អ៊ីស្រាអែលបន្តបដិសេធការបង្កើតរដ្ឋប៉ាឡេស្ទីន
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសផ្លូវការជាលើកដំបូង ចំពោះបញ្ហានៃការបង្កើតរដ្ឋប៉ាឡេស្ទីនក្នុងនាមជារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថ្មី លោក Gideon Saar កាលពី១១ ខែវិច្ឆិកា បានឲ្យដឹងថា ការបង្កើតរដ្ឋប៉ាឡេស្ទីនគឺជាគោលដៅដែលមិនប្រាកដប្រជា ប្រសិនបើរដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើង វានឹងក្លាយជារដ្ឋនៃក្រុមហាម៉ាស ជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនត្រូវបានចុះបញ្ជីជាភេរវករដោយទីក្រុង Tel Aviv និងកំពុងស្ថិតក្នុងការប្រឈមមុខដាក់គ្នាដ៏បង្ហូរឈាមអស់រយៈពេលជាងមួយឆ្នាំ ជាមួយអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។
សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថ្មី ដែលបដិសេធការបង្កើតរដ្ឋប៉ាឡេស្ទីន ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានបញ្ជាក់ថា សន្តិសុខនិងស្ថិរភាពក្នុងតំបន់អាចសម្រេចបាន លុះត្រាតែបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព។
កុមារសម្រាកនៅម្ខាងផ្លូវ បន្ទាប់ពីត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis។ រូបថត៖ REUTERS |
នាថ្ងៃដដែលនោះ កិច្ចប្រជុំកំពូលអារ៉ាប់-ឥស្លាមបានចេញសេចក្តីថ្លែងការណ៍រួមមួយ ថោយថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងក្នុងប្រទេសលីបង់ ដោយគៀងគរការគាំទ្រពីអន្តរជាតិ ដើម្បីទប់ស្កាត់ការចូលរួមរបស់អ៊ីស្រាអែលនៅក្នុងអង្គការសហប្រជាជាតិ ក៏ដូចជាបានបញ្ជាក់ពីមជ្ឈភាពនៃបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍រួមបានថ្កោលទោសគោលនយោបាយដាក់ទណ្ឌកម្មជាសមូហភាពដែលអ៊ីស្រាអែលប្រដេញតាម ក៏ដូចជាការប្រើប្រាស់ការឡោមព័ទ្ធនិងភាពអត់ឃ្លានជាអាវុធប្រឆាំងនឹងជនស៊ីវិលនៅហ្គាហ្សា; ហើយបានថ្កោលទោសសភាអ៊ីស្រាអែលដែលបានអនុម័តលើច្បាប់ហាមប្រាមទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) របស់អង្គការសហប្រជាជាតិ ប្រតិបត្តិការនៅក្នុងប្រទេសនេះ៕