G7 បានឯកភាព​លើ​សេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ធ្វើអាជីវកម្ម​និងអភិវឌ្ឍ AI

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Kyodo កាលពីថ្ងៃទី ១៨ ខែតុលា បានរាយការណ៍ថា មន្ត្រីនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បានយល់ព្រមលើសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ក្រុមអ្នកអភិវឌ្ឍណ៍បញ្ញាសិប្បនិម្មិត(AI) ជឿនលឿន ដោយសង្ឃឹមថានឹងកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធដូចជាការយាយី ព័ត៌មានមិនពិត និងការព្រួយបារម្ភអំពីសិទ្ធិឯកជន។

ក្រុម G7 ដែលរួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង កាណាដា និងអ៊ីតាលី បានពិភាក្សាអំពីភាពចាំបាច់នៃស្តង់ដារអន្តរជាតិដើម្បីទាញយកបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សដូចជា ChatGPT ដែលបង្កើតឡើងដោយក្រុមហ៊ុន OpenAI ជាដើម។

កាលពីមុន G7 បានព្រមានអំពីហានិភ័យដែលអាចបង្កឡើងដោយ AI រួមទាំងការយាយី ការញុះញង់ឱ្យមានការស្អប់ខ្ពើម និងការរំលោភបំពានលើអ៊ីនធឺណែត ក៏ដូចជាការគំរាមកំហែងដល់សុវត្ថិភាពរបស់កុមារ សិទ្ធិឯកជន និងហានិភ័យនៃកង្វះព័ត៌មាន។ G7 ក៏មានគោលបំណង ចងក្រង ក្រមប្រតិបត្តិអន្តរជាតិសម្រាប់អ្នកបង្កើតឧបករណ៍ AI ក៏ដូចជាការណែនាំសម្រាប់អ្នកផ្តល់សេវា AI និងអ្នកប្រើប្រាស់ ដើម្បីរារាំងការប្រើប្រាស់បច្ចេកវិទ្យាពាក់ព័ន្ធ សម្រាប់អំពើឧក្រិដ្ឋកម្ម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ