ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) -មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន 283 មកពីប្រទេសនិងតំបន់ដែនដីចំនួន 42 នៅទូទាំងពិភព លោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទចំនួន 12របស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទ មកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ព័ត៌មានអំពី«កិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ COP24 នៅទីក្រុង Katowice ប្រទេសប៉ូឡូញ» |
មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរដ្ឋធានីហាណូយ មិត្តអ្នកស្តាប់ ស្រីលីម ជានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានការទូតវៀតណាម បានផ្ញើសំបុត្រដោយបង្ហាញនូវការយកចិត្តទុកដាក់ដ៏ពិសេសចំពោះនាទី «ព័ត៌មាន» នៃកម្មវិធីផ្សាយជាភាសាខ្មែរ។ មិត្តអ្នកស្តាប់រូបនេះបានឲ្យដឹងថា « ដោយសារខ្ញុំរៀនជំនាញខាងការទូត ហេតុដូច្នេះហើយ ការធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំថ្ងៃ មានសារៈសំខាន់ណាស់សំរាប់និស្សិតដូចរូបខ្ញុំ។ ម្យ៉ាងវិញទៀត ដោយមានភាសាខុសៗពីគ្នា ហើយក៏ធ្វើឲ្យខ្ញុំជួបការលំបាកក្នុងការអាននិងស្តាប់ព័ត៌មានជាភាសាវៀតណាមផងដែរ។ ក៏ប៉ុន្តែ ខណៈពេលដែលស្គាល់ដល់វិទ្យុសម្លេងវៀតណាមមាននាទី «ព័ត៌មាន» ជាភាសាវៀតណាមនិងខ្មែរ ខ្ញុំមិនត្រឹមតែបានហាត់រៀនភាសាវៀតណាមយ៉ាងទៀងទាត់ប៉ុណ្ណោះទេ ថែមទាំងបានក្តាប់ជាប់ព័ត៌មាន «ដ៏ក្តៅគគុក» ជាភាសាខ្មែរ ស្តីអំពីស្ថានភាពនយោបាយ-សង្គម សេដ្ឋកិច្ច វប្បធម៌និងល្បែងកម្សាន្តនានានៅក្នុងនិងក្រៅប្រទេសទៀតផង។ នេះពិតប្រាកដជាគេហទំព័រដ៏មានផលប្រយោជន៍បំផុតចំពោះរូបខ្ញុំ និងជាប្រភពចំណេះដឹងដ៏មានតម្លៃសំរាប់ខ្ញុំក្នុងការសិក្សារៀនសូត្រនៅពេលអនាគតផងដែរ។ ប្រសិនមានឱកាស ខ្ញុំនឹងណែនាំផ្នែក«ព័ត៌មាន»នេះ ដល់មិត្តភ័ក្តិខ្ញុំនៅកម្ពុជា ក៏ដូចជានិស្សិតកម្ពុជាផ្សេងៗទៀតដែលនឹងកំពុងសិក្សារៀនសូត្រនៅវៀតណាមផងដែរ»។ កម្មវិធីយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែករបស់មិត្ត ស្រីលីម ហើយសង្ឃឹមថានាពេលខាងមុខកម្មវិធីយើងខ្ញុំ នឹងខិតខំប្រឹងប្រែងលើកកំពស់គុណភាពឲ្យបានល្អប្រសើរថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការស្តាប់របស់មិត្តអ្នក ស្តាប់ទាំងជិតទាំងឆ្ងាយផងដែរ។
ឡានក្រុង ២ ជាន់ VietNam Sightseeing សំខាប់ខ្សែផ្លូវ « Thang Long–Ha Noi City Tour» នៅទីក្រុងហាណូយ |
ពីរាជធានីភ្នំពេញ មិត្តអ្នកស្តាប់ គីមសេង មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីឡានក្រុង ២ ជាន់ VietNam Sightseeing សំខាប់ខ្សែផ្លូវ « Thang Long–Ha Noi City Tour»ដែលដាក់ដំណើរការឲ្យប្រើប្រាស់នៅទីក្រុងហាណូយ។ មិត្តអ្នកស្ដាប់ជាទីមេត្រី! ថ្មីៗនេះ ក្រុមហ៊ុនទេសចរណ៍ វៀតណាម - ហាណូយ ( Vietnam Tourism - Ha Noi) បានរៀបចំពិធីសម្ពោធឡានក្រុង ២ ជាន់ VietNam Sightseeing សំរាប់ខ្សែផ្លូវ Thang Long – Ha Noi City Tour ដើម្បីបម្រើភ្ញៀវទេសចរទស្សនាជំវិញទីក្រុងហាណូយ។ នេះគឺជាខ្សែផ្លូវទី ២ សំរាប់ឡានក្រុង២ជាន់នៅហាណូយ ដែលដាក់ឲ្យដំណើរការ។ ទីកន្លែងទេសចរណ៍ និងគោលដៅទស្សនារបស់ Thang Long – Ha Nou City Tour មានភាពខុសៗគ្នាដល់ ៤០% បើប្រៀបនឹងខ្សែផ្លូវទី ១ របស់អគ្គក្រុមហ៊ុនដឹកជញ្ជូនហាណូយ។ មិនត្រឹមតែដឹកជញ្ជូនភ្ញៀវទេសចរធ្វើដំណើរការទស្សនាកេរិ៍ដំណែលជាប្រវត្តិសាស្ត្រ និងរមណីយដ្ឋានដ៏ល្បីឈ្មោះពីលើឡានក្រុង ២ ជាន់ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យភ្ញៀវទេសចរអាចស្វែងរកព័ត៌មានដ៏មានប្រយោជន៍អំពីទីក្រុងហាណូយនៅលើឡានក្រុងនោះទៀតផង។ ក្រុមហ៊ុននេះក៏បានបំពាក់ប្រព័ន្ធកម្មវិធីទន់ផ្នែក គ្រប់គ្រងការដឹកជញ្ជូន ការតភ្ជាប់ប្រព័ន្ធអនឡាញ ការលក់ទំនិញ និងអធិប្បាយព័ត៌មានដោយស្វ័យប្រវត្តិជាភាសាផ្សេងៗទៀតផង។ ការទស្សនាជំវិញទីក្រុងហាណូយដោយជិះឡានក្រុង ២ ជាន់ ត្រូវបានចាត់ទុកជាមធ្យោបាយទេសចរណ៍យ៉ាងជិតស្និទប្រកបដោយផាសុខភាព និងមានតម្លៃសមរម្យសំរាប់ភ្ញៀវទេសចរជាច្រើន កុះករ ផងដែរ។
បាញ់ឆែវនៅភាគកណ្តាលវៀតណាម |
មិត្តអ្នកស្តាប់ឈ្មោះ រាត្រីចិន្តា មកពីខេត្តក្រចះប្រទេសកម្ពុជា មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីចំណុចពិសេសរបស់ បាញ់ឆែវនៅភាគកណ្តាលវៀតណាម ។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! បាញ់ឆែវជាមុខម្ហូបមួយប្រភេទដែលមានភាពជិតស្និទជាមួយប្រជាជនភាគខាងត្បូង និងភាគនៅកណ្តាលវៀតណាម។ ខុសពី បាញ់ឆែវដែលមានទំហំដ៏ធំនៅភាគខាងត្បូងវៀតណាម បាញ់ឆែវនៅភាគខាងកណ្តាលវៀតណាមមានទំហំប៉ិនបាតដៃមនុស្សពេញវ័យ ហើយនំស្នូលត្រូវបានដាក់សាច់តិចជាង ដូចជាសាច់បង្កង ឬសាច់មឹក ហើយក៏ដាក់សណ្ដែកបណ្តុះស្រស់បន្ថែមទៀតផង។ បាញ់ឆែវនៅភាគកណ្តាលវៀតណាមមិនត្រឹមតែទាក់ទាញភ្ញៀវមកពិសារដោយសារមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានទឹកជ្រលក់ជូផ្អែមនិងជីស្រស់ៗដ៏ឆ្ងាញ់ពិសារទៀតផង។ ទឹកជ្រលក់របស់បាញ់ឆែវភាគខាងកណ្តាល វៀតណាមមានច្រើនសម្បូរបែបផងដែរ ក្រៅពីទឹកជ្រលក់ជូផ្អែម ដូចរបៀបបពិសាររបស់ជនភាគខាងត្បូងវៀតណាមនោះ នៅតែមានទឹកត្រីជ្រលក់ ដែលត្រូវបានលាយផ្សំយ៉ាងឆ្ងាញ់ត្រូវមាត់ហើយហូបជាមួយសណ្ដែកដីគឺពិតជាល្អម្យ៉ាងផងដែរ។ អ្នកទាំងអស់គ្នាអាចបរិភោគមុខម្ហូប បាញ់ចែវដ៏សាមញ្ញនេះនៅកន្លែងល្បីៗមួយចំនួននៅវៀតណាមដូចជា ហាងបាញ់ឆែវនៅខេត្ត Binh Thuan បាញ់ចែវសាច់កំពឹសនៅខេត្ត Quy Nhon និងបាញ់ចែវភាគកណ្តាលវៀតណាម Co Anh ឬ ហាង co Ba Phan Rang ជាដើម។ ហេតុដូច្នេះហើយ ទោះបីជានំបាញ់ចែវភាគកណ្តាលវៀតណាមជាមុខម្ហូបមួយប្រភេទដ៏សាមញ្ញៗ ក៏ប៉ុន្តែមុខមហ្ហូបនេះនៅតែមានតួនាទីដ៏វិសេសវិសាលក្នុងការពិសារមុខម្ហូបអាហារបស់ប្រជា ជនវៀតណាមផងដែរ៕
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕