មហិច្ឆតារបស់ហ្វីលីពីនក្នុងការក្លាយជា "មហាអំណាចទេសចរណ៍អាស៊ី"

(VOVWORLD) -  ប្រទេសហ្វីលីពីនទើបបានសម្ពោធជាផ្លូវការនូវតំបន់សម្រាប់ទេសចរណ៍ឆ្លងកាត់ (Transit Tourism) និងទេសចរណ៍វេជ្ជសាស្ត្រដំបូងបង្អស់ នៅស្ថានីយលេខ ៣ នៃអាកាសយានដ្ឋានអន្តរជាតិ នីណយ អាគីណូ (Ninoy Aquino) សំដៅធ្វើទំនើបកម្មសេវាកម្ម និងផ្តល់ឱកាសដល់អ្នកដំណើរក្នុងការរីករាយនិងឆ្លងបទពិសោធន៍វប្បធម៌ បេតិកភណ្ឌ និងប្រជាជនហ្វីលីពីន។ នេះគឺជាការបោះជំហានថ្មីបំផុតនៅក្នុងផែនការរបស់រដ្ឋាភិបាលប្រទេសនេះ ក្នុងការក្លាយជា "មហាអំណាចទេសចរណ៍អាស៊ី" សម្រាប់ដំណាក់កាល ២០២៣-២០២៨។ ជាពិសេសនៅពេលដែលហ្វីលីពីនត្រៀមកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២៦ នឹងជាឱកាសមាសសម្រាប់ប្រទេសនេះ ក្នុងការសម្រេចគោលដៅដ៏មហិច្ឆតារបស់ខ្លួន។ ក្នុងកម្មវិធីថ្ងៃនេះ យើងនឹងស្វែងយល់ពីយុទ្ធសាស្ត្រនេះរបស់ហ្វីលីពីនតាមទស្សនៈរបស់អ្នកសារព័ត៌មាន Pham Ha - អ្នកយកព័ត៌មានវិទ្យុវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីនិងតំបន់អាស៊ាន។

ព័ត៌មានថ្មីបំផុតមួយសម្រាប់ឧស្សាហកម្មទេសចរណ៍ហ្វីលីពីនគឺថា ប្រទេសនេះទើបតែត្រូវបានលើកតម្កើងជាគោលដៅចូលនិវត្តន៍ល្អបំផុតរបស់អាស៊ី នៅឯពានរង្វាន់ TripZilla Excellence Awards លើកទី ១១។ មិនត្រឹមតែមនុស្សវ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏មានមតិដ៏តឹងរឹងរបស់មនុស្សជំនាន់មុនៗក៏បង្ហាញពីសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងឡើងរបស់ហ្វីលីពីន ក្នុងនាមជាឋានសួគ៌វិស្សមកាលផងដែរ។

មហិច្ឆតារបស់ហ្វីលីពីនក្នុងការក្លាយជា ដំណើរទេសចរណ៍ Transit និងទេសចរណ៍វេជ្ជសាស្ត្រត្រូវបានសម្ពោធនៅថ្ងៃទី១៦ ខែធ្នូ នៅស្ថានីយលេខ៣ អាកាសយានដ្ឋានអន្តរជាតិ នីណូយ អាគីណូ ប្រទេសហ្វីលីពីន។ ប្រភព៖ ក្រសួងទេសចរណ៍ហ្វីលីពីន

ដោយមានកោះតូច-ធមជាង ៧០០០ ហ្វីលីពីនបានទាក់ទាញភ្ញៀវទេសចរជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត លំដាប់ពិភពលោក រួមជាមួយបទពិសោធន៍វប្បធម៌និងប្រវត្តិសាស្ត្រដ៏សម្បូរបែប។ អ្នកស្រឡាញ់ធម្មជាតិនឹងរកឃើញតំបន់បេតិកភណ្ឌពិភពលោកដែលទទួលស្គាល់ដោយអង្គការយូណេស្កូ អច្ឆរិយៈធម្មជាតិ និងសត្វព្រៃដ៏កម្រ។ លើសពីនេះ រដ្ឋាភិបាលហ្វីលីពីនមានគោលនយោបាយទិដ្ឋាការទេសចរណ៍ដោយភាពបត់បែន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ជាមួយនឹងអនុគ្រោះដ៏គួរឲ្យទាក់ទាញ។ ជាពិសេស ការចំណាយសមរម្យក៏ជួយភ្ញៀវទេសចរ ឱ្យជៀសវាងសម្ពាធ ហិរញ្ញវត្ថុផងដែរ។ ត្រឹមតែ ១០០០ ដុល្លារក្នុងមួយខែប៉ុណ្ណោះ គឺគ្រប់គ្រាន់ដើម្បីរស់នៅប្រកបដោយផាសុកភាពនៅក្នុងគោលដៅដ៏ស្រស់ស្អាតដូចឋានសួគ៌ ដូចជា Cebu Iloilo Davao Albay Sorsogon ឬ Dumaguete។ អ្នកសារព័ត៌មាន Pham Ha - អ្នកយកព័ត៌មានវិទ្យុវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីនិងតំបន់អាស៊ាន បានធ្វើអត្ថាធិប្បាយថា៖ “ផែនការអភិវឌ្ឍន៍ទេសចរណ៍ជាតិហ្វីលីពីន ដំណាក់កាល ២០២៣-២០២៨ ជាមួយគោលដៅមិនត្រឹមតែកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសមត្ថភាពទទួលបានទេសចរន៍; ការធ្វើឌីជីថលទេសចរណ៍ និងការតភ្ជាប់យ៉ាងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្កើនគុណភាពនៃបទពិសោធន៍ទេសចរណ៍ ដើម្បីឆាប់សម្រេចបានគោលដៅដែលបានដាក់ចេញទៀតផង”។

មហិច្ឆតារបស់ហ្វីលីពីនក្នុងការក្លាយជា ប្រទេសហ្វីលីពីនមានភាពល្បីល្បាញជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។

នៅឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ហ្វីលីពីនបានប្រកាសពីផែនការជំរុញគោលដៅរបស់ខ្លួនដោយផ្តោតលើបេតិកភណ្ឌ និងវប្បធម៌។ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រមួយ ដែលរួមបញ្ចូលទេសចរណ៍បេតិកភណ្ឌនិងវប្បធម៌ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប។ ផ្លូវទេសចរណ៍ជាង ៧០០ គីឡូម៉ែត្រកំពុងសាងសង់នៅទូទាំងប្រទេស បង្កលក្ខ័ណ្ឌអំណោយផលសម្រាប់ការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ដែលមិនទាន់បានរុករក។ ការតភ្ជាប់កាន់តែខ្លាំងឡើងរវាងកោះ និងគោលដៅអន្តរជាតិត្រូវបានរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនភាពទាក់ទាញរបស់ហ្វីលីពីន ជាគោលដៅទេសចរណ៍ឈានមុខគេ។ លោកស្រី Pham Ha បានបន្ថែមថា៖ “រដ្ឋាភិបាលហ្វីលីពីនក៏កំពុងពង្រឹងសមត្ថភាពរបស់សហគមន៍មូលដ្ឋានតាមរយៈកម្មវិធីទេសចរណ៍ជាច្រើន ដែលផ្តល់ជូននូវដំណើរទេសចរណ៍វប្បធម៌ ឧទ្ទេសនាមពីទំនៀមទំលាប់ប្រពៃណី សិល្បៈ និងប្រវត្តិសាស្ត្រវិសេសវិសាលតាមតំបន់នានារបស់ប្រទេស។ នៅឆ្នាំ ២០២៤ ឧស្សាហកម្មទេសចរណ៍បានរួមចំណែក ៣.៨៦០ ពាន់លានប៉េសូ ស្មើនឹងជិត ៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ និងបានបង្កើតការងារចំនួន ៦,៧៥ លានកន្លែង”

ឧស្សាហកម្មទេសចរណ៍ហ្វីលីពីន ត្រូវបានរំពឹងថា នឹងមាន “ការស្តារឡើងវិញយ៉ាងខ្លាំង” នៅឆ្នាំ ២០២៦ ដោយចំនួនភ្ញៀវទេសចរបរទេសអាចឈានដល់ ៦,៣ លាននាក់។ ការព្យាករណ៍ដោយសុទិដ្ឋិនិយមនេះ គឺដោយសារតែការកែលម្អការតភ្ជាប់ និងពង្រីកជើងហោះហើរនៅទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ ការអនុវត្តទិដ្ឋាការអេឡិចត្រូនិកសម្រាប់អ្នកទេសចរចិន និងការធ្វើពិពិធកម្មនៃប្រភេទភ្ញៀវទេសចរណ៍។ ការរៀបចំព្រឹត្តិការណ៍អាស៊ានផ្សេងៗក្នុងអំឡុងពេលឆ្នាំប្រធានអាស៊ានរបស់ហ្វីលីពីន ក៏ជាឱកាសសម្រាប់ប្រទេសនេះ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ខ្លួនទៅកាន់ពិភពលោក។

មហិច្ឆតារបស់ហ្វីលីពីនក្នុងការក្លាយជា កោះ Boracay គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងប្រទេសហ្វីលីពីន។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២៦ ហ្វីលីពីននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់។ ប្រទេសនេះនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាន (ATF) នៅទីក្រុងសេប៊ូ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលគ្រោងនឹងប្រកាសផែនការសកម្មភាពយុទ្ធសាស្ត្រទេសចរណ៍អាស៊ានថ្មី។ នេះនឹងជាក្របខ័ណ្ឌដ៏សំខាន់មួយ ដើម្បីប្រទេសសមាជិកសម្របសម្រួលកាន់តែជិតស្និត ក្នុងការអភិវឌ្ឍ ការគ្រប់គ្រង និងការផ្សព្វផ្សាយទេសចរណ៍ក្នុងដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ