English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

15°C - 22°C

បុណ្យតេតសែនបំពង់នាំទឹកដ៏វិសេសវិសាលរបស់ប្រជាជន Ca Dong

(VOVWORLD) - ជនជាតិ Ca Dong ជាក្រុមជនជាតិភាគតិច Xo-Dang ដែលរស់នៅភាគច្រើនស្រុក Nam Tra My ខេត្ត Quang Nam។ តាំងពីបុរាណកាលមក សហគមន៍ជនជាតិ Ca Dong តែងតែយកចិត្តទុកដាក់ដល់ប្រភពទឹក ដោយចាត់ទុកបំពង់នាំទឹកគឺជាប្រភពនៃការរស់ រានមានជីវិត។ ជារៀងរាល់ឆ្នាំ នៅចុងខែវិច្ឆិកានិងដើមខែធ្នូ ជាពេលវេលាបង្ហើយការប្រមូលផលស្រូវ បងប្អូនជនជាតិ Ca Dong នឹងប្រារព្ធពិធីសែនបំពង់នាំទឹក  ឬហៅម្យ៉ាងទៀតថា បុណ្យ តេតបំពង់នាំទឹក ជាមួយគោលបំណង ចង់ទទួលបានសេចក្តីប្រសើរបំផុតមកជាមួយអ្នកភូមិទាំងអស់គ្នា។

បុណ្យតេតសែនបំពង់នាំទឹកដ៏វិសេសវិសាលរបស់ប្រជាជន Ca Dong - ảnh 1សហគមន៍ជនជាតិ Ca Dong សម្ដែងការត្រេកអរបន្ទាប់ពីព្រះបានប្រទានទឹកមកវិញ (រូបថត៖ Khanh Nguyen/dantocmiennui.vn)

ប្រជាជនជនជាតិ Ca Dong តែងតែផ្តោតការយកចិត្តទុកដាក់លើប្រភពទឹក។ នៅពេលជ្រើសរើសតំបន់ដីសម្រាប់បង្កើតភូមិ ព្រឹទ្ធាចារ្យភូមិនឹងជ្រើសរើសដំបូងបង្អស់គឺប្រភពទឹក។  គេនឹងដាក់បំពង់នាំទឹក នៅខាងដើមភូមិ ដែលកន្លែងស្អាតជាងគេ។ ពិធីសែនបំពង់នាំទឹក ត្រូវបានធ្វើឡើងដោយពិធីដ៏ឧឡារិកបំផុត។

តាំងពីព្រឹកព្រលឹមមក បុរសនារីជនជាតិ Ca Dong រួមជាមួយព្រឹទ្ធាចារ្យនិងមេភូមិឃុំ Tra Don ស្រុក Nam Tra My ខេត្ត Quang Nam បានប្រមូលផ្តុំគ្នានៅផ្ទះកណ្តាលភូមិ។ គ្រប់ទីកន្លែងទាំងមូលគឺពោរពេញដោយ ពណ៌ចម្រុះ ដោយមានវត្ថុតុបតែងសម្រាប់ពិធីសែន។ ប្រជាជនក៏ស្លៀកសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌។ ក្នុងពេលសំឡេងគងឃ្មោះដ៏អ៊ូអរ ព្រឹទ្ធាចារ្យភូមិបានសូត្រមន្តធ្វើពិធីបួងសួង។

មុនពេលរៀបចំពិធីសែន ព្រឹទ្ធាចារ្យភូមិនឹងហៅយុវជនក្នុងភូមិ បោស សម្អាតផ្លូវថ្នល់ចូលទៅដល់កន្លែងដាក់បំពង់នាំទឹក។ គេនឹងពិនិត្យបំពង់នាំទឹកមើលទៅអាចនាំទឹកបានទេ ដើម្បី ជួសជុលឬដំឡើងបំពង់នាំទឹកថ្មី។ ព្រឹទ្ធាចារ្យភូមិ Nguyen Duc Thuong ឃុំ Tra Don ស្រុក Nam Tra My បានឲ្យដឹងថា៖ “ដំណាក់កាលទី១ គឺការត្រៀមរៀបចំ ការជួបជុំប្រជាជន ឈានដល់ការស្រុះចិត្តគំនិតក្នុងចំណោមអ្នកភូមិ ហើយព្រឹទ្ធាចារ្យភូមិជាអ្នកសម្រេចចិត្តធ្វើពិធីនៅថ្ងៃណា។ បន្ទាប់មកលោកក៏ចាត់ចែងអ្នកទៅកាប់ឈើ ជាពិសេសត្រូវកាប់ដើមឈើត្រង់ៗ បែងចែកជាក្រុម និងបង្ហើយការរៀបចំដើម Neu។ ទាក់ទងនឹងប្រភពទឹក ព្រឹទ្ធាចារ្យភូមិបានជួបសំណេះសំណាលជាមួយអ្នកភូមិ ហើយព្យាយាមប្រាប់ពួកគេឲ្យរក្សាអនាម័យសាធារណៈ។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យកាប់ឈើនៅតាមប្រភពទឹកទេ បើអ្នកណាមិនគោរពតាម អ្នកនោះនឹងត្រូវពិន័យ”។

បុណ្យតេតសែនបំពង់នាំទឹកដ៏វិសេសវិសាលរបស់ប្រជាជន Ca Dong - ảnh 2ជនជាតិ Ca Dong ចងខ្សែនីមួយៗជុំវិញកដៃរបស់ព្រឹទ្ធាចារ្យភូមិជានិមិត្តសញ្ញានៃជំនឿទុកចិត្តរបស់សហគមន៍ (រូបថត៖ Khanh Nguyen/dantocmiennui.vn)

ការដំឡើងដើម Neu គឺជាសកម្មភាពដើមដំបូង ហើយក៏ជាខ្លឹមសារសំខាន់មួយក្នុងពិធីសែននេះផងដែរ។ ដើម្បីដំឡើងបានដើម Neu មួយដើម បុរសក្នុងភូមិត្រូវតុបតែងយ៉ាងល្អិតល្អន់។ ពួកគេធ្វើការជាមួយគ្នាយ៉ាងរលូននៅតាមគ្រប់ដំណាក់កាល។ ក្រោយពីសែនព្រះគង្គាមក យុវជនក្នុងភូមិនឹងដាក់បំពង់នាំទឹកចុះជ្រោះដែលមានប្រភពទឹក ដើម្បីនាំទឹកមកដល់ភូមិ។ ពេលប្រភពទឹកចូលដល់បំពង់ទឹកក្នុងភូមិដែលនៅជាប់នឹងដើម Neu គ្រួសារនីមួយៗនឹងប្រើបំពង់ឫស្សីស្រង់ទឹកពីប្រភពទឹក ហើយយកមកដល់ផ្ទះ។

ខណៈពេលដែលបុរសជាអ្នកទទួលបន្ទុកតុបតែងដើម neu និងនាំយកទឹកពីប្រភពទឹកទៅកាន់បំពង់នាំទឹកនោះ ស្ត្រីនៅផ្ទះនឹងមើលការខុសត្រូវលើការចម្អិនអាហារ។ ពួកគេនឹងចម្អិនម្ហូបបែបប្រពៃណីដូចជា៖ អង្ករដំណើប នំស្នែងក្របី ឬបិតស្រាពាង។ អ្នកស្រី ហូ ធិ ហាំង ប្រជាជនម្នាក់នៅឃុំ  Tra Don ស្រុក Nam Tra My បានឲ្យដឹងថា៖ “ត្រៀមរៀបចំសម្រាប់ពិធីសែនបំពង់នាំទឹក គ្រួសារខ្ញុំបានត្រៀមធ្វើនំ ទៅកាប់បំពង់ឬស្ស៊ី និងដុតនំនៅយប់នេះ។ បំពង់ក៏ត្រូវបានប្រើសម្រាប់ចាប់ទឹកដែលហូរចុះមកពីប្រភពដែរ។ នេះជាទម្លាប់របស់អ្នកស្រុកនៅទីនេះ។ យកទឹកនេះធ្វើបាយ និងសាច់ជ្រូកសម្រាប់សែនបួងសួងសុំឲ្យមានឆ្នាំក្រោយរបររកស៊ីមានបានផលល្អ ហើយកូនៗមានលទ្ធភាពទៅសាលាគ្រប់គ្រាន់”។

លោក Dinh Van Vuong ប្រធានគណកម្មាធិការប្រជាជនឃុំ Tra Don បានអះអាងថា ពិធីសែនបំពង់នាំទឹក គឺបង្កប់ដោយអត្តសញ្ញាណនៃពិធីបុណ្យកសិកម្មដែលមានអាយុកាលយូរលង់ណាស់មកហើយ ឆ្លុះបញ្ចាំងពីជីវភាពសាសនារបស់ជនជាតិ Ca Dong ហើយប្រជាជននៅទីនេះប្តេជ្ញារក្សាទាល់ តែបាន។

“នេះជាឱកាសសម្រាប់ប្រជាពលរដ្ឋប្រមូលផ្តុំនិងផ្សព្វផ្សាយ វិធីការពារព្រៃ ឈើ ការពារប្រភពទឹក ការពារភូមិ ចែករំលែកគ្នាទៅវិញទៅមកអំពីការងារផលិតកម្ម ការចិញ្ចឹមសត្វជាដើម។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់ប្រជាជនជួបប្រាស្រ័យ ជូនពរគ្នាទៅវិញទៅមកក្នុងឆ្នាំថ្មី។ នាពេលខាងមុខ យើងនឹងបន្តលើកតម្កើងតម្លៃនៃពិធីបុណ្យនានា ដើម្បីថែរក្សាវប្បធម៌របស់ជនជាតិខ្លួន”។

ក្នុងនិន្នាការសមាហរណកម្មនាពេលបច្ចុប្បន្ន ការផ្លាស់ប្តូរវប្បធម៌រវាងបណ្តាជនជាតិបានបង្កឱ្យមានការផ្លាស់ប្តូរជីវភាពរស់នៅនិងវប្បធម៌របស់ប្រជា ជន ហើយការរក្សាពិធីសែនបំពង់នាំទឹកមានអត្ថន័យ រួមចំណែកក្នុងការរក្សាអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិនៅតំបន់ព្រៃភ្នំខេត្ត Quang Nam។  ទន្ទឹមនឹងនោះ គឺជាមូលដ្ឋានសម្រាប់ថែរក្សានិងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី សំដៅអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ រួមចំណែកអភិវឌ្ឍន៍ជីវភាពរស់នៅប្រចាំថ្ងៃនិងសង្គមមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ