ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន 396 ដែលក្នុងនោះកម្មវិធីផ្សាយ ជាភាសាខ្មែរទទួលបានសំបុត្រចំនួន 10។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 រូបសំណាកព្រះយេស៊ូ

បណ្ដាកម្មវិធីបន្តទទួលបានសំបុត្រជាច្រើនពីមិត្តអ្នកស្តាប់ ដែនបានអបអរសាទរបុណ្យសំពះព្រះខែ។ ជាក់ស្ដែង មិត្តអ្នកស្ដាប់ ទស្សនិក ជនម៉ិកស៊ិក Armando Francisco Higuera del Reyo សរសេរថា“ បុណ្យតេតសំពះព្រះខែ ដែលបានប្រព្រឹត្តិទៅនៅវៀតណាមគឺជាពិធីបុណ្យមួយដែលពោរពេញទៅដោយអត្ថន័យ ព្រោះថាវាបានបញ្ជាក់ឲ្យពិភពលោកឃើញនូវសារៈសំខាន់នៃសកម្មភាពនានាសម្រប់កុមា។ យោងតាមអង្គការយូនីសេហ្វថាវៀតណាមកំពុងខិតខំប្រឹងប្រែង បង្កើតជីវភាពរស់នៅប្រកបដោយគុណភាពជាមួយនឹងសិទ្ធិជាមូលដ្ឋានដែលត្រូវបានធានាសម្រាប់កុមារ។ ” ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនពីប្រិយមិត្ត។ ក្នុងនោះ មានមតិគួរឲ្យចាប់អារម្មណ៍របស់ មិត្តអ្នកស្តាប់ គឹមដារ៉េត មកពីរាជធានីភ្នំពេញ។ ក្នុងសំបុត្រ ដែលបានផ្ញើមកកាន់កម្មវិធី មិត្តបានសរសេរថា “ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំដឹងថាទីក្រុងហូជីមិញបានលើកសំណើរធ្វើសាកពិសោធន៍គំរូប្រើប្រាស់កង់សាធារណៈឆ្លាតវៃ។ តើ គំរូនេះដំណើរការយ៉ាងដូចម៉្ដេច។ មិត្តអាចចែករំលែកព័ត៌មានបន្ថែមឲ្យខ្ញុំបានទេ។ សូមអរគុណ"។ មិត្តគឹមដារ៉េតនិងមិត្តអ្នកស្ដាប់ជាទីមេត្រី កាលពីថ្ងៃទី ៣ ខែតុលាកន្លងទៅ មន្ទីរគមនាគមន៍ និងដឹកជញ្ជូនទីក្រុងហូជីមិញបានឲ្យដឹងថា មន្ទីរបានស្នើឲ្យគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញអនុម័តលើគោលការណ៍ធ្វើសាកពិសោធន៍កង់សាធារណៈនៅទីក្រុង។ សំណើរនេះត្រូវបាននាំចេញ សំដៅ ជំរុញតម្រូវការប្រើប្រាស់មធ្យោបាយសាធារណៈរបស់ប្រជាជន ជួយ កាត់បន្ថយការបំពុលបរិស្ថាននិងការកកស្ទះចរាចរណ៍។ វិនិយោគិននឹងធ្វើការសាកពិសោធន៍គំរូ កង់សាធារណៈរយៈពេល ១២ ខែ បន្ទាប់មកធ្វើការវាយតម្លៃដើម្បីអនុវត្តជំហានបន្ទាប់។ ក្នុងដំណាក់កាលសាកពិសោធន៍នេះ វិនិយោគិននឹងផ្ដល់កង់ចំនួន ៣៨៨ គ្រឿង ដែលបានរៀបដាក់នៅតាមដងវិថីចំនួន ៤៣ នៅទីប្រជុំជន។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនអាចទាញយកកម្មវិធី Mobike ដោយស្មាតហ្វូន។ តាមរយៈកម្មវិធីនេះ អតិថិជនអាចស្កេនស្វែងរកនៅជុំវិញខ្លួន ដើម្បីដឹងថាកន្លែងណាមានកង់ ហើយស្កេនលេខកូដ ដើម្បីដោះសោរកង់ពេលប្រើប្រាស់ផងដែរ។

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ រូបសំណាកព្រះយេស៊ូធំបំផុត ទ្វីបអាស៊ីនៅខេត្ត Vung Tau។ នេះគឺជាគោលដៅដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 កន្លែងឲ្យជួលកង់ (រូបថត៖ internet)

លោកអ្នកនាងជាទីមេត្រី។ រូបសំណាកព្រះយេស៊ូ ឬហៅថារូបសំណាកព្រះត្រដាងដៃ គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះនៅខេត្ត Vung Tau។ ដោយស្ថិតនៅលើកំពូលភ្នំ Nho ទីក្រុង Vung Tau នោះ រូបសំណាក ព្រះយេស៊ូត្រូវបានសាងសង់ក្នុង ១៩៧៤។ រូបសំណាកព្រះយេស៊ូមានកម្ពស់៣២ ម៉ែត្រ តម្កល់លើផែនថ្ម មានរូបចម្លាក់សាវកទាំង១២រូប ប្រវែងដៃទាំងសងខាង គឺ ១៨,៤ ម៉ែត្រ។ ខាងក្នុងរូបសំណាក គឺជាជណ្តើរគូថខ្យង ដែលមាន១៣៣ កាំ។ ខាងក្នុងរូបសំណាកអាចផ្ទុកបានភ្ញៀវទេសចរចំនួន ១០០ នាក់ មកទស្សនាក្នុងពេលតែមួយ។ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ មជ្ឈមណ្ឌលបញ្ជីឯតទគ្គកម្មវៀតណាម (VietKings) បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ទាំង ១០ នៃឯតទគ្គកម្មឆ្នាំ២០១២ ក្នុងនោះ “រូបសំណាកព្រះយេស៊ូ Vung Tau” ត្រូវបានទទួលស្គាល់ថាជា “រូបសំណាកព្រះយេស៊ូធំបំផុតនៅអាស៊ី”។ បើធ្វើដំណើរមកទីនេះជាលើកដំបូង មិត្តប្រាកដជាមានអារម្មណ៍ផ្ញាក់ផ្អើល ពេលគយគន់រូបសំណាកព្រះយេស៊ូខ្ពស់ធំមួយ ឈរសន្ធឹងព្រមជាមួយទឹកមុខពេញទៅដោយភាពមេត្តា កំពុងបើករង្វង់ដៃឆ្ពោះទៅទិសសមុទ្រ។ ខាងក្នុងមានជណ្តើរគូថខ្យងនាំភ្ញៀវទេសចរឡើងទៅកាន់ទីតាំងករនៃរូបសំណាក ហើយធ្វើដំណើរចេញទៅដៃទាំងសងខាងនៃរូបសំណាក។ ភ្ញៀវទេសចរអញ្ជើញមកទីនេះ សុទ្ធតែចែករំលែកនូវចំណាប់អារម្មណ៍ពិសេស ពេលគយគន់ទេសភាពទាំងស្រុងនៃទីក្រុងសមុទ្រ Vung Tau ពីខាងក្នុងនៃដៃទាំងសង្ខាងរបស់រូបសំណាកផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។

ប្រតិកម្មទៅវិញ

ផ្សេងៗ