អក្សរសាស្ត្រ - ស្ពានតភ្ជាប់ដំបូលផ្ទះរួម​អាស៊ាន

(VOVWORLD) - ក្នុងបរិយាកាសដ៏ឧឡារិកនៃទីក្រុងបាងកក អមដោយសំឡេងតន្ត្រីចម្រុះភ្លេងដ៏រំជួលចិត្ត ពិធីប្រគល់រង្វាន់អក្សរសាស្ត្រអាស៊ាន - SEA Write Award ២០២៤-២០២៥ បានប្រព្រឹត្តទៅ ដោយគូសញ្ញាដំណើរ ៤៦ ឆ្នាំ នៃការបង្កើត និងការអភិវឌ្ឍនៃពានរង្វាន់នេះ ដែលត្រូវបានចាត់ទុកជានិមិត្តរូបវប្បធម៌រួមនៃតំបន់អាស៊ីអាគ្នេយ៍។ មិនត្រឹមតែជាពានរង្វាន់សម្រាប់លើកតម្កើងស្នាដៃឆ្នើមប៉ុណ្ណោះទេ SEA Write ក៏ជាស្ពានតភ្ជាប់ខឿនអក្សរសាស្ត្រ និងប្រជាជាតិនានានៅក្រោមដំបូលផ្ទះរួម - អាស៊ាន។

ពិធីប្រគល់រង្វាន់នេះ បានប្រមូលផ្តុំអ្នកនិពន្ធ និងកវីចំនួន ១៤ រូបមកពីប្រទេសអាស៊ានចំនួន ៨ រួមមាន៖ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ លោកស្រី Khunying Thipavadee Meksawan ប្រធានគណៈកម្មាធិការរៀបចំពានរង្វាន់ SEA Write បានសង្កត់ធ្ងន់ថា អស់រយៈពេលជាងបួនទសវត្សរ៍កន្លងមក ពានរង្វាន់នេះបានក្លាយជាប្រពៃណីដ៏មានតម្លៃរបស់តំបន់ ជាកន្លែងដែលស្នាដៃអក្សរសាស្ត្រឆ្នើមៗបានជួបជុំគ្នា ដោយនាំមកនូវការត្រិះរិះយ៉ាងស៊ីជម្រៅអំពីមនុស្សជាតិ និងជីវិត។ 

“ពានរង្វាន់ SEA Write មិនត្រឹមតែធ្វើឱ្យដួងព្រលឹងនិងការស្រមៃកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងបន្លឺនូវសំឡេងរួមនៃវប្បធម៌អាស៊ានទៀតផង។ ខ្ញុំជឿជាក់ថា សហគមន៍អក្សរសាស្ត្រនឹងបន្តចិញ្ចឹមបីបាច់រាល់ស្នាដៃដែលមានទស្សនវិស័យផ្ទាល់ខ្លួន ដើម្បីនាំយកអក្សរសាស្ត្រក្នុងតំបន់ឱ្យឈានទៅកាន់ពិភពលោក”។

អក្សរសាស្ត្រ - ស្ពានតភ្ជាប់ដំបូលផ្ទះរួម​អាស៊ាន - ảnh 1អ្នកនិពន្ធដែលទទួលបានពានរង្វាន់ SEA Write ថតរូបអនុស្សាវរីយ៍។

ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ១៩៧៩មក ក្រោមការឧបត្ថម្ភរបស់រាជវង្សថៃ ពានរង្វាន់ SEA Write បានក្លាយជាពានរង្វាន់អក្សរសាស្ត្រដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងតំបន់ ដោយប្រមូលផ្តុំអ្នកនិពន្ធមកពីប្រទេសអាស៊ានចំនួន១០។ ស្នាដៃដែលត្រូវបានលើកតម្កើងមិនត្រឹមតែឆ្លុះបញ្ចាំងពីអត្តសញ្ញាណវិសេសវិសាលរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកតម្លៃជាទូទៅផងដែរ នោះគឺ៖ សេចក្តីប្រាថ្នាដើម្បីសន្តិភាព ការយល់ដឹងគ្នាទៅវិញទៅមករវាងមនុស្សជាតិ និងជំនឿជាក់លើកម្លាំងនៃអក្សរសាស្ត្រ។ អ្នកនិពន្ធប្រ៊ុយណេ Dayang Hajah Nur Hamizah បាននាំមកពានរង្វាន់នូវប្រលោមលោក “Dua Puluh” ដែលនិទានអំពីគ្រោះមហន្តរាយដ៏ធំមួយបានធ្លាក់មកលើពិភពលោក ធ្វើឱ្យប្រព័ន្ធសកលទាំងមូលជាប់គាំង។ អ្នកនិពន្ធ Martin Surayajaya មកពីឥណ្ឌូណេស៊ី ជាមួយនឹងស្នាដៃ “Kesusastraan, Kehancuran” បានឈ្នះពានរង្វាន់ SEA Write ២០២៤ ក្នុងវិញ្ញាសារ អត្ថបទអត្ថាធិប្បាយ។ សម្រាំងកំណាព្យ "The Other Side of the Seesaw" ដោយកវីថៃ Siwakarn Patoommasoot បានឈ្នះពានរង្វាន់ SEA Write ២០២៥។ អ្នកនិពន្ធវៀតណាម Nguyễn Tham Thiện Kế ដែលបានឈ្នះពានរង្វាន់ SEA Write 2024 បានបញ្ជាក់ថា៖ "ស្នាដៃ "រដូវក្តៅក្រោមម្លប់ឈើ" គឺជាសម្រាំងរឿងខ្លីដែលមាន ៣៥ រឿង និងកម្រាស់ ៤៥០ ទំព័រ។ ស្នាដៃរបស់ខ្ញុំត្រូវបានសរសេរឡើងក្នុងរយៈពេលពី ១៥ ទៅ ២០ ឆ្នាំ ដែលសុទ្ធសឹងតែនិយាយអំពីវប្បធម៌វៀតណាម។ ខ្ញុំសរសេរអំពីបណ្ដាយុទ្ធជនដែលវិលត្រឡប់មកពីសមរភូមិ រឿងរ៉ាវប្រចាំថ្ងៃក្នុងជីវភាពបច្ចុប្បន្ន សេចក្ដីប្រាថ្នាក្នុងការកសាងសន្តិភាព និងការធ្វើអាជីវកម្មរបស់បុគ្គលម្នាក់ៗ”

យោងតាមគណៈកម្មការរៀបចំ ចំណុចស្នូលដែលជួយឱ្យ SEA Write នៅតែបន្តឈរជើងយ៉ាងរឹងមាំនោះ គឺជំនឿជាក់ថា ភាសា និងអក្សរសាស្ត្រមិនដែលបាត់បង់ឡើយ ប៉ុន្តែគ្រាន់តែត្រូវការជំរុញឱ្យបានត្រឹមត្រូវ ដើម្បីបន្តមរតកពីជំនាន់មួយទៅជំនាន់មួយ។ ផ្ទុយនឹងការព្រួយបារម្ភថា យុវវ័យកំពុងបែរខ្នងដាក់សៀវភៅ ការពិតបានបង្ហាញថា អ្នកអានវ័យក្មេង ជាពិសេសគឺជំនាន់ Gen Z នៅតែអាន និងនៅតែស្វែងយល់ពីអក្សរសាស្ត្រ ប្រសិនបើពួកគេទទួលបានតាមរយៈទម្រង់នានាដែលសមស្របជាង។ ពីការយល់ឃើញនោះ នៅពេលឈានចូលឆ្នាំទី៤៧ ពានរង្វាន់ SEA Write Award បានចាប់ផ្តើមសកម្មភាពថ្មីៗជាច្រើន សំដៅនាំយកអក្សរសាស្ត្រឱ្យកាន់តែខិតជិតដល់សាធារណជន និងយុវជនជំនាន់ក្រោយ។ លោកស្រី Khunying Thipavadee Meksawan ប្រធានគណៈកម្មការរៀបចំ SEA Write Award បានឱ្យដឹងថា៖  “ទីមួយ យើងនឹងរៀបចំសកម្មភាព SEA Write ចល័តនៅតាមស្ថាប័នអប់រំទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានទូទាំងប្រទេសថៃ ដើម្បីគាំទ្រ និងជំរុញ សកម្មភាពអាន និងការរិះគន់ទិតៀនអក្សរសាស្ត្រទាក់ទងនឹងពានរង្វាន់ SEA Write។ សកម្មភាពទាំងនេះ នឹងមានការចូលរួមរបស់អ្នកនិពន្ធដែលឈ្នះពានរង្វាន់ SEA Write រួមជាមួយសាស្ត្រាចារ្យ អ្នកប្រាជ្ញ និងអ្នករិះគន់ទិតៀនអក្សរសាស្ត្រ។ ទីពីរ បំផុសគំនិតសម្រាប់យុវជន ដោយលើកកម្ពស់សេចក្តីស្រឡាញ់ការអាន និងការនិពន្ធ តាមរយៈវគ្គបណ្តុះបណ្តាល និងសកម្មភាពចែករំលែកបទពិសោធន៍ពីអ្នកនិពន្ធ SEA Write ដោយលើកទឹកចិត្តយុវជនឱ្យចាប់អារម្មណ៍ និងចូលរួមក្នុងការនិពន្ធអក្សរសាស្ត្រ។ ទីបី យើងនឹងរៀបចំការប្រឡង SEA Write សម្រាប់យុវជននៅក្នុងតំបន់ផ្សេងៗ ដើម្បីជ្រើសរើសអ្នកនិពន្ធវ័យក្មេងឆ្នើមជារៀងរាល់ឆ្នាំ”

នៅក្រោមដំបូលផ្ទះរួមអាស៊ាន អ្នកនិពន្ធ និងកវីម្នាក់ៗ បាននាំមកនូវរឿងរ៉ាវរៀងៗខ្លួន និងការចងចាំដោយឡែកនៃប្រជាជាតិរបស់ខ្លួន។ ប៉ុន្តែ នៅពេលដែលរឿងរ៉ាវទាំងនោះបានជួបជុំគ្នានៅក្នុងកម្មវិធី SEA Write វាលែងជារឿងរ៉ាវដាច់ដោយឡែកទៀតហើយ។ ស្នាដៃទាំងអស់បានរលាយបញ្ជូលគ្នា បង្កើតបានជាលំហូរវប្បធម៌រួមក្នុងតំបន់ ដែលអក្សរសាស្ត្រមិនត្រឹមតែសម្រាប់លើកតម្កើងប៉ុណ្ណោះទេ ប៉ុន្តែជាការតភ្ជាប់ ការយល់ចិត្តគ្នាទៅវិញទៅមក និងរួមគ្នាឆ្ពោះទៅអនាគតទៀតផង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ