កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សិង្ហបុរីលើកទី១៤

(VOVWORLD) - កិច្ចសន្ទនានេះមានគោលបំណងវាយតំលៃឡើងវិញលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងទៅចាប់តាំងពីកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សិង្ហបុរីលើកទី១៣ (ខែវិច្ឆិកា ឆ្នាំ២០២២); ផ្លាស់ប្តូរ និងឯកភាពលើទិសដៅរួមនៃកិច្ចសហប្រតិបត្តិការលើវិស័យដែលមានការពារជាតិទ្វេភាគីនាពេលខាងមុខ។
កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សិង្ហបុរីលើកទី១៤ - ảnh 1កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សិង្ហបុរីលើកទី១៤ (រូបថត៖ VNA)

នារសៀលថ្ងៃទី៥ ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម (ទីក្រុងហាណូយ) លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Chan Heng Kee លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរីបានអញ្ជើញធ្វើជាសហប្រធានកិច្ចសន្ទនានយោបាយការពារជាតិវៀតណាម-សិង្ហបុរីលើកទី១៤។ កិច្ចសន្ទនានេះមានគោលបំណងវាយតំលៃឡើងវិញលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងទៅចាប់តាំងពីកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-សិង្ហបុរីលើកទី១៣ (ខែវិច្ឆិកា ឆ្នាំ២០២២); ផ្លាស់ប្តូរ និងឯកភាពលើទិសដៅរួមនៃកិច្ចសហប្រតិបត្តិការលើវិស័យដែលមានការពារជាតិទ្វេភាគីនាពេលខាងមុខ។

ក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពបន្ត ខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ ដោយផ្តោតសំខាន់លើវិស័យដូចជា៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បន្តសុក្រិតក្របខណ្ឌ និងយន្តការសហប្រតិបត្តិការ; ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាសនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា៖ សន្តិសុខតាមអ៊ីនធឺណិត ការផ្លាស់ប្តូរឌីជីថល វេជ្ជសាស្ត្រកងទ័ព ឧស្សាហកម្មការពារជាតិ ច្បាប់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងយន្តការពហុភាគី ដែលដឹកនាំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ (អាស៊ាន) តាមនោះរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមជ្ឈភាពរបស់អាស៊ាន។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកឧត្តមសេនីយឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើគោលជំហរឥតងាករេរបស់វៀតណាមគឺដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា លោកឧត្តមសេនីយឯក Hoang Xuan Chien និងលោក Chan Heng Kee បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ