ASEP-១១ អនុម័តលើសេចក្តីថ្លែងការណ៍រួម

(VOVWORLD) - គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានចូលរួមយ៉ាងសកម្មនិងបានរួមចំណែកនូវគំនិតជាច្រើននៅបណ្តាសម័យប្រជុំពិភាក្សា។

ASEP-១១ អនុម័តលើសេចក្តីថ្លែងការណ៍រួម - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ថ្លែងមតិចេញផ្សាយពីទីក្រុងហាណូយ (រូបថត៖ Kim Thanh/VOV)

នាយប់ថ្ងៃទី ១៦ ខែវិច្ឆិកា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ក្រោមអធិបតីភាពរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំបិទបញ្ចប់តាមប្រព័ន្ធអន ឡាញ។ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានចូលរួមយ៉ាងសកម្មនិងបានរួមចំណែកនូវគំនិតជាច្រើននៅបណ្តាសម័យប្រជុំពិភាក្សា។

ថ្លែងក្នុងពិធីបិទនេះ សហប្រធាន ASEP-11, ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សា គណៈប្រតិភូបានគាំទ្រយុទ្ធសាស្ត្រអាទិភាព និងគោលនយោបាយសំខាន់ៗ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាប័ន្ន និរន្តរភាព និងរឹងមាំជាងមុន ហើយស្នើចេញដំណោះស្រាយជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរតំបន់ក្នុងវិស័យជាច្រើន; លើកកម្ពស់រាល់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានអំពាវនាវឱ្យសភាសមាជិក ASEP ខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) តាមរយៈការផ្សព្វផ្សាយច្បាប់ និងគោលនយោបាយ ធានាឱ្យមានតុល្យភាពរវាងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការរក្សាបរិស្ថានប្រកបដោយចីរភាព។

កិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ពីភាពសមស្របនៃការទូតសភា និងភាពជាដៃគូអន្តរសភា ក្នុងការជំរុញសន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន ព្រមទាំងលើកទឹកចិត្តឱ្យមានអន្តរកម្មប្រកបដោយប្រសិទ្ធភាពរវាង ASEP និងវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM)។ សេចក្តីថ្លែងការណ៍រួមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនារួម ការកសាងទំនុកចិត្ត និងការប្រើប្រាស់ការទូតក្នុងការទប់ស្កាត់សង្គ្រាមនិងជម្លោះ។ ASEP-11 ស្នើឱ្យដៃគូរបស់ ASEM សហការគ្នាកាន់តែជិតស្និទ្ធក្នុងការផលិតនិងចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ ដើម្បីធានាបាននូវសិទ្ធិទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ ការសម្របសម្រួលសមកាលកម្ម រួមទាំងលើកកម្ពស់ការចាក់ថ្នាំបង្ការជំងឺកូវីដ ១៩ ដ៏ទូលំទូលាយនិងមានប្រសិទ្ធភាព ដើម្បីស្តារសេដ្ឋកិច្ចសង្គមតាមទិសរហ័ស ខ្លាំង និងគ្រប់ជ្រុងជ្រោយ។

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ASEP-11 នឹងត្រូវបានដាក់ជូនមេដឹកនាំនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM-13) នៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ