កិច្ចប្រជុំអំពីកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវៀតណាមជាមួយសហភាពអឺរ៉ុប
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីវាយតំលៃអំពីលទ្ធផលនៃកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) នាពេលកន្លងទៅ ក៏ដូចជាដាក់ចេញទិសដៅជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
EU ជាទីផ្សារនាំចេញធំទី២របស់វៀតណាម ជាទីមកដល់របស់១៨%នៃបរិមាណទំនិញនាំចេញពីវៀតណាម។ ដោយទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៥០ពាន់លានដុល្លាអាមេរិកនាឆ្នាំទៅមិញ EU កំពុងជាដៃគូពាណិជ្ជកម្មធំទី៣របស់វៀតណាម។
សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការជាមួយ EU នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានលើកឡើងការលំបាកលំបិននៅសេសសល់មួយចំនួន ដូចជាការដែល EU ដាក់ “កាតលឿង” ទៅលើជលផលនាំចេញរបស់វៀតណាម ឬបញ្ហានានាទាក់ទិនដល់បរិយាកាសវិនិយោគ បែបបទរដ្ឋបាលនៅវៀតណាមផងដែរ។
នៅកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យក្រសួងពាក់ព័ន្ធនានាធ្វើការជាមួយសមត្ថកិច្ចរបស់ EU ដើម្បីជំរុញការចុះហត្ថលេខា អនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។ ពីនោះ បើកចេញលំហសហការដ៏ទូលំទូលាយជាងចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងភាគីទាំងពីរ៕