កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូកបី

(VOVWORLD) -សេចក្តីថ្លែងការណ៍រួមបញ្ជាក់យ៉ាងច្បាស់លាស់ថាបណ្តាប្រទេសនានាសន្យាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្នែកលើគោលការណ៍ ព្រមទាំងប្រឆាំងជំទាស់នឹងលទ្ធិគាំពារនិយមគ្រប់ទម្រង់។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូកបី - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូកបី

រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្ដាប្រទេសអាស៊ីបានឯកភាពគ្នាពិចារណាអំពីការបញ្ជូលប្រាក់យ៉េនរបស់ជប៉ុន និងប្រាក់យន់របស់ចិនទៅក្នុងកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណជាមួយរូបិយប័ណ្ណដូល្លារអាមេរិក ក្នុងការខិតខំប្រឹងប្រែងទប់ទល់នឹង វិបត្តិហិរញ្ញវត្ថុ ដែលអាចកើតមានឡើង ព្រមទាំងច្រានចោលលទ្ធិគាំពារក្នុងបរិបទ ដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនមិនទាន់បញ្ចប់ឡើយ។

ក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយជប៉ុន ចិន និងកូរ៉េខាងត្បូង (អាស៊ានបូកបី) នាថ្ងៃទី២ ខែឧសភា នៅប្រទេស  Fiji នោះ អង្គប្រជុំបានចេញសេចក្ដី ថ្លែងការណ៍រួម ដោយសង្កត់ធ្ងន់លើការបំពេញបន្ថែមនូវប្រាក់យ៉េន និងប្រាក់យន់ទៅក្នុងកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណ គឺជា "ជម្រើស"សម្រាប់អនាគត។

អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ក្រោយពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុនលោក Taro Aso បានចាត់ទុកថា ផែនការពោលខាងលើនឹងជួយបង្កើនសមត្ថភាពទប់ទល់នាគ្រាបន្ទាន់ ដោយសារប្រទេសដែលកំពុងស្វែងរកការជំនួយអាចជ្រើសរើសប្រភេទប្រាក់ ដែលគេចង់បាន។

សេចក្តីថ្លែងការណ៍រួមបញ្ជាក់យ៉ាងច្បាស់លាស់ថាបណ្តាប្រទេសនានាសន្យាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្នែកលើគោលការណ៍ ព្រមទាំងប្រឆាំងជំទាស់នឹងលទ្ធិគាំពារនិយមគ្រប់ទម្រង់។ ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចតំបន់នោះ អង្គប្រជុំមានក្ដីសង្ឈឹមថា កំណើនសេដ្ឋកិច្ចរបស់បណ្ដាប្រទេសអាស៊ានបូកបី នឹងរក្សាស្ថិរភាព។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល អាស៊ានបូកបី បានប្រព្រឹត្តិទៅនៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លើកទី ៥២ នៅប្រទេស Fiji ចាប់ពីថ្ងៃទី ១ ខែឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ