វត្ត ស្វាយស - ស្នាដៃស្ថាបត្យកម្មដែលបង្កប់នូវអត្តសញ្ញាណនៃព្រះពុទ្ធសាសនាថេរវាទខ្មែរ
(VOVWORLD) - វត្ត ស្វាយស ឃុំ ទ្រីតុន ខេត្តអានយ៉ាង គឺជាវត្តមួយដែលបង្កប់នូវអត្តសញ្ញាណស្ថាបត្យកម្មនៃព្រះពុទ្ធសាសនាថេរវាទខ្មែរ។ នេះគឺជាទីកន្លែងប្រជុំជីវភាពសាសនា របស់ប្រជាពលរដ្ឋជនជាតិខ្មែរ ហើយក៏ជាទីកន្លែងរៀបចំសកម្មភាពសហគមន៍ និងពិធីបុណ្យជនជាតិខ្មែរនៅមូលដ្ឋានផងដែរ។
ខ្លោងទ្វារវត្ត ស្វាយស ស្រុកទ្រីតុន ខេត្តអានយ៉ាង។ (រូបថត៖ Ngoc Anh/VOV5) |
មុនឆ្នាំ ១៩៧៥ វត្ត ស្វាយស មានទីតាំងនៅជើងភ្នំ Co To។ ដោយសារតែសង្គ្រាម វត្តនេះត្រូវបានផ្លាស់ទីទៅកណ្តាលវាលស្រែក្នុងឃុំ Nui To ស្រុកទ្រីតុន ខេត្តអានយ៉ាងចាស់។ ព្រះតេជគុណ ចូវទី ព្រះចៅអធិការវត្ត ស្វាយស មានពុទ្ធដីការថា៖
“វត្ត ស្វាយស ត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ ១៩៨០ ដោយសារតែវត្តចាស់ស្ថិតនៅក្នុងតំបន់ទេសចរណ៍ Suoi Giang។ ក្នុងអំឡុងសង្គ្រាម វត្តចាស់នោះត្រូវបានផ្លាស់ទីទៅកាន់ វត្តព្រៃវែង ក្នុងស្រុក ទ្រីតុនចាស់ ហើយវត្តថ្មីត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ ១៩៨០។ វត្តចាស់និងវត្តបច្ចុប្បន្នមានព្រះចៅអធិការចំនួន ៩ អង្គហើយ។ សម្រាប់ព្រះពុទ្ធសាសនាថេរវាទខ្មែរ ព្រះវិហារគឺមានសារៈសំខាន់ខ្លាំងណាស់។ នេះជាកន្លែងដែលព្រះសង្ឃទាំងអស់ទទួលការ បួសរៀន និងប្រតិបត្តិពិធី។ វត្តមានសំណង់ជាច្រើន រួមមាន៖ សមណកុដិ វិហារ សាលាធម្មសភា របង និងចេតិយពីរសម្រាប់ដាក់អដ្ឋិធាតុព្រះសង្ឈដែលបានសោយទីវង្គត”។
ព្រះវិហារ តំណាងឲ្យសិល្បៈស្ថាបត្យកម្ម និងចម្លាក់តុបតែងលម្អរបស់ជនជាតិខ្មែរ។ (រូបថត៖ Ngoc Anh/VOV5) |
វត្តស្វាយស មានប្លង់និងស្ថាបត្យកម្ម ដូចគ្នានឹងវត្តរបស់ជនជាតិខ្មែរដទៃទៀតដែរ រួមមាន៖ ខ្លោងទ្វារវត្ត ព្រះវិហារ សមណកុដិ សាលាធម្មសភា សាលបង្រៀន ចេតិយ ជាដើម។ ជាពិសេស ព្រះវិហារ តំណាងឲ្យសិល្បៈស្ថាបត្យកម្ម និងចម្លាក់តុបតែងលម្អរបស់ជនជាតិខ្មែរ។ ដូច្នេះ ព្រះវិហារ មានរយៈបណ្តោយជាទ្វេដងរយៈទទឹង កម្ពស់ស្មើរយៈបណ្ដោយ និងមានច្រករបៀងព័ទ្ធជុំវិញព្រះវិហារ។
វត្ត ស្វាយស មានដំបូលកោងច្រើនជាន់ ដែលត្រូវបានតុបតែងយ៉ាងស្អាតឆើតឆាយ មានរូបសំណាកព្រះពុទ្ធជាច្រើនអង្គ និងចម្លាក់ក្បូរក្បាច់រចនាដ៏ប្រណិត។ ជាពិសេស វត្ត ស្វាយស កំពុងអភិរក្ស គុម្ពីសាស្ត្រស្លឹករឹត ជាឯកសារបុរាណដ៏កម្រ និងមានតម្លៃនៃព្រះពុទ្ធសាសនាថេរវាទខ្មែរ ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ លោក គីម សំរឹទ្ធី អ្នកបកប្រែ និងជាអ្នកជំនួយការរបស់ព្រះតេជគុណ ចូវទី បានឲ្យដឹងថា៖
“វត្ត ស្វាយស គឺពោរពេញទៅដោយលក្ខណៈស្ថាបត្យកម្ម និងវប្បធម៌របស់ជនជាតិខ្មែរ រួមជាមួយនឹងស្ថាបត្យកម្មដែលទាក់ទងនឹងព្រះពុទ្ធសាសនាថេរវាទ។ នេះគឺជាវត្តដ៏ល្បីល្បាញមួយនៅក្នុងសហគមន៍ជនជាតិខ្មែរ។ លើសពីនេះ វត្តមានស្ថាបត្យកម្មស្រស់ស្អាតជាងវត្តដទៃទៀត ដែលរក្សាបាននូវលក្ខណៈវប្បធម៌របស់ជនជាតិខ្មែរ”។
នៅខាងក្នុងវត្ត មានដើមរាំងភ្នំ ដែលត្រូវបានគេស្គាល់ដោយឈ្មោះជាច្រើនទៀតដូចជា៖ ដើមរាំងប្រសូត្រ ឬដើមសាលព្រឹក្ស។ នៅក្នុងព្រះពុទ្ធសាសនា ដើមរាំងភ្នំមានអត្ថន័យជ្រាលជ្រៅអំពីការត្រាស់ដឹង ភាពមិនអមតៈនិងការរំដោះ។ នៅជាប់នឹងដើមរាំងភ្នំ មានរូបសំណាកព្រះពុទ្ធប្រសូត្រ។
ប្រជាជន នៅពេលទៅបូជានៅវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរ តែងតែយកតាមគ្រឿងបូជាដ៏សាមញ្ញ និងបរិសុទ្ធ ដោយជៀសវាងការសម្លាប់។ គ្រឿងបូជា ជាធម្មតារួមមាន ធូប ផ្កា ផ្លែឈើ ឬនំស្ករគ្រាប់ បាយដំណើប និងបង្អែម... លោកចូវ រិញ រស់នៅខេត្តអានយ៉ាង បាននិយាយថា៖
“ពេលទៅវត្ត យើងបួងសួងសុំឲ្យមានសុខភាពល្អ ជីវភាពសម្បូរធូធារ និងសុភមង្គល ហើយការប្រមូលផលដំណាំដ៏បរិបូរណ៍។ យើងជឿលើព្រះពុទ្ធ និងរស់នៅយ៉ាងល្អទាំងផ្លូវលោកផ្លូវធម៌។ អ្នកស្រុកមានមោទនភាពចំពោះវត្ត ស្វាយស ដែលជាវត្តដ៏ស្រស់ស្អាតមួយ ដោយមានព្រះចៅអធិការដ៏មានទេពកោសល្យ ដែលជាសិប្បករឆ្លាក់គម្ពីរសាស្ត្រលើស្លឹករឹត”។
ទិដ្ឋភាពនៅពិធីមួយនៅក្នុងវត្ត ស្វាយស។ (រូបថត៖ Ngoc Anh/VOV5) |
ជារៀងរាល់ឆ្នាំ វត្ត ស្វាយស តែងតែរៀបចំពិធីបុណ្យប្រពៃណីជាច្រើន ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យអកអំបុក និងបុណ្យសែនដូនតា។ ដូចវត្តខ្មែរដទៃទៀតដែរ វត្ត ស្វាយស ក៏រៀបចំថ្នាក់រៀនដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សក្នុងអំឡុងពេលវិស្សមកាល។ ជារៀងរាល់ឆ្នាំ ព្រះសង្ឃនៅវត្តស្វាយស ក៏បើកថ្នាក់រៀនភាសាខ្មែរដោយឥតគិតថ្លៃសម្រាប់កុមារជនជាតិខ្មែររយៈពេលពី ២ ទៅ ២ ខែកន្លះក្នុងរដូវក្តៅផងដែរ។
វត្ត ស្វាយស គឺជាវត្តមួយក្នុងចំណោមវត្តខ្មែរដំបូងគេនៅក្នុងតំបន់ Bay Nui ខេត្តអានយ៉ាង ដែលត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលវប្បធម៌។ វត្តនេះក៏ជាគោលដៅទេសចរណ៍ខាងវិញ្ញាណដ៏ល្បីល្បាញមួយនៅក្នុងតំបន់នេះផងដែរ៕