ពិធីដាក់ឈ្មោះរបស់ជនជាតិម៉ុងនៅស្រុក Dong Van ខេត្ត Ha Giang

(VOVWORLD) - នៅស្រុក Dong Van ខេត្ត Ha Giang មានជនជាតិចំនួន ១៧ កំពុងរស់នៅ ក្នុងនោះជនជាតិម៉ុងស្មើនឹង ៨០% នៃចំនួនប្រជា ជនទាំងមូលក្នុងស្រុក។ ជនជាតិម៉ុងនៅទីនេះមានទំនៀមទម្លាប់ និងរបៀបរស់នៅដោយឡែករបស់ខ្លួន ដែលបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ ក្នុងនោះមានពិធីដាក់ឈ្មោះកូន។

ពិធីដាក់ឈ្មោះរបស់ជនជាតិម៉ុងនៅស្រុក Dong Van ខេត្ត Ha Giang  - ảnh 1ជនជាតិម៉ុងធ្វើពិធីនេះបន្ទាប់ពីត្រូវបានគេដាក់ឈ្មោះកណ្តាល (ឈ្មោះពេញវ័យ) (រូបថត៖ Hai Son/កាសែត Ha Giang)

នៅពេលដែលគូស្វាមីភរិយាប្រសូត្រកូន (មិនថាកូនទីមួយឬកូនទីពីរ) ពួកគេគឺត្រូវធ្វើពិធីដាក់ឈ្មោះកូន។ នៅពេលជ្រើសរើសបានថ្ងៃ ជាពេលវេលាល្អ គ្រួសារនឹងអញ្ជើញសមាជិកគ្រួសារ និងញាតិមិត្តមកចូលរួម ហើយពេលនោះគ្រួសារទើបដំណើរការពិធីដាក់ឈ្មោះកូន។ លោក Sung Mi Xay នៅឃុំ Sung Trai ស្រុក Dong Van បានឲ្យដឹងថា៖ “បន្ទាប់ពីកូនកើតមកគម្រប់ ៣ថ្ងៃ គ្រួសាររៀបចំពិធីហៅព្រលឹងស្វាគមន៍សមាជិកថ្មី និងដាក់ឈ្មោះទារក។ អ្នកដែលធ្វើពិធីហៅព្រលឹងទារក តែងតែជាមនុស្សចាស់   មនុស្សដែលយល់ពីទំនៀមទម្លាប់   ឬជាមេត្រកូល”។

ពិធីដាក់ឈ្មោះកូនចាប់ផ្តើមពីព្រឹកព្រលឹមជាមួយនឹងការសែនព្រេនដល់អារក្សអ្នកតាផ្ទះ។ តង្វាយសម្រាប់ពិធីដាក់ឈ្មោះអាស្រ័យលើស្ថានភាពរស់នៅជាក់ស្តែងរបស់គ្រួសារនីមួយៗ ប៉ុន្តែគ្រួសារម្តាយត្រូវអញ្ជើញឲ្យធ្វើជាសាក្សី។ លោក Sung Mi Say បានឲ្យដឹងថែមទៀតថា៖

“គ្រឿងដង្វាយសម្រាប់ពិធីហៅព្រលឹង  អង្ករមួយចាន ស៊ុតមាន់មួយគ្រាប់ ធូបមួយសរសៃនិងមាន់ឈ្មូលមួយក្បាល មាន់ឈ្មូលសម្រាប់ក្មេងប្រុស និងមាន់ញីមួយក្បាលសម្រាប់ក្មេងស្រី។ ពេលគ្រឿងដង្វាយមានគ្រប់គ្រាន់ ក្រុមគ្រួសារយកទៅដាក់តម្កល់នៅមុខខ្លោងទ្វារធំ ហើយចាប់ផ្តើមច្រៀងបទ ហៅព្រលឹង”។

តាំងពីបុរាណកាលមក ជនជាតិម៉ុងនៅស្រុក Dong Van តែងតែដាក់ឈ្មោះកូនដែលទើបនឹងកើត (មិនថាស្រី ឬប្រុស)  តាមសត្វតំណាងឆ្នាំទាំង ១២  ប៉ុន្តែ បើតាមលោក  Sung Mi Xay រាល់ការដាក់ឈ្មោះឲ្យកូន មិនថាផ្តល់ឲ្យដោយរបៀបណានោះទេ សុទ្ធតែមានអត្ថន័យជាក់ស្តែង៖ “ពិធីដាក់ឈ្មោះរបស់ជនជាតិម៉ុង មិនមែនគ្រាន់តែដាក់ឈ្មោះមួយប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជូនពរឲ្យកូនក្លាយជាមនុស្សជោគជ័យ មានសន្តិភាព និងមានសំណាងទៀតផង។ នៅក្នុងវប្បធម៌របស់ជនជាតិម៉ុង ការដាក់ឈ្មោះច្រើនតែផ្អែកលើលេខរៀង។ វិធីសាស្រ្តនេះច្រើនតែសម្រាប់ក្មេងប្រុស។ ឧទាហរណ៍ Tua នឹងជាកូនច្បង Lu ជាកូនទីពីរ Sang  ជាកូនទីបី Su  ជាកូនទី ៤ ហើយឈ្មោះ Cho ជាធម្មតាត្រូវបានបម្រុងទុកសម្រាប់កូនពៅក្នុងគ្រួសារ។ ការដាក់ឈ្មោះដោយផ្អែកលើសត្វតំណាងឆ្នាំទាំង ១២ នឹងត្រូវផ្អែកលើម៉ោងកើត ខែកំណើត និងឆ្នាំកំណើតសម្រាប់ដាក់ឈ្មោះ។ ឈ្មោះផ្កាត្រូវបានជ្រើសរើសដើម្បីដាក់ឈ្មោះក្មេងស្រី ឧទាហរណ៍ Pa ឬ Pang មានន័យថាផ្កាដ៏ស្រស់ស្អាត។ គេអាចដាក់ឈ្មោះវត្ថុដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិម៉ុងផងដែរ ឧទាហរណ៍ថា Van មានន័យថា ថាស Co មានន័យថា កន្ត្រក Dua មានន័យថាសិតសក់។ ដាក់ឈ្មោះតាមការជ្រើសរើសរបស់គ្រូអាចារ្យ ជាធម្មតានៅពេលកូនកើតមក ឬឈឺ ម្ចាស់ផ្ទះសុំឲ្យគ្រូសែនជ្រើសរើសឈ្មោះដែលសមបំផុត”។

ក្រៅពីដាក់ឈ្មោះទារកទើបនឹងកើត ជនជាតិម៉ុង នៅស្រុក Dong Van ក៏មានពិធីមួយទៀតដែរ ពោលគឺដាក់ឈ្មោះកណ្តាលដល់បុរសពេញវ័យ។ ពិធីឈ្មោះកណ្តាល (ឬឈ្មោះពេញវ័យ) នឹងធ្វើឡើងនៅពេលដែលគូស្វាមីភរិយាមានកូនដំបូង។ ពិធីត្រូវតែមានការយល់ព្រមពីភាគីទាំងពីរនៃគ្រួសារនៅពេលជ្រើសរើសឈ្មោះកណ្តាលសម្រាប់បុរស។ លើសពីនេះ ឈ្មោះកណ្តាលរបស់បុរសមិនត្រូវចំនឹងឈ្មោះកណ្តាលរបស់ឪពុក ឬបងប្អូនបង្កើតរបស់ខ្លួនឡើយ។ មុនពិធីនោះ ឪពុកក្មេងនឹងរៀបចំថាសដាក់តង្វាយ រួមទាំងមាន់មួយក្បាល និងស្រាមួយដប ដែលត្រូវដាក់នៅក្រោមអាសនៈ ដើម្បីសុំការអនុញ្ញាតពីដូនតា និងឪពុកម្តាយទាំងសងខាង សម្រាប់ការដាក់ឈ្មោះថ្មីឲ្យខ្លួន។ ក្រោយពីទទួលបានការយល់ព្រមដាក់ឈ្មោះថ្មី ឪពុកក្មេងបានបន្តពិធីលើកទី២។

យ៉ាងណាមិញ ពិធីដាក់ឈ្មោះកណ្តាលនេះ (ឈ្មោះពេញវ័យ) អាស្រ័យលើគ្រួសារនីមួយៗ ពោលគឺអាចត្រូវបានអនុវត្តស្របគ្នាជាមួយនឹងពិធីដាក់ឈ្មោះកូនដំបូង ឬអាចមានរយៈពេលពីរបីខែ ឬពីរបីឆ្នាំក្រោយមក។ មូលហេតុនៃពិធីនេះ គឺដោយសារជនជាតិម៉ុង មានជំនឿថា តាំងពីពេញវ័យ ដល់វ័យកណ្តាល ពួកគេត្រូវធ្វើពិធីប្តូរឈ្មោះកណ្តាល ដើម្បីបញ្ជាក់ថា ពួកគេជាបុរសដែលមានជីវភាពគ្រួសារស្ថិរភាព ឋានៈខ្ពង់ខ្ពស់ និងមានការគោរពក្នុងសហគមន៍។ លោក Ly Mí Pó បានឲ្យដឹងថា ឈ្មោះនេះនៅពេលក្រោយ មិនមែនសម្រាប់តែប្តីទេ ថែមទាំងសម្រាប់ប្រពន្ធទៀតផង៖

“អត្ថន័យនៃឈ្មោះកណ្តាលនេះគឺថា ពេលអ្នកចាស់ទៅ មានកូននឹងកត់ត្រាទុក និងគោរពបូជានៅលើអាសនៈ មានន័យថា បន្ទាប់ពីអ្នកលាចាកលោកទៅ ហៅតែឈ្មោះកណ្តាលប៉ុណ្ណោះ លែងហៅឈ្មោះលោក Pó ទៀតហើយ។ ឧទាហរណ៍ ខ្ញុំឈ្មោះ Sính Pó  ដូច្នេះចាប់ពីពេលនេះតទៅ គេនឹងហៅខ្ញុំថា លោក Sính  លោកស្រី Sính  មិនមែនថា លោក Pó ឬលោកស្រី Pó ទៀតទេ។ ឈ្មោះកណ្តាលមានអត្ថន័យខ្លាំងណាស់សម្រាប់កូនចៅជំនាន់ក្រោយដើម្បីសែនដូនតា”។

ល័ក្ខខ័ណ្ឌជ្រើសរើសឈ្មោះកណ្តាល (ឈ្មោះពេញវ័យ) ក៏តឹងរឹងណាស់សម្រាប់ជនជាតិ ម៉ុង នៅ Dong Van ។ មិនមែនបុរសគ្រប់រូបយកប្រពន្ធក៏ត្រូវបានគេដាក់ឈ្មោះពេញវ័យទេ  ពួកគេត្រូវតែមានកូនទើបបានដាក់ឈ្មោះកណ្តាល ហើយឈ្មោះនោះ ត្រូវតែបានជ្រើសរើសដោយប្រុងប្រយ័ត្ន និងមានអត្ថន័យ។

“ឈ្មោះកណ្តាលសុទ្ធតែមានអត្ថន័យខុសៗគ្នា ដោយបួងសួងប្រាថ្នាចង់ជួប តែសេចក្តីសុខ សេចក្តីចម្រើន ដល់ម្ចាស់គេហដ្ឋាន។ ឧទាហរណ៍ ឈ្មោះកណ្តាល Vả មានន័យថា ភាពពេញលេញ និងវិបុលភាព ឈ្មោះកណ្តាល No Chu មានន័យថា ភាពរីកចម្រើនក្នុងអាជីព ប្រាថ្នាកូនឱ្យក្លាយជាមនុស្សមានថ្នាក់។ ឈ្មោះកណ្តាល Nhia មានន័យថាផ្ទះដែលពោរពេញដោយទ្រព្យសម្បត្តិ, ជីវិតរុងរឿង”។

បន្ទាប់ពីដាក់ឈ្មោះកណ្តាលរួច សាច់ញាតិ និងអ្នកភូមិបានសប្បាយរីករាយជូនស្រា ឪពុកក្មេងដែលត្រូវបានគេដាក់ឈ្មោះកណ្តាលម្តងទៀត ហើយចាប់ពីពេលនេះតទៅនឹងហៅគាត់តាមឈ្មោះពេញដោយការគោរព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ