Mu Cang Chai ក្នុងរដូវទឹកធ្លាក់ - ផ្ទាំងគំនូរដ៏ស្រស់បំព្រងនៅតំបន់ភ្នំ ភាគពាយ័ព្យ

(VOVWORLD) - ក្នុងអំឡុងខែឧសភានិងខែមិថុនា ជារៀងរាល់ឆ្នាំ ទេសភាពនៃវាលស្រែកាំជណ្ដើរនៅស្រុក Mu Cang Chai (ខេត្ត Yen Bai) ប្រៀបប្រដូចជាផ្ទាំងគំនូរដ៏ស្រស់បំព្រងមួយផ្ទាំងអញ្ចឹង។ នោះជាពេលដែលបងប្អូនជនជាតិ Mong នាំទឹកហូរចូលទៅវាលស្រែកាំជណ្ដើរ ដែលធ្វើឲ្យវាលស្រែទាំងនេះមើលទៅដូចកញ្ចក់យក្សមួយផ្ទាំង ឆ្លុះបញ្ចាំងពីរូបភាពពពក ព្រៃភ្នំ និងដើមឈើ។ អាស្រ័យហេតុនេះ រដូវទឹកធ្លាក់បានក្លាយជារដូវដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំនៅ Mu Cang Chai ហើយទាក់ទាញភ្ញៀវទេសចរមកទស្សនា និងទទួលបទពិសោធន៍យ៉ាងច្រើនកុះករ។

Mu Cang Chai ក្នុងរដូវទឹកធ្លាក់ - ផ្ទាំងគំនូរដ៏ស្រស់បំព្រងនៅតំបន់ភ្នំ ភាគពាយ័ព្យ - ảnh 1រដូវទឹកធ្លាក់ជារយៈពេលមួយក្នុងរយៈពេលដ៏ស្រស់ស្អាតបំផុតនៅ Mu Cang Chai។
(រូបថត៖ VOv)

រដូវទឹកជំនន់ ជាធម្មតាចាប់ផ្តើមពីដើមខែឧសភា ដល់ដើមខែមិថុនា នៅពេលដែលភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបងប្អូនជនជាតិ Mong ចាប់ផ្តើមនាំទឹកពីលើភ្នំហូរចូលទៅវាលស្រែដើម្បីត្រៀមរៀបចំឲ្យរដូវដាំដំណាំថ្មី។ ក្នុងពេលជាមួយគ្នានោះ លោក Giang A De នៅឃុំ La Pan Tan មិនខ្លាចផ្លូវឆ្ងាយនិងរដិតរដុបទេ លោកបានទៅកាន់វាលស្រែកាំជណ្ដើរស្ទើរតែទាំងអស់នៅក្នុងស្រុក ដើម្បីថតរូប រក្សាទុករូបភាពដ៏ស្រស់ស្អាតបំផុតនៃស្រុកកំណើតរបស់ខ្លួន។ តាមរយៈរូបថតទាំងនេះ លោកបានឧទ្ទេសនាមពីទេសភាពដ៏ស្រស់បំព្រងនៃតំបន់ភ្នំ Mu Cang Chai ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក Giang A De បាននិយាយថា៖

“រដូវទឹកធ្លាក់នេះ ត្រូវតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ មានភ្លៀងច្រើន ទឹកហូរមកច្រើន ទើបទាក់ទាញភ្ញៀវទេសចរបាន”។

មកដល់ Mu Cang Chai ក្នុងរដូវទឹកជំនន់ ភ្ញៀវទេសចរនឹងមានឱកាសទទួលបានបទពិសោធន៍ប្លែកពីគេដូចជា៖ ដើរថ្មើជើងតាមផ្លូវលំក្រវិចក្រវៀនតាមវាលស្រែកាំជណ្ដើរ ដើម្បីគយគន់សម្រស់នៃរដូវទឹកជំនន់ ចូលរួមក្នុងសកម្មភាពលើកទំនប់ទប់ច្រាំង ភ្ជួររាស់ និងដាំស្រូវជាមួយប្រជាជនប្រចាំស្រុក ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ រដូវទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតគឺនៅឃុំនានាដូចជា៖ La Pan Tan, De Xu Phinh និង Che Cu Nha។ នៅទីនេះមានវាលស្រែកាំជណ្ដើរដ៏ស្រស់ស្អាតនិងអស្ចារ្យបំផុត; គឺជាការគួបផ្សំដ៏ល្អឥតខ្ចោះរវាងភាពស្រស់ស្អាតដ៏អស្ចារ្យនៃព្រៃភ្នំ និងភាពស្រស់ស្អាតនៃការធ្វើពលកម្មប្រកបដោយការច្នៃប្រឌិត របស់បងប្អូនជនជាតិ Mong ដែលបានថែរក្សាជាច្រើនជំនាន់មក។

លោក Silvio ជាភ្ញៀវទេសចរជនជាតិអ៊ីតាលីម្នាក់ដែលមកដល់ Mu Cang Chai ជាលើកដំបូងក្នុងរដូវទឹកធ្លាក់ មិនអាចមិនភ្ញាក់ផ្អើលជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅទីនេះបានឡើយ។ លោកនិងប្រពន្ធ ក៏បានសាកភ្ជួរស្រែដូចកសិករពិតប្រាកដដែរ ដើម្បីយល់ដឹងបន្ថែមអំពីការងាររបស់ម្ចាស់វាលស្រែទាំងនេះផងដែរ។ លោក Silvio បានឲ្យដឹងថា៖

“ខ្ញុំបានសាកភ្ជួរស្រែម្ដង... ហត់ណាស់ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍។ ធ្វើការចាប់ពីពេលនេះរហូតដល់ខែកញ្ញា ទើបប្រមូលផលបាន ដូច្នេះធ្វើឲ្យខ្ញុំយល់បន្ថែមអំពីការលំបាករបស់ប្រជាកសិករនៅទីនេះ។ នេះជាលើកទីមួយ ដែលខ្ញុំមានបទពិសោធន៍គួរឲ្យចងចាំបែបនេះ”។

អ្នកស្រី Vang Thi Ly ម្ចាស់ Homestay Helo Mu Cang Chai បានចែករំលែកថា៖

“ខ្ញុំឃើញថា រឿងពីរដែលភ្ញៀវទេសចរនិយមចូលចិត្តបំផុតគឺបទពិសោធន៍គូរគំនូរដោយក្រមួនទឹកឃ្មុំ និងបទពិសោធន៍ធ្វើស្រែនិងដាំស្រូវ។ គេប្រាប់ថា ពេលមកដល់វៀតណាម គេមិនធ្លាប់មានបទពិសោធនោះទេ”។

Mu Cang Chai ក្នុងរដូវទឹកធ្លាក់ - ផ្ទាំងគំនូរដ៏ស្រស់បំព្រងនៅតំបន់ភ្នំ ភាគពាយ័ព្យ - ảnh 2នារីជនជាតិ Mong ដាំស្រូវនៅលើវាលស្រែកាំជណ្ដើរ។ (រូបថត៖ VOV)

មកដល់ Mu Cang Chai ក្នុងរដូវទឹកធ្លាក់ ក្រៅពីការគយគន់វាលស្រែកាំជណ្ដើរ ភ្ញៀវទេសចរក៏អាចទស្សនាចំណោតជម្រាលភ្នំ Khau Pha ដែលជាចំណោតជម្រាលភ្នំមួយក្នុងចំណោមចំណោតជម្រាលភ្នំដ៏ស្រស់ស្អាតបំផុតទាំងបួននៅវៀតណាម។ នៅទីនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាព Mu Cang Chai ទាំងស្រុង ពីលើ ឬសាកជិះឆ័ត្រយោងដ៏គួរឲ្យទាក់ទាញ។ លោកស្រី Luong Thi Xuyen អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Mu Cang Chai បានឲ្យដឹងថា៖ ដោយឈរលើសក្តានុពលនៃធនធានធម្មជាតិ ភាពរួសរាយរាក់ទាក់និងបដិសណ្ឋារកិច្ច ស្រុកបានកំណត់ដំណោះស្រាយជាច្រើនដើម្បីធ្វើឱ្យភ្ញៀវទេសចរកាន់តែពេញចិត្តនៅពេលមកដល់ Mu Cang Chai៖

“យើងខ្ញុំក៏កំណត់ថា ទេសចរណ៍នៅ Mu Cang Chai គឺជាទិសដៅមួយដើម្បីជួយប្រជាជនបង្កើនប្រាក់ចំណូល និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្រៅពីការធ្វើស្រែចម្ការដើម្បីធានាសន្តិសុខស្បៀង គឺប្រើប្រាស់ទេសភាពនោះដើម្បីផ្តល់សេវាកម្មទេសចរណ៍បន្ថែមទៀត”។

ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីសកម្មភាពអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យផ្កា To day ស្រុក Mu Cang Chai បានរៀបចំសកម្មភាពទេសចរណ៍ “រដូវទឹកធ្លាក់” ដោយមានផលិតផលទេសចរណ៍ដ៏ពិសេស និងប្លែកពីគេជាច្រើនដូចជា៖ ការរៀបចំកម្មវិធីសិល្បៈវិសេសវិសាល និងសកម្មភាពកីឡា ល្បែងប្រជាប្រិយ និងម្ហូបអាហារ។ ដោយមានការយកចិត្តទុកដាក់ និងការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងភាពរួសរាយរាក់ទាក់ ភាពស្លូតបូត និងបដិសណ្ឋារកិច្ចរបស់ប្រជាជននៅតំបន់ភ្នំនោះ Mu Cang Chai ក្នុងរដូវទឹកធ្លាក់គឺ ជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តរុករកធម្មជាតិ និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជនប្រចាំស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ