ភាពសប្បាយរីករាយនៅក្នុងផ្ទះថ្មីរបស់គ្រួសារក្រីក្រនៅស្រុកព្រំដែន Sin Ho ខេត្ត Lai Chau

(VOVWORLD) - ស្រុកព្រំដែន Sin Ho (នៅខេត្ត Lai Chau) គឺជាកន្លែងរស់នៅរបស់គ្រួសារជនជាតិភាគតិចដែលមានជីវភាពលំបាក។ ដោយសារការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ គ្រួសារជាច្រើននៅទីនេះមានផ្ទះរឹងមាំសម្រាប់រស់នៅ ជំនួសផ្ទះចាស់ដែលទ្រុឌទ្រោមពីមុននេះ។

ភាពសប្បាយរីករាយនៅក្នុងផ្ទះថ្មីរបស់គ្រួសារក្រីក្រនៅស្រុកព្រំដែន Sin Ho ខេត្ត  Lai Chau  - ảnh 1អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅស្រុក Sin Ho (Lai Chau) កំពុងខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ដោយបានប្តេជ្ញាចិត្តលុបបំបាត់ផ្ទះបណ្ដោះអាសន្នតាមកាលវិភាគនៅឆ្នាំ ២០២៥ (រូបថត៖ Khac Kien/VOV)

ក្នុងផ្ទះដែលនៅតែធុំក្លិនម្នាងសិលាថ្មី អ្នកស្រី Tan U May អាយុ ៦០ ឆ្នាំ ជនជាតិ Dao នៅភូមិ Phang So Lin ឃុំ Phang So Lin ស្រុក Sin Ho (ខេត្ត Lai Chau) មិនអាចលាក់បាំងភាពសប្បាយរីករាយរបស់ខ្លួនបានឡើយ។ លោកស្រីរៀបការនៅវ័យក្មេង។ ប្ដីរបស់លោកស្រីបានស្លាប់បន្ទាប់ពីលោកស្រីសម្រាលបានកូនដំបូង។ តាំងពីពេលនោះមក ម្ដាយនិងកូនស្រីបានរស់នៅក្នុងផ្ទះមានជញ្ជាំងភក់ ដំបូលប្រក់ស្បូវ និងត្រូវហ៊ំ័ទ្ធដោយអាវភ្លៀង និង បាវ។ ថ្មីៗនេះ គ្រួសារលោកស្រីទទួលបានថវិកាចំនួន ៤០លាន ដុង (១.៧០០ ដុល្លារ) ពីកម្មវិធីគោលដៅជាតិសម្រាប់កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ដើម្បីសាងសង់ផ្ទះមួយខ្នង។ លោកស្រី Tan U May បានចែក រំលែកថា៖ “គ្រួសារខ្ញុំរស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោមយូរ មកហើយ ពេលនេះយើងមានការមើលថែទាំ និងមានផ្ទះល្អសម្រាប់រស់នៅ ជីវភាពរបស់យើងមានស្ថេរភាព សេដ្ឋកិច្ចគ្រួសារយើងនៅតែលំបាក ប៉ុន្តែឥឡូវនេះ ខ្ញុំដាំពោតបន្តិចបន្តួច ហើយមានហូបគ្រប់គ្រាន់ដែរ”។

ភូមិ Phang So Lin មានគ្រួសារជាង ១០០ ដោយមានប្រជាជនជិត ៦០០នាក់។ នៅឆ្នាំ ២០២៤ ភូមិនេះមានគ្រួសារចំនួន ៦ ដែលបានទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋដើម្បីសាងសង់ផ្ទះថ្មី។ រហូតមកដល់ពេលនេះ ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមត្រូវបានលុបបំបាត់ជាមូលដ្ឋាន។ ដើម្បីសម្រេចបានលទ្ធផលនេះ កម្មាភិបាលភូមិបានផ្សព្វផ្សាយដល់ប្រជាជនម្នាក់ៗ អំពីកម្មវិធីលុបបំបាត់លំនៅឋានបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ លោក Tan A Pao លេខាប្រធានភូមិ Phang So Lin ឃុំ Phang So Lin ស្រុក Sin Ho (ខេត្តLai Chau) បានឲ្យដឹងថា៖ “ដោយទទួលបានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ យើងបានរៀបចំការជួបជាមួយអ្នកភូមិ ដើម្បីជ្រើសរើសគ្រួសារដែលជួបការលំបាកជាពិសេស។ ទន្ទឹមនឹងនោះ យើងបានចុះសួរសុខទុក្ខគ្រួសារនីមួយៗ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង វាយតម្លៃ និងជួយពួកគេជួសជុលលំនៅដ្ឋាន”។

ក្នុងពេលជាមួយគ្នានោះ នៅក្នុងឃុំ Phang So Lin ទាំងមូល ថ្នាក់ដឹកនាំឃុំក៏បានអំពាវនាវ និងតភ្ជាប់ទំនាក់ទំនងជាមួយអង្គការ និងបុគ្គលក្នុងនិងក្រៅខេត្ត Lai Chau ដោយឧបត្ថម្ភជាថវិកា និងសម្ភារសំណង់ ដើម្បីជួយដល់គ្រួសារក្រីក្រសាងសង់ផ្ទះថ្មី។ លោក Cheo A Ngai លេខាគណៈកម្មាធិការបក្សឃុំ Phang So Lin ស្រុក Sin Ho (ខេត្ត Lai Chau) បានឲ្យដឹងថា៖ “ឆ្នាំកន្លងមក នៅពេលដែលមានគោលនយោបាយរបស់បក្ស និងរដ្ឋ អំពីការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅតំបន់នោះ ឃុំបានផ្តោតសំខាន់លើការដឹកនាំ និងកៀរគរគ្រួសារ ឱ្យសាងសង់ផ្ទះតាមផែនការ។ គ្រួសារបានរក្សាលំនឹងជីវភាពរស់នៅ ធ្វើការយ៉ាងសកម្មក្នុងផលិតកម្ម និងសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

ភាពសប្បាយរីករាយនៅក្នុងផ្ទះថ្មីរបស់គ្រួសារក្រីក្រនៅស្រុកព្រំដែន Sin Ho ខេត្ត  Lai Chau  - ảnh 2លោកស្រី Tan U May (ខាងស្តាំ) នៅឃុំ Phang So Lin ស្រុក Sin Ho បច្ចុប្បន្នមានផ្ទះរឹងមាំសម្រាប់រស់នៅ (រូបថត៖ Khac Kien/VOV)

រីឯនៅឃុំ Hong Thu ស្រុក Sin Ho លោក Giang A So នៅភូមិ Na Ke ១ បានរស់នៅក្នុងផ្ទះថ្មីធំទូលាយជាលើកដំបូង បន្ទាប់ពីរៀបការជិត ១០ ឆ្នាំមក។ ផ្ទះមានទំហំ ៧០ ម៉ែត្រការ៉េ ត្រូវបានសាងសង់ដោយជំនួយឧបត្ថម្ភចំនួន ៥០ លានដុង (ប្រហែល ២.១០០ ដុល្លារអាមេរិក) ពីកម្មវិធីដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម និងថវិកាដែលគ្រួសារលោក Giang A So  បានខ្ចីពីបងប្អូនសាច់ញាតិ។ លោក Giang A So បានឲ្យដឹង ថា៖ “ពីមុននេះ ខ្ញុំគ្រោងនឹងសង់ផ្ទះតូចមួយសម្រាប់ការរស់នៅ។ ពេលនេះ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល គ្រួសាររបស់ខ្ញុំអាចសង់ផ្ទះធំជាងមុនបាន ខ្ញុំសប្បាយចិត្តណាស់ គ្រួសាររបស់ខ្ញុំគ្រាន់តែកិតគូរពីការរកស៊ីប៉ុណ្ណោះ”។

ឃុំ Hong Thu គឺជាទីកន្លែងរស់នៅរបស់គ្រួសារជនជាតិម៉ុងទាំង១០០%។ អាកាសធាតុនៅទីនេះគឺអាក្រក់ គ្របដណ្តប់ដោយពពកពេញមួយឆ្នាំ។ ជីវិតមនុស្សនៅតែពោរពេញដោយការលំបាក។ លោក Thao A Senh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hong Thu ស្រុក Sin Ho បានឲ្យដឹងថា៖ “លំនៅដ្ឋានភាគច្រើននៅឃុំ Hong Thu គឺមជាផ្ទះបណ្ដោះអាសន្ន។ ពេលយើងចុះភូមិ យើងបានសម្របសម្រួលជាមួយអង្គការសមាគម ចុះទៅផ្ទះនីមួយៗ ថតរូប និងពិនិត្យ បន្ទាប់មកយើងនឹងចងក្រងរបាយការណ៍អំពីស្រុក ដើម្បីរៀបចំធនធានមនុស្សសម្រាប់ជួយគ្រួសារទាំងនោះឱ្យមានលំនៅឋានស្ថិរភាព”។

យោងតាមស្ថិតិរបស់អាជ្ញាធរស្រុក Sin Ho ឆ្នាំ ២០២៥ នេះនៅតែមានគ្រួសារជិត ១.៨០០ រស់នៅក្នុងផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ លោក Bui Van Tuan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក Sin Ho ខេត្ត Lai Chau បានឲ្យដឹងថា ដើម្បីបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅតំបន់នោះ ក្រៅពីចំនួនថវិកាឧបត្ថម្ភរបស់រដ្ឋតាមបទប្បញ្ញត្តិ ស្រុកក៏បានបែងចែកថវិកាតាមមូលដ្ឋាន និងអំពាវនាវដល់អង្គការ បុគ្គល និងសប្បុរសជននានា រួមដៃគ្នាជួយឧបត្ថម្ភដើម្បីប្រជាជនក្រីក្រមានផ្ទះល្អសម្រាប់ការស្នាក់នៅ៖

“ស្រុកនឹងព្យាយាមប្រមូលផ្តុំធនធាន ដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះដែលទ្រុឌទ្រោម។ ស្រុកបានប្រមូលផ្តុំធនធាន ក៏ដូចជាស្នើឱ្យខេត្ត ដើម្បីមានផែនការជាក់ស្តែង សម្រាប់អនុវត្តរៀងរាល់ខែ និងត្រីមាសនីមួយៗ”។

ផ្ទះរឹងប៉ឹង ដែលជាក្តីស្រមៃរបស់គ្រួសារក្រីក្រ និងជិតក្រីក្រជាច្រើនកំពុងកើតមានជាបណ្តើរៗ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងការខិតខំប្រឹងប្រែងរបស់ប្រជាជននៅតំបន់ព្រៃភ្នំ Lai Chau។ ផ្ទះទាំងនេះកំពុងនាំមកនូវសេចក្តីជំនឿ និងក្តីសង្ឃឹម ជួយពួកគេឆ្ពោះទៅអនាគតដ៏ភ្លឺស្វាងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ