វប្បធម៌ធ្វើម្ហូបនៅក្នុងពិធីបុណ្យ Katê របស់ជនជាតិចាម

(VOVWORLD) - សហគមន៍ជនជាតិចាមមានពិធីបុណ្យទានជាច្រើន។ ពិធីបុណ្យនិងពិធីសែននីមួយៗ សុទ្ធតែពាក់ព័ន្ធនឹងការដាក់គ្រឿងសែននីមួយៗ។ គ្រឿងសែនតំណាងឱ្យបំណងប្រាថ្នាសម្រាប់ភាពសុខសានត្រាន ការប្រមូលផលដ៏បរិបូរណ៍ និងវិបុលភាពសម្រាប់គ្រួសារទាំងអស់។ នៅពេលដែលពិធីបុណ្យ Katê ត្រូវបានប្រារព្ធឡើង ជាពេលវេលាដែលជនជាតិចាម បង្ហាញពីការគោរពបូជារបស់ពួកគេ ចំពោះព្រះអាទិទេព តាម រយៈគ្រឿងសែនជាម្ហូបអាហារដ៏ពិសេសរបស់ខ្លួន។  
វប្បធម៌ធ្វើម្ហូបនៅក្នុងពិធីបុណ្យ Katê របស់ជនជាតិចាម - ảnh 1ពិធីសែនបុព្វបុរសក្នុងពិធីបុណ្យ Katê (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

វប្បធម៌ម្ហូបអាហាររបស់ជនជាតិចាមគឺផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការគោរពបូជា។ សិប្បករធ្វើម្ហូប និងចុងភៅជនជាតិចាម តែងតែបង្ហាញជំនាញ ដើម្បីចម្អិនឡើងមុខម្ហូបឆ្ងាញ់ៗដែលជាលក្ខណៈរបស់ជនជាតិចាម ក្នុងអំឡុងពេលពិធីបុណ្យ Katê។

ក្នុងអំឡុងពេលពិធីបុណ្យ Katê ម្ហូបប្រពៃណីរបស់ជនជាតិចាមគឺជារបស់ដែលត្រូវតែមានដូចជា៖ បាយ ស៊ុបត្រីជាមួយប៉េងប៉ោះ សាច់មាន់ស្ងោរ ផ្លែឈើ ស្រា ស្លាម្លូ តែ បាយដំណើបចេក និងនំប្រពៃណីមួយចំនួន ដូចជានំខ្ញី នំបាញ់តែត នំបាញ់អ៊ីត នំសាកាយ៉ា...។

ចែករំលែកអំពីភាពប្លែករបស់នំខ្ញី អ្នកស្រី ង្វៀន ធីសាន មកពីឃុំហុងថៃ (ជាស្រុកបាក់ប៊ិញ ខេត្តប៊ិញធ្វួនចាស់) ដែលឥឡូវជាខេត្តឡឹ ដុង បាននិយាយថា៖ “អំឡុងពេលអំណរបុណ្យតេតប្រពៃណីគឺមិនអាចខ្វះបាននំខ្ញីឡើយ។ គ្រឿងផ្សំសម្រាប់នំខ្ញីរួមមាន៖ ទីមួយ ស៊ុត; ទីពីរ ម្សៅអង្ករដំណើប; និងទីបី ស្ករ។ ចំពោះរសជាតិ ខ្ញី និងវ៉ានីឡាត្រូវតែបន្ថែមទៅក្នុងនំដើម្បីឱ្យវាមានក្លិនក្រអូប។ ពោលគឺ នំខ្ញីគឺមិនអាចខ្វះបានក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណី; មិនថាធ្វើអ្វីៗក៏ដោយ អ្នកត្រូវតែមាននំខ្ញីដើម្បីជាដង្វាយដាក់ជូនជីដូនជីតាផងដែរ”។

វប្បធម៌ធ្វើម្ហូបនៅក្នុងពិធីបុណ្យ Katê របស់ជនជាតិចាម - ảnh 2នំប្រពៃណីក្នុងពិធីបុណ្យ Katê របស់ជនជាតិចាម ដូចជានំខ្ញី នំបាយដំណើប   នំសាកាយ៉ា.... (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

ម្ហូបដែលត្រូវបានរៀបចំក្នុងពិធីបុណ្យ Katê ទាំងអស់សុទ្ធតែមានអត្ថន័យពិសិដ្ឋ ហើយកើតចេញពីជំនឿថា គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត និងការងាររបស់សហគមន៍ ត្រូវបានជះឥទ្ធិពលដោយបុព្វបុរស។ ដូច្នេះ ជនជាតិចាមដាក់ជូនបុព្វបុរសរបស់ពួកគេនូវម្ហូប និងនំដែលពួកគេធ្វើ ជាចម្បងដើម្បីបួងសួងសុំព្រះអាទិទេពប្រទានពរឲ្យសុខភាពល្អ ជោគជ័យគ្រប់ការងារ រដូវអំណោយផល ខណៈពេលដែលក៏បង្ហាញពីការគោរពបូជាចំពោះបុព្វបុរស ស្របតាមប្រពៃណីផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម។

ជាពិសេស សាច់ពពែឆ្អិន និងស៊ុបសាច់ពពែដែលបម្រើជាមួយបន្លែចម្រុះ  ត្រូវបានដាក់ជូនតែដល់ទេវតានៅតាមវត្តអារាម និងប៉មប៉ុណ្ណោះ។ ម្ហូបទាំងនេះមិនត្រូវបានអនុញ្ញាតឱ្យសែនក្នុងអំឡុងពេលពិធីបុណ្យ Katê នៅក្នុងគ្រួសារនីមួយៗទេ។ លោកស្រី វ៉ាន់ ធី គីម ថាញ់ មកពីឃុំបាក់ប៊ិញ ខេត្តឡឹដុង បាននិយាយថា៖ “នំខេក ១០ ថាស ម្ហូបឆ្ងាញ់ៗ ១០ ថាស រួមមាន៖ ស៊ុប ត្រីអាំង ត្រីខរ ស៊ុបមាន់ និងបាយ - នោះជាម្ហូបត្រួវតែមាន។ ឥឡូវនេះ ជនជាតិចាមបានអភិវឌ្ឍន៍សេដ្ឋកិច្ច ពួកគេអាចដាក់តាំងបង្ហាញបានច្រើនជាងនេះ ប៉ុន្តែម្ហូបជាមូលដ្ឋាននៅតែជាម្ហូបទាំងនោះ។ គ្រួសារខ្លះបន្ថែមម្ហូបដូចជា ការី ឬទាស្ងោរ... អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារនីមួយៗ”។

លោក ឡឹម តាន់ ប៊ិញ មកពីឃុំបាក់ប៊ិញ ខេត្ត ឡឹម ដុង បាននិយាយថា ទន្ទឹមនឹងការចងចាំពីប្រភពដើម និងគុណសម្បត្តិរបស់បុព្វបុរស អត្ថន័យនៃការដាក់តាំងគ្រឿងសែនសម្រាប់ពិធី Kate នៅក្នុងគ្រួសារ និងត្រកូលនីមួយៗ ក៏មានអត្ថន័យបង្ហាញពីភាពស្មោះត្រង់របស់អ្នកម្តាយ និងកត្តាញ្ញូរបស់កូនៗចំពោះការចិញ្ចឹមបីបាច់របស់លោកឪពុកផងដែរ។

“នៅក្នុងគ្រឿងដង្វាយរបស់ជនជាតិចាម មានគោលគំនិតឋានានុក្រម ហើយពួកគេបង្ហាញ យ៉ាងស្រស់ស្អាត និងប្រកបដោយសិល្បៈ។ នៅក្នុងប្រពៃណីចាម ត្រូវបានគេហៅថា 'tapei nung la sakaya angak'។ នៅថ្ងៃបុណ្យ Katê ជនជាតិចាមក៏បង្ហាញដើម្បីគោរពដល់ប្រព័ន្ធមាតាធិបតេយ្យផងដែរ។ ដោយសារតែ sakaya តំណាងឱ្យគោលការណ៍ស្ត្រី វាមានរាងមូលដូចផែនដី។ គោលការណ៍ស្ត្រីគឺនៅខាងក្រោម ខណៈពេលដែល Tapei nung វែងតំណាងឱ្យគោលការណ៍បុរស ប៉ុន្តែវាត្រូវតែដាក់នៅខាងក្រោម ពីព្រោះយោងទៅតាមប្រព័ន្ធមាតាធិបតេយ្យ ភាពស្មោះត្រង់របស់ស្ត្រីត្រូវបានគោរព ខណៈពេលដែលបុរសជនជាតិចាមខិតខំធ្វើការ និងលះបង់ដើម្បីបម្រើ។ នោះហើយជាមូលហេតុដែលពួកគេរៀបចំ ជា 'tapei nung la sakaya angak”។

វប្បធម៌ធ្វើម្ហូបនៅក្នុងពិធីបុណ្យ Katê របស់ជនជាតិចាម - ảnh 3នំខ្ញីតែងតែធ្វើដោយបាតដៃអ្នកម្តាយនិងជីដូនដែលមានបទពិសោធន៍ (រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ)

Katê គឺជាពិធីបុណ្យប្រចាំឆ្នាំដ៏សំខាន់របស់ជនជាតិចាមដែលកាន់សាសនាព្រាហ្មណ៍នៅក្នុងខេត្តពីរគឺ ឡឹមដុង និងខាញ់ ហ័រ។ ពិធីបុណ្យ Katê ត្រូវបានប្រារព្ធឡើងនៅដើមខែកក្កដា យោងតាមប្រតិទិនចាម ដើម្បីរំលឹកដល់ការចូលរួមចំណែករបស់បុព្វបុរសរបស់ពួកគេ។ ពិធីបុណ្យ Katê ធ្វើឡើងជាបន្តបន្ទាប់ពីវត្តអារាមទៅភូមិ និងចុងក្រោយដល់ក្រុមគ្រួសារ។

ពិធីបុណ្យ Katê ឆ្លុះបញ្ចាំងយ៉ាងច្បាស់បំផុតអំពីទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ និងសិល្បៈ ដែលមានលក្ខណៈវប្បធម៌ពិសេសរបស់ សហគមន៍ជនជាតិចាមពេញមួយប្រវត្តិសាស្ត្រ។ ខ្លឹមសារទាំងនេះត្រូវបានជនជាតិចាមប្រមូលផ្តុំទៅជាវប្បធម៌ពិសេសរបស់ពួកគេ។ វប្បធម៌ធ្វើម្ហូបគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃពិធីបុណ្យ Katê និងរួមចំណែកដល់លក្ខណៈពិសេសនៃពិធីបុណ្យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ