កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - រុស្ស៊ី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន - នូវែលសេឡង់
(VOVWORLD) - នាថ្ងៃទី ៣១ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - រុស្ស៊ីនិងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - នូវែលសេឡង់។
តំណាងថតរូបទុកអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននិងរុស្ស៊ី (រូបថត៖ TTXVN) |
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - រុស្ស៊ីភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្តោតលើវិស័យអាទិភាពមួយចំនួនដូចជាប្រឆាំងភេរវកម្មសន្តិសុខថាមពលនិងការបង្កើនផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគជាដើម។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន - នូវែលសេឡង់ បណ្តាប្រទេសសមាជិកអាស៊ានបានអបអរសាទរចំពោះប្រទេសនូវែលសេឡង់ ដែលបានអនុវត្ត«យុទ្ធសាស្ត្រធនធានមនុស្ស» និង«យុទ្ធសាស្ត្រវិបុលភាព» ដើម្បីជម្រុញទំនាក់ទំនងជិតស្និទ្ធជាមួយអាស៊ាន។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីមួយចំនួន ដូចជាការអភិវឌ្ឍថាមពលកកើតឡើងវិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ការដឹកជញ្ជូនតាមជើងអាកាស ការវិនិយោគសេដ្ឋកិច្ចឌីជីថល កសិកម្មនិងនេសាទជាដើម។
តំណាងថតរូបទុកអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននិងនូវែលសេឡង់ (រូបថត៖ TTXVN) |
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថាវៀតណាមគោរពនិងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកអាស៊ានដើម្បី ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងមានផលប្រយោជន៍រួមរវាងអាស៊ាននិងប្រទេសរុស្ស៊ី ក៏ដូជារវាងអាស៊ាននិងប្រទេសនូវែលហ្សេឡង់ផងដែរ។ ទន្ទឹមនឹងនេះដែរ លោក Pham Binh Minh ក៏បានសំដែងនូវការព្រួយបារម្ភអំពីការប្រែប្រួលដ៏ស្មុគស្មាញលើបញ្ហាសមុទ្រខាងកើតផងដែរ។ បណ្តាប្រទេសក៏បានទទួលស្គាល់នូវការព្រួយបារម្ភរបស់វៀតណាម ដោយឯកភាពគ្នាផ្តោតការយកចិត្តទុកដាក់ និងគោរពតាមច្បាប់អន្តរជាតិ និងមានការអត់ធ្មត់ដោយចៀសវាងពីការធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ និងមិនផ្តល់ផលប្រយោជន៍ដល់កិច្ចប្រឹងប្រែងក្នុងការកសាងជំនឿទុកចិត្ត ព្រមទាំងគាំទ្រគោលជំហរ គោលការណ៍ និងតួនាទីរបស់អាស៊ានក្នុងការរួមចំណែកថែរក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ៕