អ្នកស្រុក Chu Se ខេត្ត Gia Lai បានប្រកបរបរចិញ្ចឹម ត្រចៀកកាំ (រូបថត៖ VOV) |
គ្រួសារជាច្រើននៅស្រុក Chu Se បានធ្វើការជួសជុល និងពង្រីកសំណង់លំនៅដ្ឋាន វិនិយោគសាងសង់ផ្ទះចិញ្ចឹមត្រចៀកកាំថ្មី ហើយបានប្រើប្រាស់ឧបករណ៍សំឡេងដើម្បីទាក់ទាញសត្វត្រចៀកកាំមកធ្វើសំបុក និងបន្តពូជ។ បច្ចុប្បន្ននេះ នៅភូមិសាស្ត្រស្រុក Chu Se មានផ្ទះចិញ្ចឹមត្រចៀកកាំប្រមាណ ២៣០ ខ្នងដោយទទួលបានទិន្នផលសំបុកត្រចៀកកាំប្រមាណ ៥០ គីឡូក្រាម/ខែ។ ជាមួយនឹងតម្លៃទីផ្សារចាប់ពី ២០ ទៅ ២៤ លានដុង/គីឡូក្រាមនោះ ប្រាក់ចំណូលរបស់គ្រួសារនីមួយៗពីផ្ទះចិញ្ចឹមត្រចៀកកាំសម្រេចបានពី ២០ ទៅ ៧០ លានដុង/ខែ ហើយគ្រួសារខ្លះទទួលបានប្រាក់ចំណូលរាប់រយលានដុង។ លោក Nguyen Van Hop ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Chu Se បានឲ្យដឹងថា៖ “ស្ថាប័នជំនាញបានធ្វើការណែនាំដល់ក្រុមគ្រួសារនីមួយៗ ឲ្យបំពេញបែបបទអំពីការចុះបញ្ជីអាជីវកម្ម ចុះបញ្ជីមូលដ្ឋានដែលមានលក្ខខ័ណ្ឌអនាម័យ និងសុវត្ថិភាពចំណីអាហារក្នុងការផលិត និងកែច្នៃ ដើម្បីធានាថាផលិតផលសំបុកត្រចៀកកាំនាំមកនូវតម្លៃល្អបំផុតជូនអតិថិជន។ ក្នុងរយៈពេលវែង យើងខ្ញុំនឹងធ្វើការណែនាំដល់គ្រួសារនីមួយៗបំពេញឯកសារដើម្បីចុះឈ្មោះផលិតផលតាមស្តង់ដារនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) របស់ស្រុក Chu Se ហើយឆ្ពោះទៅរកការកសាងពាណិជ្ជសញ្ញាត្រចៀកកាំរបស់ស្រុក Chu Se”។
ទម្រង់ចិញ្ចឹមត្រចៀកកាំនៅស្រុក Chu Se បាននាំមកនូវប្រាក់ចំណូលខ្ពស់ និងស្ថិរភាពជូនគ្រួសារជាច្រើនជាជំហានដំបូង។ ក្នុងស្រុក មានគ្រួសារធ្វើអាជីវកម្មចិញ្ចឹមត្រចៀកកាំគំរូជាច្រើនគ្រួ។ លោក Pham Tien Dung អ្នកឈានមុខគេក្នុងរបរចិញ្ចឹមត្រចៀកកាំនៅស្រុក Chu Se បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៤ លោកបានប្តូរពីរបរដាំម្រេចទៅជារបរចិញ្ចឹមត្រចៀកកាំវិញ។ អាស្រ័យហេតុនេះសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន៖ “នៅខែតុលា ឆ្នាំ ២០១៤ ខ្ញុំបានសាងសង់ផ្ទះទំហំ ៩០ ម៉េត្រការ៉េ ហើយក្នុងរយៈពេល ៧ ឆ្នាំ នៃការចិញ្ចឹមត្រចៀកកាំមក ខ្ញុំទទួលបានបរិមាណផលសំបុកត្រចៀកកាំជាង ២០ គីឡូក្រាមក្នុងមួយខែ។ បច្ចុប្បន្ននេះ ខ្ញុំមានផ្ទៃដីចិញ្ចឹមត្រចៀកកាំជាង ១ ពាន់ម៉េត្រការ៉េនៅជុំវិញផ្ទះ។ យើងត្រូវចំណាយពេលវេលាពី ១ ទៅ ៣ ឆ្នាំ ក្នុងការចិញ្ចឹមត្រចៀកកាំ ទើបទទួលបានសំបុកត្រចៀកកាំច្រើន។ នាដើមឆ្នាំ ២០២២ តម្លៃសំបុកត្រចៀកកាំបានកើនឡើងខ្ពស់ ពោលគឺសំបុកត្រចៀកកាំ ១ គីឡូក្រាមមានតម្លៃរហូតដល់ ២៤ ទៅ ២៥ លានដុង”។
សកម្មភាពប្រមូលសំបុកត្រចៀកកាំ (រូបថត៖ VOV) |
ស្រដៀងគ្នានេះដែរ គ្រួសារលោក La Van Phong នៅទីរួមស្រុក Chu Se ក៏ទទួលបានប្រាក់ចំណូលស្ថិរភាពពីរបរចិញ្ចឹមត្រចៀកកាំដែរ។ នៅឆ្នាំ ២០១៦ លោកបានវិនិយោគទឹកប្រាក់ជាង ៣០០ លានដុង ដើម្បីសាងសង់ផ្ទះចិញ្ចឹមត្រចៀកកាំជាមួយក្តារបិតពិដាន ឧបករណ៍សំឡេង ឧបករណ៍បង្កើតសំណើម និងសីតុណ្ហភាពសម្រាប់ត្រចៀកកាំចូលមករស់នៅ។ ក្រោយរយៈពេលជាង ៦ ឆ្នាំ នៃការចិញ្ចឹមត្រចៀកកាំមក នាបច្ចុប្បន្ននេះ គ្រួសារលោកទទួលបានប្រាក់ចំណូលជាង ១០០ លានដុងពីការប្រមូលសំបុកត្រចៀកកាំជាមធ្យមប្រចាំខែ។ លោក La Van Phong បានរៀបរាប់ថា៖ “នៅពេលប្រកបរបរចិញ្ចឹមត្រចៀកកាំនោះ ខ្ញុំបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ត្រចៀកកាំ Khanh Hoa នៅទីរួមស្រុក Ayun Pa។ ខ្ញុំបានចិញ្ចឹមត្រចៀកកាំក្នុងផ្ទៃដី ១២០ ម៉េត្រការ៉េ អស់រយៈពេល ៦ ឆ្នាំហើយ ហើយនាឆ្នាំ ២០២១ ខ្ញុំប្រមូលបាន សំបុកត្រចៀកកាំពី ៥០ ទៅ ៦០ គីឡូក្រាម។ របរចិញ្ចឹមត្រចៀកកាំមានលក្ខណៈស្រដៀងនឹងរបរដាំម្រេច និងកាហ្វេ ពោលគឺក្រោយរយៈពេល ៣ ឆ្នាំ គឺទទួលបានប្រាក់ចំណេញហើយ”។
គ្រួសារចិញ្ចឹមត្រចៀកកាំជាច្រើននៅស្រុក Chu Se ក៏បានអភិវឌ្ឍន៍ផលិតផលត្រចៀកកាំស្អាត និងទឹកត្រចៀកកាំជាមួយនឹងតម្លៃខ្ពស់ជាង ដោយបានឆ្លើយតបនឹងតម្រូវការសម្បូរបែបនៃទីផ្សារ។ គ្រួសារចិញ្ចឹមត្រចៀកកាំនានាក៏បានតភ្ចាប់ជាមួយគ្នា ដើម្បីស្វែងរកទិសដៅឲ្យបានសមស្របនារយៈពេលខាងមុខ ដើម្បីផលិតចេញផលិតផលដែលមានគុណភាព។ ផ្នែកកសិកម្មស្រុក Chu Se កំពុងកសាងពាណិជ្ជសញ្ញាត្រចៀកកាំ Chu Se ជាជំហានៗ សំដៅចូលរួមទៅក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីផ្សព្វផ្សាយផលិតផលត្រចៀកកាំទៅទីផ្សារជាតិ និងអន្តរជាតិផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

