែងតែនាំក្រុមគ្រួសារទៅជាមួយគ្នា៖

“នៅទីនេះក្នុងថ្ងៃធម្មតាក៏មានមនុស្សច្រើនដែរ ប៉ុន្តែមិនច្រើនដូចអំឡុងពេលបុណ្យទេ ហើយក្នុងបុណ្យតេតមានរបស់របរច្រើនជាង។ ខុសពីមជ្ឈមណ្ឌលដែលភាគច្រើនជាជនជាតិ Kinh នៅទីនេះស្ទើរតែជាបងប្អូនជនជាតិភាគតិច”។

ទន្ទឹមនឹងការទិញទំនិញ ផ្សារណាត់ក៏រួមបញ្ចូលនូវសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈជាច្រើនរបស់បណ្ដាជនជាតិនៅខេត្ត Lao Cai។ មិនត្រឹមតែជំរុញសេដ្ឋកិច្ចទីផ្សារប៉ុណ្ណោះទេ ផ្សារណាត់ Ta Phoi - Hop Thanh ដែលជាផ្សារណាត់តែមួយគត់នៅក្នុងទីក្រុង Lao Cai ក៏បង្កប់នូវគុណតម្លៃវប្បធម៌ រួមចំណែកអភិរក្សភាពស្រស់ស្អាតប្រពៃណី និងទាក់ទាញភ្ញៀវទេសចរផងដែរ៕