G20 ប្រកាសមូលនិធិ ១,៤ ពាន់លានដុល្លារដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនាពេលអនាគត

(VOVWORLD) - នៅថ្ងៃទី ១៣ ខែវិច្ឆិកា នៅមុនកិច្ចប្រជុំកំពូល G20 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ និង ១៦ ខែវិច្ឆិកា នៅកោះបាលី (ប្រទេសឥណ្ឌូនេស៊ី) មេដឹកនាំផ្នែកវេជ្ជសាស្រ្ត និងហិរញ្ញវត្ថុ នៃបណ្តាប្រទេសសមាជិក G20 បានប្រកាសមូលនិធិដែលមានតម្លៃ ១,៤ ពាន់លានដុល្លារ ក្នុងករណីដែលពិភពលោក ត្រូវឆ្លើយតបទៅនឹងជំងឺរាតត្បាតដូចជា COVID-19 នាពេលអនាគត។
G20 ប្រកាសមូលនិធិ ១,៤ ពាន់លានដុល្លារដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនាពេលអនាគត - ảnh 1ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានចាត់ទុកថា មូលនិធិចំនួន ១,៤ ពាន់លានដុល្លារ ដើម្បីដោះស្រាយជំងឺរាតត្បាតសកលគឺមិនគ្រប់គ្រាន់នោះទេ។ (ប្រភព៖ AFP)

មានប្រទេសចំនួន ២៤ បានចូលរួមនៅក្នុងការបរិច្ចាគមូលនិធិ ហើយនេះត្រូវបានចាត់ទុកថាជាលទ្ធផលដំបូងនៃកិច្ចប្រជុំកំពូល G20។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និងប្រធានធនាគារពិភពលោក (WB) លោក David Malpass បានប្រកាសអំពីមូលនិធិនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលប្រធានាធិបតីឥណ្ឌូនេស៊ីបានរៀបចំឡើង។

នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាក់ថា G20 បានយល់ព្រម ស្ថាបនាមូលនិធិខាងលើ ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនាពេលអនាគត។ ការបរិច្ចាគថវិកាសម្រាប់មូលនិធិនេះគឺប្រទេសសមាជិក G20 ប្រទេសផ្សេងទៀត និងអង្គការមនុស្សធម៌មួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ មូលនិធិចំនួន ១,៤ ពាន់លានដុល្លារនេះមិនគ្រប់គ្រាន់ទេ មូលនិធិដែលត្រូវការដើម្បីដោះស្រាយជំងឺរីករាលដាលនាពេលអនាគត អាចឈានដល់ ៣១ ពាន់លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ