WHO ព្រមានថា ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកកំពុង​ខ្វះខាត់សេវាសុខភាពសំខាន់ៗ

(VOVWORLD) - នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយមុនសម័យប្រជុំជាន់ខ្ពស់ស្តីពីការគ្របដណ្តប់សុខាភិបាលសកល នៅថ្ងៃទី ២១ ខែកញ្ញាក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ (UNGA-៧៨) អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា បច្ចុប្បន្ននេះ ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកកំពុងខ្វះខាត់សេវាសុខភាពសំខាន់ៗ។
WHO ព្រមានថា ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកកំពុង​ខ្វះខាត់សេវាសុខភាពសំខាន់ៗ - ảnh 1អ្នកជំងឺដែលឆ្លងជំងឺអាសន្នរោគត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Port-au-Prince ប្រទេសហៃទី នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២។ រូបថត៖ AFP/TTXVN

របាយការណ៍ត្រួតពិនិត្យការគ្របដណ្តប់សុខាភិបាលសកល ឆ្នាំ ២០២៣ត្រូវបានអង្គការសុខភាពពិភពលោក (WHO) និងធនាគារពិភពលោក (World Bank) ចេញផ្សាយនៅមុនសម័យប្រជុំជាន់ខ្ពស់ស្តីពីសុខាភិបាលនៅទីក្រុងញូវយ៉ក។ យោងតាមរបាយការណ៍ ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក (៤,៥ ពាន់លាននាក់) កំពុងខ្វះខាត់សេវាសុខភាពសំខាន់ៗ ក្នុងនោះ ប្រហែល ២ ពាន់លាននាក់ពិបាកបង់ថ្លៃសេវាទាំងនេះ ហើយមនុស្សប្រហែល ១,៣ពាន់លាននាក់ប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រដោយសារពួកគេព្យាយាមទទួលបានសេវាសុខភាពជាមូលដ្ឋាន។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានព្រមានថា ជំងឺរាតត្បាត Covid-១៩ នាពេលថ្មីៗនេះ គឺជាការដាស់តឿនមួយថា ប្រទេសនានានឹងមិនអាចមានសង្គមនិងសេដ្ឋកិច្ចល្អបានទេ ប្រសិនបើបញ្ហាសុខភាពមិនត្រូវបានយកចិត្តទុកដាក់នោះ។ ដូច្នេះហើយ ប្រមុខ WHO អំពាវនាវឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសបង្កើនការប្តេជ្ញាចិត្តនយោបាយនិងជំរុញការវិនិយោគលើសុខាភិបាល៖ "ខ្ញុំសូមអំពាវនាវឱ្យប្រទេសទាំងអស់ អនុវត្តគោលនយោបាយហិរញ្ញវត្ថុសម្រាប់ការគ្របដណ្តប់សុខាភិបាលសកល តាមរយៈការបង្កើនវិនិយោគលើការថែទាំសុខភាពសំខាន់ៗ បុគ្គលិកសុខាភិបាល និងការការពារហិរញ្ញវត្ថុ  ដោយចាប់ផ្តើមពីអ្នកដែលងាយរងគ្រោះបំផុត"។

មជ្ឈដ្ឋានអ្នកជំនាញសុខាភិបាលប៉ាន់ស្មានថា ពិភពលោកត្រូវការវិនិយោគប្រហែល ២០០ ទៅ ៣២៨ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីលើកកម្ពស់សេវាសុខភាពសំខាន់ៗនៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យម។ ប្រសិនបើការវិនិយោគត្រូវបានអនុវត្តន៍នោះ ៩០% នៃសេវាសុខភាពសំខាន់ៗនៅក្នុងប្រទេសទាំងនេះ នឹងត្រូវបានធ្វើឱ្យប្រសើរឡើង ដោយជួយសង្រ្គោះអាយុជីវិតមនុស្សប្រហែល ៦០ លាននាក់បន្ថែមទៀតជារៀងរាល់ឆ្នាំ និងបង្កើនអាយុសង្ឃឹមជាមធ្យម ចំនួន ៣,៧ឆ្នាំបន្ថែមទៀត នៅឆ្នាំ ២០៣០៕


ប្រតិកម្មទៅវិញ

ផ្សេងៗ