(VOVWORLD) - នៅក្នុងវិចិត្រសិល្បៈប្រជាប្រិយ និងវិចិត្រសិល្បៈអនុវត្ត សត្វសេះត្រូវបានពណ៌នាយ៉ាងសាមញ្ញ និងរស់រវើក ដោយឆ្លុះបញ្ចាំងពីរូបភាពនៃសត្វដ៏ស្មោះត្រង់ និងជិតស្និទ្ធជាមួយមនុស្ស។ នៅក្នុងទស្សន៍សិល្បៈសម័យទំនើប សត្វសេះបានក្លាយជាប្រភពនៃការបំផុសគំនិតដ៏ខ្លាំងក្លា ដោយបង្កប់នូវអារម្មណ៍ខុសៗគ្នា និងមានអត្ថន័យជានិមិត្តរូប។
ការតាំងពិព័រណ៍ "សត្វសេះក្នុងទស្សន៍សិល្បៈ"។ (រូបថត៖ VOV) |
ស្នាដៃចំនួន ៦០ ដែលដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍តាមប្រធានបទ "សត្វសេះក្នុងទស្សន៍សិល្បៈ" កំពុងប្រព្រឹត្តទៅនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមនៅទីក្រុងហាណូយ ដោយផ្តល់នូវទស្សនៈចម្រុះលើរូបភាពនៃសត្វសេះក្នុងទស្សន៍សិល្បៈ។ ឧទាហរណ៍លេចធ្លោគឺរូបភាពរបស់ ព្រះ Gióng នៅក្នុងស្នាដៃរបស់អ្នកនិពន្ធ Nguyen Tu Nghiem, Ngo Manh Lan, Tran Khanh Chuong ដែលបង្ហាញពីការលាយបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងតម្លៃប្រពៃណី និងភាសាវិចិត្រសិល្បៈសម័យទំនើប។
ការតាំងពិព័រណ៍ទាក់ទាញភ្ញៀវក្នុងស្រុកនិងបរទេសមកទស្សនា។ (រូបថត៖ VOV) |
នៅក្នុងជីវភាពរបស់ប្រជាជននៅតំបន់ខ្ពង់រាប សត្វសេះគឺជាមិត្តអមដំណើរដ៏ជិតស្និទ្ធ ដែលត្រូវបានពិពណ៌នាយ៉ាងរស់រវើកនៅក្នុងស្នាដៃរបស់អ្នកនិពន្ធ To Ngoc Van, Nguyen Van Ty និង Bui Xuan Phai។ ក្នុងសម័យតស៊ូ រូបភាពនៃសត្វសេះប្រកៀកស្មាប្រយុទ្ធជាមួយយុទ្ធជន ជាពិសេសជាមួយលោកប្រធានហូជីមិញ តាមរយៈស្នាដៃរបស់ អ្នកនិពន្ធ Duong Bich Lien, Nguyen Trong Kiem និង Nguyen Thu បានក្លាយជានិមិត្តរូបដ៏សម្បូរទៅដោយតម្លៃមនុស្សសាស្ត្រ។ សម្រាប់មហាជនដែលស្រឡាញ់សិល្បៈ នេះគឺជាឱកាសដ៏កម្រមួយដើម្បីទស្សនាស្នាដៃលេចធ្លោរបស់វិចិត្រករល្បីៗ៖
“សេះគឺជាសត្វមួយក្នុងចំណោមសត្វរាសីចក្រទាំង ១២ ដែលមានប្រវត្តិយូរលង់មកក្នុងវប្បធម៌ប្រជាប្រិយ ក៏ដូចជាក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែជាធម្មតា មនុស្សបានស្គាល់សេះច្រើនតាមរយៈភូមិស្រុក និងតាមរយៈសង្គ្រាមតស៊ូ។ វិចិត្រករខ្លះ មានគំនូររូបសេះដ៏ល្បីល្បាញណាស់។ តាមរយៈការតាំងពិព័រណ៍នេះ ខ្ញុំបានស្គាល់គំនូរដ៏កម្រមួយចំនួនដែលជាកម្មសិទ្ធិរបស់សារមន្ទីរ និងគ្រួសារមួយចំនួន”។
“វិចិត្រករជាច្រើនមានគំនូរ និងស្នាដៃអំពីប្រធានបទសត្វសេះ ហើយមានវិធីសាស្រ្តសម្ដែងដ៏សម្បូរបែប និងការប្រើប្រាស់សម្ភារៈជាច្រើនប្រភេទ។ មិនត្រឹមតែគំនូរប៉ុណ្ណោះទេ ថែមទាំងស្នាដៃខ្មុកម្រ័ក្សណ៍ រូបចម្លាក់ និងរូបស្មូនសេរ៉ាមិចទៀតផង។ មានគំនូរមួយផ្ទាំងរបស់វិចិត្រករ Bui Xuan Phai បានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ ព្រោះវាពណ៌នាកុមារីតូចម្នាក់ជិះសេះក្មេងលេង ដែលបង្ហាញពីភាពបរិសុទ្ធ”។
វិចិត្រករ Nguyen Thang Long និងស្នាដៃ "Mr Ngọ"។ (រូបថត៖ VOV) |
ស្នាដៃដែលដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍បង្ហាញពីភាពចម្រុះនៃទម្រង់ និងសម្ភារៈដូចជា ខ្មុកម្រ័ក្សណ៍ ប្រេង សូត្រ គំនូរក្រដាស ឈើ ដីឥដ្ឋ សេរ៉ាមិច ជាដើម ដែលនិពន្ធដោយសិប្បករប្រជាប្រិយ និងវិចិត្រករវៀតណាមជាច្រើនជំនាន់ ចាប់ពីសម័យវិចិត្រសិល្បៈឥណ្ឌូចិន វិចិត្រសិល្បៈតស៊ូ រហូតដល់សិល្បៈសហសម័យ។ ដោយពណ៌នា រឿងរ៉ាវទស្សនីយដ៏រស់រវើកអំពីរូបភាពសេះ ដែលត្រូវបានច្នៃប្រឌិតឡើងវិញ ក្នុងសិល្បៈរូបចម្លាក់សហសម័យនោះ ស្នាដៃ "Mr Ngọ" (លោកសេះ) របស់វិចិត្រករ Nguyen Thang Long បាននាំមកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនិកជន ជាមួយនឹងរចនាប័ទ្មបង្កើតរូបរាងប្លែកពីគេ៖
“មានកត្តា ២ យ៉ាងដែលបង្កើតឡើងភាពខុសគ្នា។ ទីមួយ ទាក់ទងនឹងការបង្កើតរូបរាង ខ្ញុំបានគួបផ្សំសិល្បៈសហសម័យ ដែលរូបសត្វរាសីចក្រជានិមិត្តរូបនៃវប្បធម៌អាស៊ីបូព៌ា។ ម្យ៉ាងវិញទៀត អាវកាក់គឺជានិមិត្តរូបនៃវប្បធម៌លោកខាងលិច។ ទីពីរ បច្ចេកទេសដែលខ្ញុំប្រើប្រាស់គឺការប្រមៀលខ្សែដី (coil pottery) ហើយផ្ទៃត្រូវបានគ្របដណ្ដប់ដោយខ្សែដីទាំងនេះ។ នេះជាបច្ចេកទេសបុរមបុរាណណាស់។ ប្រសិនបើក្នុងសម័យមុន ដូនតាយើងប្រមៀលខ្សែដីរួច គឺអង្អែលឲ្យផ្ទៃវារលោង ប៉ុន្តែខ្ញុំរក្សាស្នាមម្រាមដៃនៅដដែល ហើយស្នាមម្រាមដៃទាំងនោះ បែរជាក្លាយជាលំនាំ ដូចជាសញ្ញាសម្គាល់នៃដំណើរការបង្កើតរូបរាងទាំងមូល ដែលបង្កើតភាពស្រស់ស្អាតតែមួយគត់”។
មកដល់តាំងពិព័រណ៍ "សេះក្នុងទស្សន៍សិល្បៈ" សាធារណជនមិនត្រឹមតែទស្សនាស្នាដៃពិសេសៗ អំពីសត្វរាសីចក្រនេះប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងសកម្មភាពពិសោធន៍ជាច្រើនដូចជាការបោះពុម្ពគំនូរសេះប្រជាប្រិយ និងគូររូបសេះលើក្រដាស dó។ ដោយបង្ហាញពីក្ដីសោមនស្សរីករាយ ជាមួយនឹងសកម្មភាពបោះពុម្ពគំនូរប្រជាប្រិយ អ្នកស្រី Nguyen Lan មកពីសង្កាត់ Dong Da ទីក្រុងហាណូយ បាននិយាយថា៖
“ការតាំងពិព័រណ៍នេះពិតជាគួរឱ្យចាប់អារម្មណ៍ និងពិសេសជាងការតាំងពិព័រណ៍ដទៃទៀត។ ការតាំងពិព័រណ៍ អំពីសត្វរាសីចក្រ ប៉ុន្តែសត្វរាសីចក្រនោះ បានរួមដំណើរជាមួយមនុស្សចាប់ពីវិចិត្រសិល្បៈប្រជាប្រិយ វិចិត្រសិល្បៈទំនើប វិចិត្រសិល្បៈប្រពៃណី រហូតដល់សម័យកាលនៃការតស៊ូ និងបងប្អូនបណ្ដាជនជាតិ... វាមានភាពចម្រុះណាស់។ ពិសេសជាងនេះទៅទៀត ខ្ញុំមានឱកាសចូលរួមក្នុងសកម្មភាពបោះពុម្ពគំនូរសេះប្រជាប្រិយ”។
ដោយបើកទ្វារចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦ នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម ការតាំងពិព័រណ៍ ផ្តល់ជូនសាធារណជននូវបរិយាកាសសិល្បៈដ៏សម្បូរទៅដោយតម្លៃប្រពៃណី អត្ថន័យខាងស្មារតី ព្រមទាំងឆ្លុះបញ្ចាំងពីដង្ហើមនៃសម័យកាលក្នុងប៉ុន្មានថ្ងៃទទួលអំណរនិទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦៕