កងទ័ពស៊ីរីដណ្តើមឡើងវិញតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្ត Idlib

(VOVWORLD) - អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា កងទ័ពស៊ីរីនាថ្ងៃទី ៥ ខែកុម្ភៈ បានដណ្តើមឡើងវិញទីក្រុងយុទ្ធសាស្ត្រ Saraqib។

នេះជាជ័យជម្នះថ្មីបំផុតនៅក្នុងយុទ្ធនាការរបស់កងទ័ពរដ្ឋាភិបាលស៊ីរីសំដៅវាយប្រហារទៅលើកងកម្លាំងឧទ្ទាមនៅក្នុងខេត្ត Idlib ភាគពាយព្យនៃប្រទេសនេះ។

យោងតាម SOHR កងទ័ពស៊ីរីបានចូលដល់ Saraqib បន្ទាប់ពីបណ្ដាក្រុមឧទ្ទាមបានដកខ្លួនចេញ។ នាបច្ចុប្បន្ននេះ កងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងប្រតិបត្តិការនៅទូទាំងទីក្រុងនេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ស៊ីរីបានជូនដំណឹងថា កងកម្លាំងរដ្ឋាភិបាលបានផ្តល់ឱកាសឲ្យខ្មាន់កាំភ្លើងឧទ្ទាមនៅក្នុងទីក្រុង Saraqib ដាក់អាវុធចុះចាញ់។

មុននោះ ប្រភពម័ត៌មានយោធាមួយនៅ Idlib បានឲ្យដឹងថា កងទ័ពស៊ីរីក៏បានដណ្តើមឡើងវិញតំបន់មួយចំនួនទៀតនៅខេត្ត Idlib រួមទាំង Tal Toukan ទៀតផង ដែលជាទីតាំងដាក់មូលដ្ឋានយោធារបស់តួកគីផងដែរ។ យោងតាមប្រភពព័ត៌មាននេះ កងកម្លាំងរដ្ឋាភិបាលស៊ីរីនឹងបន្តធ្វើសកម្មភាពនៅ Idlib រហូតដល់អាចធានាបានចរាចរណ៍ផ្លូវ ដែលតភ្ជាប់រវាងរដ្ឋធានី Damascus នៅភាគខាងត្បូងជាមួយខេត្ត Aleppo នៅភាគខាងជើងឆ្លងកាត់ខេត្ត Idlib ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ