UNDP ប៉ាន់ប្រមាណថា ទួរគីបានរងការ​ខូចខាតជាង ១០០ ពាន់លានដុល្លារ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដី

(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទកាសែតតាមវីដេអូមួយ ពីទីក្រុង Gaziantep របស់ទួរគី នៅថ្ងៃទី ៧ ខែមីនាលោកស្រី Louisa Vinton មន្ត្រីម្នាក់នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានឲ្យដឹងថា ការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយរញ្ជួយដីកាលពីខែកុម្ភៈនៅប្រទេសទួរគី នឹងលើសពី ១០០ ពាន់លានដុល្លារ។
UNDP ប៉ាន់ប្រមាណថា ទួរគីបានរងការ​ខូចខាតជាង ១០០ ពាន់លានដុល្លារ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដី - ảnh 1Fatmagul អាយុ ១៩ ឆ្នាំ អង្គុយលើគំនរបាក់បែក ដែលកាលពីមុនជាផ្ទះរបស់ខ្លួន ថ្ងៃទី ៤ ខែមីនា។ (រូបថត៖ Reuters)

យោងតាមលោកស្រីបានឲ្យដឹងថា តួរលេខបណ្ដោះអាសន្ននេះគឺជាមូលដ្ឋានសម្រាប់ម្ចាស់ជំនួយកៀងគរជំនួយសម្រាប់ជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសទួរគីនិងស៊ីរីនៅក្នុងកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល នៅថ្ងៃទី ១៦ ខែមីនាខាងមុខ។ មន្ត្រី UNDP រូបនេះបានឲ្យដឹងថា ការចំណាយលើការកសាងឡើងវិញក្នុងតំបន់រងការបាក់បែកក្រោយគ្រោះរញ្ជួយដី នឹងខ្ពស់ជាងការខូចខាតដែលបានរៀបរាប់ខាងលើ។

នាថ្ងៃដដែលនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឲ្យដឹងថា ប្រទេសនេះនឹងផ្តល់ថវិកាចំនួនជាង ១០ លានដុល្លារ ដើម្បីជួយឧបត្ថម្ភទួរគីសាងសង់លំនៅដ្ឋានឡើងវិញសម្រាប់អ្នកនៅរស់រានមានជីវិតក្រោយគ្រោះរញ្ជួយដី។

គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើតឡើងនៅថ្ងៃទី ៦ ខែកុម្ភៈ បានឆក់យកអាយុជីវិតរបស់មនុស្សជាង ៤៦.០០០ នាក់នៅក្នុងប្រទេសទួរគី និងមនុស្សជាង ៦.០០០ នាក់នៅក្នុងប្រទេសស៊ីរីជិតខាង ហើយបានបំផ្លិចបំផ្លាញផ្ទះរាប់សែនខ្នង ទាំងស្រុង។ នេះគឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងតំបន់ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ