ការនាំចេញរបស់វៀតណាមទៅអាមេរិកក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍សម្រេចបាន ១២៥-១៣០ ពាន់លានដុល្លារ

(VOVWORLD) - សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់វៀតណាម។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាម និងអាមេរិកសម្រេចបាន ១៣៥ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញរបស់វៀតណាមសម្រេចបាន ១២៣ ពាន់លានដុល្លារ កើនឡើង ២៣%; ការនាំចូលពីសហរដ្ឋអាមេរិកឡើងដល់១២ពាន់លានដុល្លារ កើន១៥%។

ផលិតផលនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិករួមមាន៖  ផលិតផលកសិកម្ម (កាហ្វេ គ្រាប់ស្វាយចន្ទី ម្រេច អង្ករ) សម្លៀកបំពាក់ ស្បែកជើង ជលផល (បង្គា ត្រីប្រា) និងគ្រឿងបន្លាស់អេឡិចត្រូនិច។

ទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស អាមេរិកគឺជាវិនិយោគិនធំមួយនៅក្នុងប្រទេសវៀតណាម ជាមួយនឹងគម្រោងលេចធ្លោដូចជា Intel (១,៥ ពាន់លានដុល្លារ) Amkor (១,៦ ពាន់លានដុល្លារ) និងការពង្រីកសាជីវកម្មដូចជា Synopsys, Nvidia និង Marvel ជាដើម។ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ វៀតណាមបានទាក់ទាញដើមទុន FDI ចំនួន ២៧,៧៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះសហរដ្ឋអាមេរិកក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍនិងការផ្លាស់ប្តូរបច្ចេកវិទ្យាខ្ពស់នៅក្នុងប្រទេសវៀតណាម។

សភាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាមេរិកជឿជាក់ថា ឆ្នាំ ២០២៥ សន្យាជាឆ្នាំនៃការអភិវឌ្ឍដ៏រឹងមាំក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិក ជាមួយនឹងទំហំនៃការនាំចេញសរុបត្រូវបានរំពឹងថា នឹងសម្រេចបាន១២៥ - ១៣០ ពាន់លានដុល្លារ។ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងឱកាសពីនិន្នាការពិភពលោក ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ ២០២៥ មិនត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងបន្តពង្រឹងតួនាទីរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ