(VOVWORLD) - នៅដើមនិទាឃរដូវថ្មីឆ្នាំម្សាញ់សប្តស័ក ភាពសប្បាយរីករាយបានកើនឡើងទ្វេដងសម្រាប់គ្រួសារក្រីក្រជាច្រើននៅក្នុងខេត្ត Yen Bai ដែលជាតំបន់ភ្នំ ព្រោះឥឡូវនេះពួកគេមានផ្ទះថ្មីរឹងមាំ។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ រួមនឹងការសហការពីសហគមន៍ទាំងមូលក្នុងការអនុវត្តគម្រោងលុបបំបាត់លំនៅឋានបណ្ដោះអាសន្ន និងខូចគុណភាព ដែលចេញដោយរដ្ឋាភិបាល។
ផ្ទះសមរម្យស្អាតបាត ជំនួសឲ្យផ្ទះបណ្តោះអាសន្ន (រូបថត៖ Dinh Tuan/VOV) |
ផ្ទះថ្មីរបស់គ្រួសារលោក Trinh Van Hien នៅភូមិ ២ ឃុំ Nghia Lo ទីរួមខេត្ត Nghia Lo ខេត្ត Yen Bai មានទំហំជិត ១០០ ម៉ែត្រការ៉េ មានបន្ទប់គេង ៣ បន្ទប់ទទួលភ្ញៀវ ១ និងផ្ទះបាយ ១។
ជាជាងឈើមានធ្វេដៃម្នាក់ ក្នុងអំឡុងពេលមុននេះ ប្រាក់ចំណូលរបស់លោកធ្លាប់ផ្គត់ផ្គង់គ្រួសារមួយដែលមានគ្នាបួននាក់។ ជាអកុសល់ កាលពីប៉ុន្មានឆ្នាំមុន លោកជួបគ្រោះថ្នាក់ការងារ ដែលធ្វើឱ្យសុខភាពត្រូវធ្លាក់ចុះ សេដ្ឋកិច្ចយ៉ាប់យឺន ហើយផែនការជាច្រើនត្រូវផ្អាក រួមទាំងការសាងសង់ផ្ទះដ៏រឹងមាំមួយដែរ។ ជាសំណាងល្អ នៅឆ្នាំនេះ តាមគម្រោងសាងសង់ផ្ទះសម្រាប់គ្រួសារក្រីក្រក្នុងដំណាក់កាល ២០២៣ - ២០២៥ របស់ខេត្ត Yen Bai គ្រួសាររបស់លោកបានទទួលការឧបត្ថម្ភពីរដ្ឋចំនួន ៥០ លានដុង បូករួមទាំងការឧបត្ថម្ភពីអង្គការ បុគ្គល សាច់ញាតិ និងប្រាក់កម្ចីបន្ថែម ដូច្នេះផ្ទះថ្មីនេះត្រូវបានសាងសងបង្ហើយដោយភាពរីករាយរបស់សមាជិកគ្រួសារ។
“រដ្ឋាភិបាល និងអង្គការនានាបានជួយឱ្យខ្ញុំមានផ្ទះដ៏កក់ក្ដៅ ខ្ញុំរីករាយ និងរំភើបជាខ្លាំង។ ស្វាមីនិងខ្ញុំនឹងព្យាយាមគេចពីភាពក្រីក្រក្នុងពេលឆាប់ៗ”។
ដូចគ្រួសាររបស់លោក Hien ដែរ គ្រួសាររបស់លោក Sung A Khoang ដែលជាជនជាតិ Mong នៅឃុំ Na Hau ស្រុក Van Yen (Yen Bai) ក៏មានផ្ទះថ្មីរឹងមាំផងដែរ។ លោក Khoang ចែករំលែកថា ការមានផ្ទះដ៏រឹងមាំមួយសម្រាប់រស់នៅ គឺជាក្តីស្រមៃរបស់គ្រួសារលោកជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះបានក្លាយជាការពិត។
“គ្រួសារខ្ញុំត្រូវបានរដ្ឋឧបត្ថម្ភដោយសប្បុរសជន និងអាជ្ញាធរមូលដ្ឋានជួយដល់៧០លានទៀត ខ្ញុំដឹងគុណជាខ្លាំង”។
ថ្នាក់ដឹកនាំខេត្ត Yen Bai បន្តជួយឧបត្ថម្ភថវិកាដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមក្នុងខេត្តក្នុងឆ្នាំ ២០២៥ (រូបថត៖ Dinh Tuan/VOV) |
ជាខេត្តភ្នំមួយដែលមានស្ថានភាពសេដ្ឋកិច្ចលំបាកនោះ Yen Bai បានចេញនូវគម្រោង និងគោលនយោបាយជាច្រើនដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ការថែទាំជនក្រីក្រ និងអ្នកទទួលផលគោលនយោបាយ។ ទាក់ទងនឹងគម្រោងផ្គត់ផ្គង់លំនៅឋានសម្រាប់គ្រួសារក្រីក្រ ដំណាក់កាលឆ្នាំ២០២៣-២០២៥ បន្ទាប់ពីអនុវត្តបានរយៈពេល២ឆ្នាំ ខេត្តទាំងមូលបានជួយសាងសង់និងជួសជុលផ្ទះបានជាង៣ពាន់ខ្នង សម្រេចបាន១០០%នៃគោលដៅដែលបានកំណត់។ ថវិកាប្រមូលសរុបគឺច្រើនជាង ២,៥ ដងបើធៀបនឹងគម្រោងដែលបានដាក់ចេញ។ លើសពីនេះខេត្តក៏បានជួយដល់ការសាងសង់ផ្ទះចំនួន៧៥០ខ្នងនៅក្រៅគម្រោងផងដែរ ។
ចែករំលែកអំពីរបៀបអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព លោក Luong Manh Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nghia Lo និងលោកស្រី Luong Thi Xuyen អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Mu Cang Chai ខេត្ត Yen Bai បានឲ្យដឹងថា៖
“ទីរួមខេត្ត Nghia Lo បានប្រមូលធនធានគាំទ្រចម្រុះ។ ក្រៅពីជំនួយហិរញ្ញវត្ថុពីរដ្ឋ សហគមន៍ និងមូលដ្ឋានបានជំរុញការកៀងគរវិភាគទាន និងជំនួយពីត្រកូល និងគ្រួសារ គួបផ្សំនឹងជំនួយក្នុងលក្ខខណ្ឌនៃថ្ងៃធ្វើការពីកម្លាំងនគរបាល កងទ័ព និងអង្គការនានា ...”
“យើងកៀរគរធនធានក្នុងមូលដ្ឋានដូចជា៖ ប្រមូលវិភាគទានពីសហគមន៍ ពីភូមិ ពីបងប្អូនញាតិមិត្ត។ មានគ្រួសារនៅលីវដែលក្រីក្រពេក ឬចាស់ហើយឯកោ ដូច្នេះយើងប្រគល់ឱ្យអង្គការសង្គមជួយឧបត្ថម្ភ”។
បច្ចុប្បន្ននេះ នៅខេត្ត Yen Bai ទាំងមូល នៅតែមានគ្រួសារមានគុណូបការៈជាង ២.២០០ គ្រួសារ ញាតិមិត្តយុទ្ធជនពលី គ្រួសារក្រីក្រ និងប្រជាជនជួបការលំបាក រស់នៅក្នុងផ្ទះសាមញ្ញ បណ្តោះអាសន្ន ទ្រុឌទ្រោម។ ខេត្តខិតខំបញ្ចប់ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម មុនថ្ងៃទី៣០ ខែសីហា ឆ្នាំនេះ។ លោក Tran Huy Tuan លេខាបក្សខេត្ត Yen Bai បានឲ្យដឹងថា៖
“ប្រជាជនមានអ្វីនឹងរួមវិភាគទាននោះ អ្នកខ្លះចូលរួមកម្លាំង អ្នកខ្លះចូលរួមថវិការ ហើយអ្នកណាច្រើនបរិច្ចាគតិច អ្នកណាមានតិចរួមចំណែកតិច។ ជាពិសេស មូលដ្ឋានត្រូវយកចិត្តទុកដាក់លើការក្តាប់ និងរក្សាឱ្យបានរឹងមាំនូវចំនួនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារជិតក្រីក្រដែលមានការលំបាកលំនៅឋាន ដើម្បីឱ្យមានផែនការគាំទ្រទាន់ពេលវេលា”។
នៅឆ្នាំ ២០២៥ ខេត្ត Yen Bai ខិតខំកាត់បន្ថយអត្រាភាពក្រីក្រ ២,៥៧% បើធៀបនឹងឆ្នាំ ២០២៤ (ស្មើនឹង ២.៨៤៩ គ្រួសារ)។ ផ្ទះធំទូលាយដែលបានសាងសង់ និងប្រគល់ជូនគ្រួសារក្រីក្រនៅខេត្តភ្នំ Yen Bai គឺជាការលើកទឹកចិត្ត ក្លាយជា "កម្លាំងចិត្ត" សម្រាប់ពួកគេក្នុងការរក្សាលំនឹងជីវិត ងើបចេញពីភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យ Yen Bai ដឹកនាំខេត្តនៅតំបន់ភាគពាយ័ព្យក្នុងការកសាងជនបទថ្មី៕