តភ្ជាប់ទឹកចិត្តសប្បុរស “ដើម្បីកីឡាប្រកបដោយសមភាពនិងនិរន្តរភាព”

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំមកនេះ ក្រៅពីទំនាក់ទំនង “កាន់តែស៊ីជម្រៅ” ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម និងនយោបាយ ប្រទេសថៃនិងវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការជំរុញការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ។ កាលពីខែមិថុនាកន្លងទៅ ស្ថានទូតថៃ សហគមន៍ជនជាតិថៃ និងសហគ្រាសថៃនៅវៀតណាមបាន ប្រគល់ទឹកប្រាក់បរិច្ចាគចំនួនជិត ៩៦ លានដុងពីសកម្មភាពកីឡាប៊ូលីងសប្បុរសធម៌ស្ម័គ្រចិត្តជូនសមាគមប៉ារ៉ាឡាំពិក វៀតណាម ដើម្បីទិញឧបករណ៍កីឡាសម្រាប់កីឡាករពិការ។ សកម្មភាពនេះមិនត្រឹមតែរួមចំណែកជំរុញជនពិការឲ្យមានការរួមវិភាគទានដោយសមភាព និងមោទនភាពក្នុងសង្គមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទឹកចិត្តសប្បុរស ដែលជាគុណធម៌របស់ប្រជាជនថៃនិង វៀតណាមទៀតផង។

តភ្ជាប់ទឹកចិត្តសប្បុរស “ដើម្បីកីឡាប្រកបដោយសមភាពនិងនិរន្តរភាព” - ảnh 1ទិដ្ឋភាពនៅសកម្មភាពកីឡាប៊ូលីងសប្បុរសធម៌ស្ម័គ្រចិត្ត។
សកម្មភាពកីឡាប៊ូលីងសប្បុរសធម៌ស្ម័គ្រចិត្ត “ដើម្បីកីឡាប្រកបដោយសមភាពនិងនិរន្តរភាព” ត្រូវបានប្រារព្ធធ្វើឡើងក្នុងឱកាសពិធីចម្រើនព្រះជន្មព្រះមហាក្សត្រីនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី ៣ មិថុនា កន្លងទៅ ដោយបានទាក់ទាញការចូលរួមរបស់បុគ្គលជិត ១០០ នាក់មកពី សហគមន៍ជនជាតិថៃ សហគ្រាសថៃនៅវៀតណាម សហគមន៍ជនជាតិវៀតណាម សហគ្រាស វៀតណាមរួមជាមួយក្រុមមិត្តភក្តិថៃ និងបណ្ដាកីឡាករនៃសមាគមប៉ារ៉ាឡាំពិកវៀតណាម។ លោក Chaiyaporn Supanya នាយកផ្នែកធនធានមនុស្សនិងកិច្ចការបរទេសនៃសម្ព័ន្ធក្រុមហ៊ុន PRIME និងជាអនុប្រធានសមាគមធុរកិច្ចថៃនៅវៀតណាម បានឲ្យដឹងថា៖
“យើងបានជូនដំណឹងដល់សហគមន៍ជនជាតិថៃអំពីការរៀបចំសកម្មភាព កីឡាប៊ូលីងសប្បុរសធម៌ស្ម័គ្រចិត្តសម្រាប់សមាគមប៉ារ៉ាឡាំពិកវៀតណាម ដើម្បីទិញឧបករណ៍កីឡាសម្រាប់កីឡាករពិការ។ បណ្ដាបុគ្គលនិងសហគ្រាសថៃ បានចូលរួមយ៉ាងសកម្មក្រោមរូបភាពជាច្រើនដូចជា៖ ការបរិច្ចាគទឹកប្រាក់ ការចុះឈ្មោះសម្រាប់ការប្រកួតកីឡាប៊ូលីង ឬការជួយឧបត្ថម្ភជាប្រាក់ដោយផ្ទាល់”។
តភ្ជាប់ទឹកចិត្តសប្បុរស “ដើម្បីកីឡាប្រកបដោយសមភាពនិងនិរន្តរភាព” - ảnh 2លោកស្រី Morakot Janemathukorn អគ្គទីប្រឹក្សាស្ថានទូតថៃ ប្រគល់ទឹកប្រាក់បរិច្ចាគដល់លោក Huynh Vinh Ai ប្រធានសមាគមកីឡាប៉ារ៉ាឡាំពិកវៀតណាម។
លោក Huynh Vinh Ai ប្រធានសមាគមកីឡាប៉ារ៉ាឡាំពិកវៀតណាមបានឲ្យដឹងថា៖ កីឡាប៉ារ៉ា ឡាំពិកវៀតណាមមានប្រវត្តិយូរលង់ណាស់មកហើយ ប៉ុន្តែត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ ១៩៨៩។ ថ្វីត្បិតតែត្រូវបានបង្កើតឡើងនៅពេលក្រោយក៏ដោយ ប៉ុន្តែសមាគមតែងតែខិតខំរៀបចំសម្រាប់ជនពិការឲ្យមានឱកាសចូលរួមសកម្មភាពក្នុងតំបន់ និងពិភពលោក។ រាជរដ្ឋាភិបាលនិងព្រះរាជវង្សានុវង្សថៃ តែងតែយកចិត្តទុកដាក់ដល់កីឡាជនពិការ ជាពិសេសការប្រកួតកីឡាជនពិការនៅអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក។
“យើងខ្ញុំមានការរំភើបចិត្ត និងរីករាយយ៉ាងក្រៃលែងចំពោះគំនិតផ្តួចផ្តើមនេះរបស់ស្ថានទូត។ ក្នុងអំឡុងប្រវត្តិសាស្ត្រពីមុនមក វៀតណាមនិងថៃបានផ្សាភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយនឹងវប្បធម៌ស្រដៀងគ្នា ជាពិសេសស្មារតីមេត្តាករុណា និងការយកចិត្តទុកដាក់ដល់ជនពិការនិងជនមានស្ថានភាពលំបាក។ យើងខ្ញុំសង្ឃឹមថា ស្ថានទូតថៃនឹងបន្តរួមដំណើរ ហើយគាំទ្រចំពោះចលនាកីឡាជនពិការនៅវៀតណាម ក្រោមរូបភាពសមស្របជាច្រើន”។
ចំពោះខាងស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយវិញ លោកស្រី Morakot Janemathukorn អគ្គទីប្រឹក្សាស្ថានទូតថៃ បានឲ្យដឹងថា សកម្មភាពសហគមន៍ដើម្បីជួយឧបត្ថម្ភប្រជាជនវៀតណាម ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្រោមរូបភាពផ្សេងៗគ្នាជាច្រើន។ ក្នុងឆ្នាំ២០២២ វៀតណាមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១។ នេះក៏ជាហេតុផលដែលស្ថានទូតចង់ជួយឧបត្ថម្ភដល់ក្រុមជនពិការនិងកីឡាជនពិការនៅប្រទេសវៀតណាមផងដែរ៖
“ជនពិការគឺជាផ្នែកមួយនៃសង្គម។ យើងខ្ញុំមិនគិតថា គេជាបន្ទុកនោះទេ ប៉ុន្តែជាអ្នកដែលមានសមត្ថភាពធ្វើបានកិច្ចការជាច្រើន។ ប្រការដ៏សំខាន់នោះ គឺយើងចង់ឲ្យជនពិការមានអារម្មណ៍ មោទនភាពចំពោះខ្លួនឯង ទទួលបានការប្រព្រឹត្តដោយសមភាព ហើយអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបាន។ កីឡាជនពិការនៅប្រទេសថៃក៏ត្រូវបានយកចិត្តទុកដាក់ ហើយទទួលបានលទ្ធផលគួរឲ្យលើកទឹកចិត្តក្នុងការប្រកួតអន្តរជាតិផងដែរ។ កាលពីឆ្នាំមុន ថៃដណ្ដើមបានមេដាយ១៨គ្រឿង ជាពិសេសក្នុងការប្រកួតកីឡាអត្តពលកម្ម។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា ការជួយឧបត្ថម្ភនិងបង្កើតឱកាសសម្រាប់ជនពិការនឹងជួយគេបន្តក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់សង្គម”។
ដោយមានអត្ថន័យមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ សកម្មភាពកីឡាប៊ូលីងសប្បុរសធម៌ស្ម័គ្រចិត្ត “ដើម្បីកីឡាប្រកបដោយសមភាពនិងនិរន្តរភាព” របស់ស្ថានទូត សហគមន៍ជនជាតិ និងធុរកិច្ចថៃ មិនត្រឹមតែជួយតភ្ជាប់ និងផ្សព្វផ្សាយទឹកចិត្តសប្បុរសប៉ុណ្ណោះទេ ថែមទាំងជួយជំរុញកិច្ចសហប្រតិបត្តិការកីឡា ហើយរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ