ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទចំនួន ២៩០ របស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៥នៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ចំនួន ១១ របស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នក ស្តាប់ដែលបានផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និង ឯឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា(រូបថត៖ vov)

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរាជធានីភ្នំពេញ មិត្តអ្នកស្តាប់ មុនីណាម បានផ្ញើរសំបុត្រដោយសំដែងនូវក្តីសប្បាយរីករាយនិងរំជួលចិត្តនៅពេលដែលបានដឹងដំណឹងថានាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានប្រគល់ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានូវសម្ភារៈបរិក្ខាពេទ្យ ដែលមានទឹកប្រាក់ចំនួន ៧ ពាន់លាន  ដុង ដើម្បីជួយគាំទ្រកម្ពុជាក្នុងការបង្ការនិងទប់ស្កាត់ជំងឺ Covid-19។ ក្នុងសំបុត្រមិត្តបានចែករំលែកថា៖ « ខ្ញុំពិតជារំភើបចិត្តណាស់នៅពេលដែលដឹងថាក្នុងបរិបទដែលប្រទេសទាំងអស់នៅលើពិភពលោករងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 ក្នុងនោះវៀតណាមក៏កំពុងរងគ្រោះហើយបានព្យាយាមអស់ពីកម្លាំងកាយចិត្តដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺនេះតែម្តង ប៉ុន្តែរដ្ឋាភិបាលនិងប្រជាជនវៀតណាមនៅតែសម្រេចចិត្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានូវសម្ភារៈបរិក្ខាពេទ្យដ៏ចាំបាច់យ៉ាងដូច្នេះ។ ប្រការនេះបានសរឲ្យឃើញយ៉ាងច្បាស់នូវចំណងសាមគ្គីភាពនិងមិត្តភាពដែលស្របតាមពាក្យស្លោកថា «ស្រឡាញ់គ្នាគ្រាក្រ ស្គាល់ចិត្តល្អគ្រាលំបាក» ។ ខ្ញុំសង្ឃឹមថាដោយមានជំនួយឧបត្ថម្ភទាន់ពេលវេលានេះ នឹងរួមចំណែកជួយលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យជំនះពុះពារលើការលំបាក ដើម្បីរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួមគឺជាជំងឺរាតត្បាតសកល Covid-19 ផងដែរ។

មិត្តអ្នកស្តាប់ Mony Nam ជាទីរាប់អាន! កម្មវិធីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់មតិដ៏ស្មោះត្រង់របស់មិត្តដែលបានផ្ញើមកកាន់កម្មវិធី។ សម្រាប់ប្រទេសជិតខាងដូចជាកម្ពុជា វៀតណាមតែងតែប្រកៀកស្មាគ្នានិងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងគ្រប់កាលៈទេសៈ ដើម្បីទប់ស្កាត់ជំងឺឆ្លងនេះឲ្យបាន   ឆាប់ៗ រួមទាំងការពារសុខភាពសម្រាប់ប្រជាជនទាំងមូល ដោយឈរលើស្មារតី សាមគ្គីភាព ឯកភាព ដែលបានចែងក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 វីរអ្នកម្តាយវៀតណាម Nguyen Thi Ngan អាយុ ៩០ ឆ្នាំ បានបរិច្ចាកទឹកប្រាក់ចំនួន ៥ លានដុងជូនដល់    គណៈកម្មការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 (រូបថត៖ kinhtedothi)

 

ទាក់ទិននឹងបញ្ហាជំងឺរាតត្បាត Covid-19 ដែរ មិត្តអ្នកស្តាប់ វ៉ាន់ពិទ្ធិ ដែលជានិសិត្សកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យ Kien Giang (ភាគខាងត្បូងវៀតណាម) មានបំណងចង់ស្វែងយល់អំពីសកម្មភាពដ៏ល្អៗមួយចំនួនក្នុងកំឡុងពេលដែលជំងឺ Covid19 កំពុងរីករាលដាលនៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី! ដើម្បីជួយជ្រោមជ្រែងការអំពាវនាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាពេលថ្មីៗនេះ នៅវៀតណាមមានសកម្មភាពសប្បុរសធម៌ជាច្រើនរាប់មិនអស់អំពីការជួយឧបត្ថម្ភគាំទ្រដ៏មានអត្ថន័យរបស់ប្រជាជនទូទាំងប្រទេសផងដែរ។ ជាក់ស្តែងនៅទីក្រុង Da Nang ក្លឹប "យើងស្រឡាញ់រាប់អានគ្នា" បានកៀរគរសប្បុរសជនជាច្រើនក្នុងរៀបចំការធ្វើម្ហូបដើម្បីចែកជូនដោយឥតគិតថ្លៃដល់ប្រជាជនដែលមានស្ថានភាពលំបាកក្នុងទីក្រុង។ពិតណាស់ថា ចាប់តាំងពីថ្ងៃដំបូងនៃការរក្សាគម្លាតសង្គម ចូលជាធរមានមក ក្លឹបនេះបានចែកជូនបាយនិងម្ហូបប្រមាណ ៥០០ កញ្ចប់ដល់ប្រជាជនជារៀងរាល់ថ្ងៃផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ នាពេលថ្មីៗនេះដែរ នៅទីក្រុង Quang Ninh វីរអ្នកម្តាយវៀតណាម Nguyen Thi Ngan អាយុ ៩០ ឆ្នាំ បានបរិច្ចាកទឹកប្រាក់ចំនួន ៥ លានដុងជូនដល់    គណៈកម្មការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នៅតំបន់មូលដ្ឋានផងដែរ។ នេះគឺជាចំនួនទឹកប្រាក់ដែលវីរអ្នកម្តាយ Nguyen Thi Ngan បានសន្សំសម្ចៃអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដើម្បីចែករំលែកនិងជួយគាំទ្រដល់កម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះ។ លោកអ្នកនាងជាទីមេត្រី! “ស្លឹកឈើល្អការពារស្លឹកឈើរហែក” គឺជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អប្រពៃរបស់ប្រទេសវៀតណាមតាំងពីយូរណាស់មកហើយរហូតមកដល់បច្ចុប្បន្ន ដោយហេតុនេះកម្មវិធីយើងខ្ញុំសង្ឃឹមថាអំណោយជាក់ស្តែងរបស់មនុស្សម្នាក់ៗ ទោះបីមិនធំដុំប៉ុណ្ណាក៏ដោយ ប៉ុន្តែអាចរួមចំណែកដល់ការលើកទឹកចិត្តប្រជាជនឲ្យមានកម្លាំងចលករថែមទៀតក្នុងការជំនះពុះរាល់ការលំបាកក្នុងជីវ ភាពរស់នៅ ដើម្បីរួមដៃគ្នា យកឈ្នះលើជំងឺរាតត្បាត Covid-19 ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3 បទចម្រៀង «វៀតណាមអើយ! យើងរួមគ្នាវាយឈ្នះលើជំងឺ COVID!» ក្រើនរំលឹកសារជាថ្មីម្តងទៀតនូវសេចក្តីស្នេហាជាតិ និងនាំមកនូវជំនឿទុកចិត្ត សាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ COVID-19 (រូបថត៖ Minhbetavn)

មិត្តអ្នកស្តាប់ជាទីមេត្រី! ក្នុងរយៈពេលកម្លងមក ការប្រើប្រាស់តន្ត្រីធ្វើជាសារបំផុសការរីកសាយភាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក្នុងកំឡុងពេលរក្សាគម្លាតសង្គម បានក្លាយជានិន្នាការថ្មីសម្រាប់យុវជនវៀតណាមផងដែរ។ ជាកស្តែង ក្នុង MV បទចម្រៀង «វៀតណាមអើយ! យើងរួមគ្នាវាយឈ្នះលើជំងឺ COVID!» ដែលត្រូវបានតន្ត្រីករ Minh Beta និពន្ធក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងគំរាមកំហែងដល់អាយុជីវិតនិងភាពសុខសាន្តត្រាណរបស់ប្រជាជនទាំងមូល។ បទចម្រៀងនេះបានសម្តែងដោយអ្នកចម្រៀងនិងសិល្បករវ័យក្មេងចំនួន២០នាក់ ហើយរហូតមកដល់ពេលនេះមានអ្នកទស្សនាចូលមើលជិត ៤ សែនលើកនៅតាមបញ្តាញ Youtube ផងដែរ។ តាមរយៈបទចំរៀងដ៏មានអត្ថន័យនេះ តន្ត្រីករ Minh Beta សង្ឃឹមថានឹងក្រើនរំលឹកសារជាថ្មីម្តងទៀតនូវសេចក្តីស្នេហាជាតិ និងនាំមកនូវជំនឿទុកចិត្ត សាមគ្គីភាព ក៏ដូចជាស្មារតីស្រឡាញ់គ្នា ដើម្បីយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះតែម្តង។ ជាបន្តនេះ សូមអញ្ជើញមិត្តអ្នកស្តាប់ទាំងអស់តាមដានស្តាប់បទចំរៀងនេះ រួមទាំងចែករំលែកពីអារម្មណ៍របស់មិត្តចំពោះបទចម្រៀងនេះមកកាន់កម្មវិធីយើងខ្ញុំណា៎។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្តចំពោះព័ត៌មានខាងលើនេះ។ រាល់មតិឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនៅសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ