ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន 309 ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន 10។ 
ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ - ảnh 1 វាលសារ៉ាយសមុទ្រ

រាល់សំបុត្ររបស់មិត្តអ្នកស្ដាប់មកពីគ្រប់ទិសទីគឺជាប្រភពកម្លាំងលើកទឹកចិត្តដ៏ស្មោះសរ សម្រាប់យើងខ្ញុំ។ ជាបន្តទៅនេះ យើងខ្ញុំសូមចែករំលែកខ្លឹមសារនៃសំបុត្រមួយចំនួនរបស់មិត្តអ្នកស្ដាប់ក្នុងសប្តាកន្លងទៅ។ មិត្តអ្នកស្តាប់ Hamzaoui Rabie មកពីអាល់ហ្សេរីបានចែករំលែកថា៖ “ ខ្ញុំស្តាប់ VOV ជារៀងរាល់ថ្ងៃនៅលើវេបសាយ។ ខ្ញុំចូលចិត្តនាទីព្រឹត្តិការណ៍នយោបាយ វប្បធម៌ ប្រពៃណីរបស់វៀតណាម ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ស្រុកស្រែ។ នាទីទាំងនេះបានផ្ដល់ឲ្យខ្ញុំនូវព័ត៌មានអំពីវីវភាពរស់នៅរបស់បងប្អូនជនជាតិនៅតំបន់ព្រៃភ្នំភាគខាងជើង។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិរបស់មិត្តអ្នកស្ដាប់ជាច្រើន។ ក្នុងនោះ ប្រធានបទ COVID – 19 គឺទទួលបានចំណាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រិយមិត្ត។ ពីជប៉ុន មិត្តអ្នកស្ដាប់ Yutaka Takahashi បានសេសេរសំបុត្រថា “បច្ចុប្បន្ននេះ ជំងឺរាតត្បាត COVID-19 នៅតែមានការវិវឌ្ឍដ៏ស្មុគស្មាញនៅលើពិភពលោក។ វៀតណាមបានចាត់វិធានការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់ ហើយជាគំរូសម្រាប់ប្រទេសនានា។ ទន្ទឹមនឹងនេះ មិត្តអ្នកស្ដាប់ Sanil Deep មកពីឥណ្ឌាបានសួរអំពីផែនការបើកជើងហោះហើរអន្តរជាតិនៅវៀតណាម។

លោកអ្នកនាងជាទីមេត្រី។ កាលពីថ្ងៃទី ១២ ខែកក្កដា ខុទ្ទកាល័យរដ្ឋាភិបាលបានប្រកាសសេចក្ដីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19។ ជាក់ស្ដែង ចំពោះការបើកជើងហោះហើរអន្តរជាតិនោះ លោកនាយករដ្ឋមន្ត្រីបានយល់ព្រមស្ដារសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសរវាងវៀតណាមនិងចិនតាមការឯកភាពគ្នារវាងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងចិន។ ទន្ទឹមនឹងនេះ វៀតណាមនឹងធ្វើការជាមួយបណ្ដាប្រទេស ស្ដីពីការបើកជើងហោះហើរពាណិជ្ជកម្មរវាងវៀតណាម និងប្រទេសនានា និងទទួលពលរដ្ឋវៀតណាមតាមជើងហោះហើរអន្តរជាតិដូចជា កូរ៉េខាងត្បូង ជប៉ុន ចិន ឡាវ និងកម្ពុជា។ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានផ្សាយព័ត៌មានជាច្រើន អំពីស្ថានភាពជំងឺរាតត្បាត COVID – 19 ក៏ដូចជាបទពិសោធន៍ជោគជ័យរបស់វៀតណាម នៅលើគេហទំព័រ៖ vovworld.vn ។ សូមអញ្ជើញប្រិយមិត្តស្វែងយល់បន្ថែមណា។

ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់ - ảnh 2  វាលសារ៉ាយសមុទ្រ

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “ វាលសារ៉ាយសមុទ្រ” នៅខេត្ត Ninh Thuan ភូមិភាគកណ្តាលវៀតណាម ។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ គីមសែនសុខមានបំណងចង់ស្វែងយល់ផងដែរ។

មិត្តអ្នកស្ដាប់ គីម សែនសុខ និងប្រិយមិត្តជាទីមេត្រី។ គៅលដៅទេសចរណ៍ថ្មីនៅខេត្ត Ninh Thuanដែលទាក់ទាញភ្ញៀវទេសចរជាច្រើននាពេលថ្មីៗនេះគឺជាវាលសារ៉ាយសមុទ្រដែលមានចំងាយពីកណ្តាលទីក្រុង Phan Rang - Thap Cham ប្រហែល ១០ គីឡូម៉ែត្រ តាមទិសខាងត្បូង ដែលចំណុះភូមិ Tu Thien ឃុំ Phuoc Dinh ស្រុក Thuan Nam។ ស្ថិតនៅចុងផ្លូវតូចមួយ ដែលនាំចូលទៅក្នុងភូមិ Tu Thien គឺជាឆ្នេរសមុទ្រ ដែលមានវាលសារ៉ាយសមុទ្រធម្មជាតិ រំលេចពណ៌បៃតងដ៏ធំល្វឹងល្វើយ ដោយមានប្រវែងជាង ២ គីឡូម៉ែត្រ។ ដើម្បីទស្សនាទេសភាពដ៏ស្រស់បំព្រងធម្មជាតិ នៅវាលសារ៉ាយសមុទ្រនេះ អ្នកទេសចរត្រូវមកលេងឆ្នេរសមុទ្រនេះចាប់ពីម៉ោង ៤ ដល់ម៉ោង ៩ ព្រឹក។ នៅពេលទឹកជំនោរស្រក សារ៉ាយសម្រុទ្របានផុសចេញពីផ្ទៃទឹក ដោយតោងជាប់នឹងផ្ទាំងថ្ម និងគ្របដណ្តប់ពេញផ្ទៃសមុទ្រ ដែលបង្កើតជាពណ៌បៃតងធម្មជាតិដ៏ស្រស់ស្អាត។

លោកអ្នកនាងជាទីមេត្រី តើប្រិយមិត្តមានបំណងចង់ទទួលបានដំណើរទេសចរណ៍ដោយឥតគិតថ្លៃរយៈពេល ៥ ថ្ងៃមកកាន់វៀតណាមដែរឬអត់។ នេះគឺជារង្វាន់សម្រាប់អ្នកនិពន្ធ ចំនួន ៣ រូប ដែលមានអត្ថបទប្រឡងឆ្នើមបំផុត នៅពេលចូលរួមការប្រឡង “ តើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” ដែលរៀបចំឡើងដោយ VOV ចាប់ពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២០ និងបញ្ចប់នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០ ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានបំពេញបន្ថែមរង្វាន់លើកទឹកចិត្តមួយជូនប្រិយមិត្ត ដែលមានការចែករំលែកគួរឲ្យចាប់អារម្មណ៍អំពីជោគជ័យរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ផងដែរ។

ការកំណត់ សំនួរ និងរង្វាន់គួរឲ្យទាក់ទាញនៃការប្រលងនេះត្រូវបានយើងខ្ញុំបង្ហោះនៅលើគេហទំព័រ vovworld.vn ហើយ។ លោកអ្នកនាងអាចអញ្ជើញសាច់ញាតិ និងមិត្តភក្តិរបស់ខ្លួន ដើម្បីចូលរួមផងណា។ សូមផ្ញើអត្ថបទប្រឡង ឬសំនួរ មតិយោបល់ មកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល vov5khmer@gmail.com ។ យើងខ្ញុំនឹងឆ្លើយសំណួរទាំងអស់របស់លោកអ្នកនាង។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនៅសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ