អញ្ជើញមកស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ខេត្ត Cao Bang

(VOVWORLD) - តំបន់កេរ្តិ៍ដំណែល Pac Bo ស្ថិតនៅភូមិ Pac Bo ឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang មានចម្ងាយជាង ៥០ គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Cao Bang គឺជាចំណុចចាប់ផ្តើម (គីឡូម៉ែត្រលេខសូន្យ) នៃផ្លូវលំហូជីមិញ។ តំបន់កេរ្តិ៍ដំណែល Pac Bo ត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមរៀបថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេសនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២។

អញ្ជើញមកស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ខេត្ត Cao Bang - ảnh 1វិហារលោកប្រធានហូជីមិញ នៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo។ (រូបថត៖ ង៉ុក អាញ់)

ក្រោយរយៈពេល ៣០ ឆ្នាំចាកចេញពីមាតុភូមិទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ និងធ្វើសកម្មភាពបង្កើតនៅឯបរទេស (១៩១១ - ១៩៤១) លោកប្រធានហូជីមិញបានវិលត្រឡប់មកមាតុភូមិវិញតាមរយៈបង្គោលព្រំដែនលេខ ១០៨ នៅ Pac Bo ហើយដឹកនាំចលនាបដិវត្តន៍វៀតណាមដោយផ្ទាល់។ Pac Bo គឺជាកន្លែងដែលផ្សារភ្ជាប់ជាមួយនឹងដំណាក់កាលប្រវត្តិសាស្ត្រនៃបដិវត្តន៍
វៀតណាម និងជីវិតធ្វើសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៤៥។

តំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo រួមមាន៖ វិហារលោកប្រធានហូជីមិញ ល្អាងភ្នំ Coc Bo ល្អាងភ្នំ Lung Lan ល្អាងភ្នំ Nguom Vai (ទាំងអស់នៅលើភ្នំ Karl Marx) ជ្រោះទឹក លេនីន ប្រជុំកេរ្តិ៍ដំណែល Khuoi Nam ប្រជុំកេរ្តិ៍ដំណែល Kim Dong ផ្ទះលោក Duong Van Dinh ជាដើម។

អញ្ជើញមកស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ខេត្ត Cao Bang - ảnh 2ជ្រោះទឹក លេនីន។

ជ្រោះទឹក លេនីន ពីមុនត្រូវបានអ្នកភូមិហៅថា ជ្រោះទឹក Khuoi Giang ដែលតាមភាសាជនជាតិ Tay មានន័យថា ជ្រោះទឹកឋានសួគ៌។ នៅឆ្នាំ១៩៤១ លោកប្រធានហូជីមិញបានវិលត្រឡប់មកស្រុកកំណើតវិញ ហើយបានជ្រើសរើសយកល្អាងភ្នំ Pac Bo ដើម្បីស្នាក់នៅ និងធ្វើសកម្មភាពបដិវត្តន៍ ដូច្នេះលោកបានដាក់ឈ្មោះឲ្យជ្រោះទឹកនេះថា ជ្រោះទឹក លេនីន។

ទីបង្អង់ដំណើរដំបូងនៅពេលអ្នកទៅទស្សនាតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo គឺវិហារលោកប្រធានហូជីមិញ។ សំណង់នេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១០ ហើយត្រូវបានសម្ពោធនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១១ ក្នុងឱកាសរំលឹកខួបលើកទី ១២១ ទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០១១)។ អ្នកស្រី Doan Mai Hien ជនជាតិ Tay មគ្គុទ្ទេសក៍ទេសចរណ៍នៃគណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលជាតិពិសេសក្នុងខេត្ត Cao Bang បានឲ្យដឹងថា៖

“វិហារលោកប្រធានហូជីមិញត្រូវបានសាងសង់ឡើងតាមរចនាបថផ្ទះឈើផុតពីដីរបស់ជនជាតិ Tay និង Nung ដោយមានមានលក្ខណៈសាមញ្ញ ប៉ុន្តែមានលក្ខណៈនិមិត្តរូបខ្ពស់។ នៅទីតាំងដ៏ខ្ពង់ខ្ពស់នោះ គឺជាបន្ទះក្ដារឆ្លាក់អក្សរ និងកំណាព្យប្រស្នាមួយគូ ដែលនិពន្ធដោយលោកសាស្រ្តាចារ្យ វីរៈជនពលកម្ម Vu Khieu។ បន្ទះក្ដារឆ្លាក់អក្សរ "Hong Nhat Cao Minh" នោះ គឺការប្រៀបធៀបលោកប្រធានហូជីមិញទៅនឹងពន្លឺព្រះអាទិត្យក្រហមដ៏ថ្លៃថ្លានិងបរិសុទ្ធ ដែលបំភ្លឺផ្លូវសម្រាប់បដិវត្តន៍វៀតណាម។ កំណាព្យប្រស្នាមួយគូ សរសេរថា៖ “អគ្គមគ្គុទេសវិលត្រឡប់មកវិញ ព្រះអាទិត្យនិងព្រះច័ន្ទរះលើផ្ទៃមេឃ Pac Bo។ វីរបុរសប្រមូលផ្តុំគ្នា ចែងចាំងពន្លឺរស្មីនៅទឹកដី Cao Bang” ដោយមានអត្ថន័យថា នៅពេលដែលលោកអគ្គមគ្គុទេស Nguyen Ai Quoc វិលត្រឡប់មកវិញ រូបភាពរបស់លោកគឺដូចជាព្រះច័ន្ទ និងព្រះអាទិត្យអញ្ចឹង។ ពីនោះមក អ្នកបដិវត្តន៍ដូចជាវីរបុរសបានប្រមូលផ្តុំគ្នា ធ្វើឱ្យទឹកដី Cao Bang ចែងចាំងពន្លឺរស្មីយ៉ាងត្រចះត្រចង់។ ស្ថិតនៅទីតាំងដ៏ឧឡារិកបំផុតនៃទីសក្ការៈបូជាគឺរូបសំណាកលោកប្រធានហូជីមិញ។ រូបសំណាកនេះធ្វើពីលោហធាតុស្ពាន់ ដោយមានកម្ពស់ ១,៨ ម៉ែត្រ ទម្ងន់ ១,២៦ តោន”។

អញ្ជើញមកស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ខេត្ត Cao Bang - ảnh 3ភ្ញៀវទេសចរមកទស្សនាតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo។

នៅពេលទើបបានវិលត្រឡប់មកប្រទេសវិញ លោកប្រធានហូជីមិញបានរស់នៅ និងធ្វើការនៅក្នុងល្អាងភ្នំ Pac Bo ដែលត្រូវបានគេស្គាល់ថា ជាល្អាងភ្នំ Coc Po ដោយមានទំហំប្រមាណ ១៥ ម៉ែត្រការ៉េ។ នៅក្នុងល្អាងភ្នំ មានបញ្ជរឈើសម្រាប់លោកប្រធានសម្រាក ចង្ក្រានដុតអុសសម្រាប់កំដៅ តុថ្មសម្រាប់ធ្វើការ ឬដុំថ្មដែលលោកអង្គុយស្ទូចត្រីនៅក្បែរជ្រោះទឹក លេនីន សួនឬស្សីនៅក្បែរល្អាងភ្នំដែលលោកដាំដោយខ្លួនឯង... ខ្ទម Khuoi Nam ស្ថិតនៅចម្ងាយប្រមាណ ១ គីឡូម៉ែត្រពីល្អាងភ្នំ Pac Bo ជាកន្លែងដែលលោកប្រធានហូជីមិញស្នាក់នៅយូរជាងគេនៅ Pac Bo។ ខ្ទមនេះត្រូវបានសាងសង់ឡើងតាមរចនាបទផ្ទះឈើ ដោយមានលក្ខណៈសម្ងាត់និងងាយស្រួលសម្រាប់ការសង្កេតនិងដកថយប្រសិនបើមានសត្រូវ។ បន្ទាប់ពីទៅទស្សនាតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo រួច លោក Do Trong Dong ជាភ្ញៀវទេសចរមកពីទីក្រុងហាណូយបានសម្តែងថា៖

“ជ្រោះទឹក លេនីន ភ្នំ Karl Marx ល្អាងភ្នំ Pac Bo ពិតជាស្អាតណាស់ ដែលសុទ្ធតែជាកន្លែងប្រវត្តិសាស្ត្រ ដោយផ្សាភ្ជាប់ជាមួយនឹងសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ។ ទីតាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្រ្តបដិវត្តន៍ ដូច្នេះនៅពេលដែលខ្ញុំមកទីនេះ មានអ្វីមួយដែលផុសឡើងយ៉ាងខ្លាំងនៅក្នុងក្រអៅបេះដូងរបស់ខ្ញុំ អំពីការអប់រំបដិវត្តន៍។ ទីនេះជាអាស័យដ្ឋានបដិវត្តន៍ ជាទីកន្លែងដែលលោកប្រធានហូជីមិញបានវិលត្រឡប់មកធ្វើការវិញ ក្រោយរយៈពេលជាង៣០ឆ្នាំរសាត់ទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ។ ខ្ញុំបានមកនៅទីនេះជាច្រើនដងហើយ ប៉ុន្តែពេលណាក៏ខ្ញុំមានអារម្មណ៍ដោយឡែក និងពិសិដ្ឋ”។

ចង្កោមកេរ្តិ៍ដំណែល Kim Dong គឺជាផ្នែកមួយដ៏សំខាន់នៃតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo។ លោក Kim Dong ជាជនជាតិ Tay ឈ្មោះពិតគឺ Nong Van Den ដែលទទួលបន្ទុកភារកិច្ចទំនាក់ទំនង ទទួលដឹកជញ្ជូនយុទ្ធជនវៀតមិញ និងប្រគល់សំបុត្រ។ លោក Kim Dong បានពលីជីវិត ខណៈពេលកំពុងបំពេញភារកិច្ចនៅតាមមាត់ជ្រោះទឹក លេនីន នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ១៩៤៣ នៅពេលដែលលោកមានអាយុត្រឹមតែ ១៤ ឆ្នាំប៉ុណ្ណោះ។

តំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo នៅខេត្ត Cao Bang ជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជិតនិងឆ្ងាយ មិនត្រឹមតែដោយទេសភាពធម្មជាតិដ៏អស្ចារ្យ និងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនេះជាទីកន្លែងដែលផ្សាភ្ជាប់នឹងជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញនិងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមក្នុងដំណាក់កាលឆ្នាំ ១៩៤១ ដល់ ១៩៤៥ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ