ផ្សារស្នេហា Xuan Duong៖ ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Nung នៅ Bac Kan

(VOVWORLD) - ផ្សារស្នេហា Xuan Duong គឺជាពិធីបុណ្យដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ Nung នៅឃុំ Xuan Duong ស្រុក Na Ri ខេត្ត Bac Kan។ ពិធីបុណ្យនេះមានប្រវត្តិយូរលង់ណាស់មកហើយ ជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈប្លែកៗជាច្រើន។ ជាពិសេស ផ្សារស្នេហា គឺជាឱកាសសម្រាប់គូស្នេហ៍ដែលធ្លាប់ស្រឡាញ់គ្នាតែមិនអាចរៀបការជាមួយគ្នា ឬមិត្តភក្តិចាស់ៗកាលពីមុន បានជួបជុំគ្នាម្តងទៀតក្នុងបរិយាកាសពោរពេញទៅដោយមនោសញ្ចេតនានៃចង្វាក់ភ្លេង Sli។

ផ្សារស្នេហា Xuan Duong៖ ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Nung នៅ Bac Kan - ảnh 1ផ្សារស្នេហា Xuan Duong ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែទី ៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ (រូបថត៖ VOV)

ផ្សារស្នេហា Xuan Duong ផ្តើមចេញពីរឿងនិទានស្ដីអំពីគូស្នេហ៍មួយគូដែលស្រឡាញ់គ្នា តែត្រូវបែកគ្នា មិនអាចរស់នៅជាមួយគ្នាបានឡើយ។ ដោយមានការរំជួលចិត្តចំពោះសេចក្ដីស្រឡាញ់របស់ពួកគេ ប្រជាជននៅក្នុងភូមិបានយល់ស្របឱ្យគូស្នេហ៍នេះ មានថ្ងៃមួយដើម្បីរំលឹកដល់រឿងរ៉ាវចាស់ ហើយគេបានជ្រើសរើសវាលស្រែដ៏វែងមួយរបស់គូប្តីប្រពន្ធ (ក្នុងភាសាជនជាតិ Tay ហៅថា ណាលី ឬ ណារី (Na Ri)) ធ្វើជាទីកន្លែងណាត់ជួបគ្នា។ នោះគឺជាថ្ងៃទី ២៥ ខែទី ៣ តាមច័ន្ទគតិ។ វាលស្រែវែង (Na Ri) នោះក្រោយមកត្រូវបានគេដាក់ឈ្មោះឲ្យស្រុក Na Ri ខេត្ត Bac Kan សព្វថ្ងៃនេះ។ ចាប់តាំងពីពេលនោះមក ផ្សារស្នេហា Xuan Duong ពីកន្លែងសម្រាប់គូស្នេហ៍ចាស់មកជួបជុំគ្នាឡើងវិញ បានក្លាយជាកន្លែងជួបប្រាស្រ័យទាក់ទងគ្នារបស់មិត្តភក្តិដែលធ្លាប់ស្គាល់គ្នា ឬបងប្អូនញាតិសន្ដាន។

នាយប់មុនថ្ងៃដែលផ្សារស្នេហា Xuan Duong បានប្រព្រឹត្តទៅ ផ្ទះរបស់សិប្បករឆ្នើម Nong Van Ho ក្នុងភូមិ Thom Chan ឃុំ Xuan Duong គ្របដណ្ដប់ដោយភាពសប្បាយអ៊ូអរនៃសូរសម្លេងសំណើច និងសម្លេងច្រៀង Sli របស់សមាជិកក្លឹបច្រៀង Sli នៃឃុំ Xuan Duong។ សមាជិកទាំងអស់កំពុងហាត់សមបទចម្រៀងសាសងគ្នាឡើងវិញ ដើម្បីឱ្យថ្ងៃស្អែកនៅឯផ្សារស្នេហា អាចប្រាស្រ័យជាមួយសិប្បករច្រៀង Sli មកពីខេត្តផ្សេងទៀត។ សិប្បករឆ្នើម Nong Van Ho បានឲ្យដឹងថា៖

“តាំងពីអាយុ១៦ឆ្នាំមក ខ្ញុំបានចេះច្រៀង ដើរតាមពូមីងទៅច្រៀងនៅផ្សារហើយ។ ប្ដីប្រពន្ធយើង ក៏ស្គាល់គ្នា ស្រឡាញ់និងរៀបការជាមួយគ្នា ពីការច្រៀង Sli ដែរ។ ក្នុងថ្ងៃដែលផ្សារស្នេហាប្រព្រឹត្តទៅ គេច្រើនតែច្រៀង Sli នៅមាត់ទន្លេ ក្រោមម្លប់ដើមឈើ ឬវាលពោត... គូស្នេហ៍នីមួយៗច្រៀងជាមួយគ្នា។ ចំពោះខ្លឹមសារគឺ ដោយសារតែឥឡូវនេះអ្នកណាក៏មានគ្រួសាររៀងៗខ្លួនហើយ ដូច្នេះគេច្រៀងដើម្បីសួរគ្នាទៅវិញទៅមកថា តើជីវភាពរបស់អ្នកយ៉ាងណា ជីវភាពរបស់ខ្លួនយ៉ាងណា”។

ផ្សារស្នេហា Xuan Duong៖ ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Nung នៅ Bac Kan - ảnh 2ការច្រៀងចម្រៀង Sli គឺជាដួងព្រលឹងនៃថ្ងៃផ្សារស្នេហា Xuan Duong។ (រូបថត៖ VOV)

នៅឯផ្សារស្នេហា Xuan Duong ការច្រៀង Sli គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃពិធីបុណ្យ។ តាមរយៈទំនុកច្រៀង Sli ដ៏ផ្អែមល្ហែម ពួកគេបង្ហាញពីមនោសញ្ចេតនា និងការយកចិត្តទុកដាក់ដល់ជីវភាពរបស់គ្នាទៅវិញទៅមក។ ដំបូងបង្អស់គឺបទចម្រៀងស្វាគមន៍ និងសួរសុខទុក្ខ បន្ទាប់មកគឺបទចម្រៀងឆ្លើយឆ្លងគ្នាដែលបង្ហាញពីអារម្មណ៍និងមនោសញ្ចេតនា។ នេះជាដំណាក់កាលដ៏ទាក់ទាញបំផុតនៃការច្រៀង Sli នៅពេលដែលភាគីទាំងពីរច្រៀងឆ្លើយឆ្លងគ្នាអំពីជីវភាពប្រចាំថ្ងៃ។

"មកដល់ផ្សារស្នេហា គូស្នេហ៍រួមគ្នាច្រៀងបទចម្រៀង Sli ហើយមនុស្សជាច្រើននាក់ក្លាយជាប្តីប្រពន្ធ។ ថ្ងៃនេះពេលខ្ញុំទៅផ្សារឃើញមិត្តភក្តិចាស់ម្ដងទៀត ខ្ញុំសប្បាយចិត្តណាស់"។

“នៅផ្សារស្នេហានេះ បងប្អូនយើងយូរៗមកទើបបានជួបគ្នាឡើងវិញ។ យើងខ្ញុំពិតជាសោមនស្សរីករាយហើយមានអារម្មណ៍ថា បរិយាកាសនៅទីនេះអស្ចារ្យណាស់”។

នៅឆ្នាំ ២០២១ ការច្រៀង Sli របស់ជនជាតិ Nung នៅឃុំ Xuan Duong ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌអរូបីជាតិ។ ពីប្រពៃណីវប្បធម៌ដ៏ល្អប្រសើរ និងអត្ថន័យនៃពិធីបុណ្យនេះ ខេត្ត Bac Kan បានកសាងផែនការអភិរក្ស និងផ្សព្វផ្សាយពិធីបុណ្យនេះ ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍នៃមូលដ្ឋាន។ លោក Ha Van Tien នាយករងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Kan បានឲ្យដឹងថា៖

“នៅផ្សារស្នេហាឆ្នាំនេះ យើងខ្ញុំសម្ដែងឡើងវិញនូវការច្រៀងសាសងគ្នា ដោយគូអ្នកចម្រៀង ១០០ គូ ច្រៀងជាបន្តបន្ទាប់ សម្រាប់ភ្ញៀវទេសចរបានទស្សនា។ ក្រៅពីការច្រៀង Sli នៅទីនេះមានលក្ខណៈវប្បធម៌សម្ភារៈជាច្រើនដូចជា ផ្ទះឈើប្រពៃណី រូងភ្នំ សំលៀកបំពាក់ ម្ហូបអាហារ វប្បធម៌ជំនឿ ជាដើម។ ដូច្នេះ ខេត្ត Bac Kan បានជ្រើសរើស Xuan Duong ជាទីកន្លែងមួយដើម្បីដាក់ពង្រាយគម្រោងនៃកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ អំពីការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ភូមិប្រពៃណី ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍”។

បច្ចុប្បន្ននេះ ផ្សារស្នេហា Xuan Duong មានសកម្មភាពវប្បធម៌ សិល្បៈជាច្រើនទៀត ដែលទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើន។ ក្នុងនោះការច្រៀង Sli និងបរិយាកាសដ៏ពិសេសនៃចង្វាក់ចម្រៀង Sli នៅតែជាដួងព្រលឹងនៃពិធីបុណ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ