ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីនៅទូទាំងពិភពលោក។ក្នុងនោះកម្មវិធីផ្សាយជាភាសា ខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រនិងទូរស័ព្ទ មកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះយើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ដែលបានផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 1 មហាពិធីបុណ្យវិសាខបូជាឆ្នាំ២០១៩ (Vesak 2019)

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ក្នុងសប្តាហ៍កន្លងទៅ មិត្តអ្នកស្តាប់ Sokha Chan ដែលជា  មន្ត្រីទទួលបន្ទុកផ្នែកកិច្ចការបរទេសនៃក្រសួងធម្មការនិងសាសនាកម្ពុជា បានសរសេរសំបុត្រសំដែងនូវការចាប់អារម្មណ៍អំពីព័ត៌មានទាន់ហេតុការណ៍ជាភាសាខ្មែររបស់គណៈកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាម (VOV5) ដែលទាក់ទងនឹងមហាពិធីបុណ្យវិសាខបូជាឆ្នាំ២០១៩ (Vesak 2019) ដែលប្រព្រឹត្តទៅនៅវៀតណាមចាប់ពិថ្ងៃទី ១២ ដល់ ថ្ងៃទី ១៤ ខែឧសភា កន្លងទៅ។ ក្នុងសារនោះ មិត្តបានសរសេរថា៖ « មហាពិធីបុណ្យវិសាខបូជាឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងនៅវត្ត Tam Chuc ខេត្ត Ha Nam របស់វៀតណាម បានចាត់ទុកជាព្រឹត្តការណ៍វប្បធម៌ព្រះពុទ្ធសាសនាអន្តរជាតិដ៏ធំបំផុតកាលតាំងពីមុនមកម្ល៉េះ ដោយមានការចូលរួមរបស់តំណាងអន្តរជាតិចំនួន ១៦០០ នាក់ មកពីបណ្តាប្រទេសនិងតំបន់ចំនួន ១១០ នៅទូទាំងពិភពលោក។ ដោយធ្លាប់មានបទពិសោធន៍ជាប្រទេសម្ចាស់ផ្ទះរៀបចំឡើងមហាពិធីវិសាខបូជាអស់រយៈ ៣ លើកហើយនោះ វៀតណាមបានអះអាងពីការខិតខំប្រឹងប្រែងរបស់ខ្លួននិងសមិទ្ធិផលនានាស្តីពីការធានាសិទ្ធសេរីភាពក្នុងជំនឿសាសនា ព្រមទាំងជម្រុញជំនួបប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសាសនាផងដែរ។ ទន្ទឹមនឹងនេះ វៀតណាមក៏បានបញ្ជាក់ពីតួនាទីជាប្រទេសមួយដែលមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ក៏ដូចជាការគាំទ្ររបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការលើកស្ទួយសន្តិភាព ភាពសុខដុមរមនារវាងសាសនានិងខឿនវប្បធម៌ផ្សេងៗទៀតផងដែរ។»។  មិត្តអ្នកស្តាប់  Kim Rottana ជាទីមេត្រី! យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការវាតម្លៃរបស់មិត្តដែលបានផ្ញើរជូនដល់កម្មវិធី។ យើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពនូវព័ត៌មានឲ្យទាន់ហេតុការណ៍និងគុណភាពបំផុតទៀតដើម្បីផ្សាយជូនដល់មិត្តអ្នកស្តាប់ទាំងអស់នាពេលខាងមុខ។

ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 2ការប្រណាំងរថយន្ត F1 នៅទីក្រុងហាណូយ (Formular One Viet Nam Grand Prix) 

មិត្តអ្នកស្តាប់ Danet Thou ជានិស្សិតកម្ពុជាមួយរូបដែលកំពុងសិក្សានៅវិទ្យាស្ថានពាណិជ្ជាកម្មបរទេសហាណូយ មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីការប្រណាំងរថយន្ត F1 នៅទីក្រុងហាណូយ (Formular One Viet Nam Grand Prix)។ មិត្តអ្នកស្ដាប់ជាទីមេត្រី! ផ្លូវប្រណាំងរថយន្ត F1 នៅទីក្រុងហាណូយ និងហេដ្ឋារចនាសម្ព័ន្ធជំនាញផ្សេងៗទៀតត្រូវបានសាងសង់ឡើងនៅជំវិញទីលាននៃពហុកីឡាដ្ឋានជាតិ My Dinh ដោយមានទំហំផ្ទៃដីសុរប ៨៨ ហិកតា។ ផ្លូវប្រណាំងរថយន្ត F1 នៅទីក្រុងហាណូយមានប្រវែងក្នុងមួយជុំប្រមាណ ៥.៥៦៥ ម៉ែត្រ និងមានមុំផ្លូវបត់ចំនួន ២២ ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Tilke ប្រទេសអាល្លឺម៉ង់ សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Formular 1។ គួរបញ្ជាក់ថា នាថ្ងៃទី២០ខែមេសា កន្លងទៅ ព្រឹត្តិការណ៍ « ត្រៀមចាប់ផ្តើមការប្រណាំង  Formular One Viet Nam Grand Prix» បានប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិ My Dinh (ទីក្រុងហាណូយបានទទួលការគាំទ្រដ៏គគ្រឹកគគ្រេងពីប្រិយមិត្តវៀតណាម។ ព្រឹត្តិការ ណ៍នេះមិនត្រឹមតែជាការប្រណាំងកីឡាធំបំផុតនៅលើសកលោកនេះប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់តួនាទីនិងកំណត់ទីក្រុងហាណូយជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញសំរាប់ភ្ញៀវអន្តរជាតិទៀតផង ។

ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 3 ស្ពានកញ្ចក់ 5D ដំបូងបង្អស់មនៅស្រុក Moc Chau ខេត្ត Son La ប្រទេសវៀតណាម

ពីរដ្ឋធានីហាណូយ មិត្តអ្នកស្តាប់ឈ្មោះ Sitha Meng ជានិស្សិតកម្ពុជាដែលកំពុងសិក្សានៅមហាវិទ្យាល័យសំណង់ហាណូយ មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីស្ពានកញ្ចក់ 5D ដំបូងបង្អស់នៅវៀតណាម។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! ស្ពានកញ្ចក់យោងដោយខ្សែកាប រួមជាមួយមុខងារ 5D ដំបូងបង្អស់នៅវៀតណាម ឬហៅថា «ស្ពានកញ្ចក់នៃសេចក្តីស្រឡាញ់» ត្រូវបានសាងសង់នៅស្រុក Moc Chau ខេត្ត Son La។ ស្ពាននេះមានប្រវែងសរុប ១០០ ម៉ែត្រ ហើយត្រូវបានសាងសង់នៅកំពស់ ២២ ម៉ែត្រនិងមានទទឹង ២ ម៉ែត្រ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា  5D ដ៏ទំនើបបំផុតនៅលើពិភពលោក ដើម្បីបង្កើតឡើងឥទ្ធិពលពិសេសចំនួន ៣០ ផងដែរ។ នាពេលបច្ចុប្បន្ននេះ «ស្ពានកញ្ចក់នៃសេចក្តីស្រឡាញ់» នេះបាន បំបែកកំណត់ត្រាចំនួន ៣ នៅវៀតណាមរួមមានចង្កោមរូបភាពបេះដូងធំបំផុតនៅវៀតណាម (ដែលធ្វើដោយដែក) ទី២គឺសៀវភៅកំណត់អនុស្សាវរីយ៍នៃសេចក្តីស្រឡាញ់ធំបំផុតនៅវៀតណាម និងមួយទៀតគឺស្ពានដែលមានបង្គោលទ្រធំបំផុតនៅវៀតណាម។ ការបើកសម្ពោធស្ពានកញ្ចក់នេះបានរួមចំណែកបង្កើតឡើងផលិតផលទេចរណ៍ថ្មីគួរឲ្យទាក់ទាញនៅតំបន់ទេសចរណ៍ជាតិ Moc Chau ផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ